ភ្នំពេញៈ រដ្ឋសភាកម្ពុជា និងក្រុមប្រឹក្សាសភាទឹកអាស៊ី (AAWC) បានពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយលើបញ្ហាទឹក ខណៈដែលប្រទេសជាច្រើនក្នុងតំបន់អាស៊ានកំពុងតែជួបប្រទះបញ្ហាទឹកទាំងនៅរដូវប្រាំង និងរដូវវស្សាដោយសារបញ្ហាប្រែប្រួលអាកាសធាតុ។
ការពិភាក្សានេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជានាថ្ងៃទី ២៣ ខែឧសភា ជាមួយនឹងលោក ចែ អ៊ីលប្យុន (Jae-il Byun) ប្រធាន AAWC ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ីលើកទី៥ នៅកម្ពុជាចាប់ពីថ្ងៃទី ២៣ ដល់ ២៥ ខែឧសភា ឆ្នាំនេះ។
លោកស្រី ឃួន សុដារី បានថ្លែងក្នុងឱកាសនោះថា នៅក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ និងការប្រែប្រួលសណ្តាប់ធ្នាប់ពិភពលោក សន្តិសុខស្បៀង គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាបាននូវការបម្រើជូនប្រជាជនក្នុងពេលដែលមានវិបត្តិសង្គ្រាមកើតឡើង។ ហេតុដូចនេះ សន្តិសុខទឹកពិតជាមានការពាក់ព័ន្ធទៅនឹងវិស័យជាច្រើនដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
លោកស្រីថ្លែងថា៖«ការគ្រប់គ្រង និងត្រួតពិនិត្យលើបរិមាណ និងគុណភាពទឹកទាមទារនូវការយល់ដឹងអំពីវិទ្យាសាស្រ្ត បរិស្ថាន សង្គម និងតម្រូវការរបស់មនុស្ស ជាពិសេស ការវិនិយោគលើការកសាងធនធានមនុស្ស បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធទឹក»។ នេះបើយោងតាមកំណត់ហេតុកិច្ចប្រជុំដែលផ្សព្វផ្សាយដោយរដ្ឋសភាកម្ពុជានាថ្ងៃទី២៣ ខែឧសភា។
លោកស្រីឃួន សុដារី ក៏បានថ្លែងអំណរគុណដល់លោកJae-il Byun ដែលបានបង្កើតស្ថាប័នអប់រំ និងវេជ្ជសាស្ត្រសម្រាប់ការអប់រំ និងពេទ្យស្ម័គ្រចិត្ត ដែលរួមមានអ្នកស្ម័គ្រចិត្តសម្រាប់សេវាអប់រំនៅអាស៊ី (VESA)សម្រាប់ការងារស្ម័គ្រចិត្តផ្នែកអប់រំនៅកម្ពុជា និងសម្រាប់ការពង្រឹងសមត្ថភាពជាតិ។ តាមរយៈគំនិតផ្តួចផ្តើមនេះ សាលាEwhaSrangនៅខេត្តកំពង់ស្ពឺ ត្រូវបានបង្កើតឡើង ដោយមានការផ្គត់ផ្គង់ទឹកស្អាតសម្រាប់សិស្សសាលានេះតាមរយៈជំនួយAAWC។
លោកស្រីបន្តថា សភាកម្ពុជាAAWCព្រមទាំងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការរិះរកវិធីសាស្រ្ត និងបច្ចេកទេស ដោះស្រាយបញ្ហាទឹក ដែលបាននិងកំពុងអនុវត្តក្នុងខេត្តកំពង់ស្ពឺ និងគម្រោងពង្រីកបន្ថែមទៀតទៅខេត្តកំពង់ធំ។ក្នុងនោះរួមមានការផ្គត់ផ្គង់ទឹកទៅកាន់ទីកន្លែងដែលខ្សត់ខ្សោយទឹក ការធ្វើទំនើបកម្ម និងសុខុមាលភាពទឹក ការគ្រប់គ្រងទឹកស្អាត និងការអប់រំប្រជាជនឱ្យយល់ដឹងបន្ថែមចំណេះដឹងពាក់ព័ន្ធនឹងទឹក។
លោកស្រីឃួន សុដារី បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងAAWCមានកំណើនល្អប្រសើរជាបន្តបន្ទាប់ផងដែរ។ លោកស្រីបានបញ្ជាក់ថា៖«រដ្ឋសភាសូមលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធពិនិត្យសក្តានុពលឱ្យអស់លទ្ធភាពក្នុងការបង្កើនការរិះរកដំណោះស្រាយ ផ្លាស់ប្តូរបទពិសោធន៍ ជំនាញ ចំណេះដឹង ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង២ឱ្យកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ចរួម និងវិបុលភាពសម្រាប់ប្រជាជនទាំង២»។
លោកJae-il Byunបានកត់សម្គាល់ថា៖«ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ ប្រទេសជាច្រើនក្នុងតំបន់អាស៊ានជួបប្រទះបញ្ហាទឹកទាំងនៅរដូវប្រាំង និងរដូវវស្សា។ នោះគឺគ្រោះទឹកជំនន់ និងកង្វះទឹកប្រើប្រាស់នៅរដូវរាំងស្ងួត»។ នេះបើយោងតាមកំណត់ហេតុដដែលនេះ។
លោកបានថ្លែងបន្តថា វេទិកាAAWCនេះនឹងប្រមូលផ្តុំនូវថ្នាក់ដឹកនាំ អ្នកធ្វើគោលនយោបាយ អ្នកជំនាញបច្ចេកទេសមកពីស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការពិភាក្សា និងរកដំណោះស្រាយផ្សេងៗលើបញ្ហាទឹក រួមមានការគ្រប់គ្រងធនធាន បរិមាណ និងគុណភាពទឹកផងដែរ៕