ភ្នំពេញៈ រដូវវស្សាបានមកដល់កាលពីដើមសប្ដាហ៍ទី២ នៃខែឧសភា កន្លងមក នេះជាមួយល្បាយទឹកភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានដោយកន្លែងនៅឡើយ។ ទោះយ៉ាងណា ក្រុមមន្ត្រីជំនាញនៅក្នុងវិស័យនេះបានណែនាំឱ្យកសិករក្នុងតំបន់ដែលមានភ្លៀងធ្លាក់ចាប់ផ្ដើមភ្ជួររាស់ ពង្រាបដីស្រែ ចម្ការរបស់ខ្លួនឱ្យបានល្អដើម្បីត្រៀមដាំដុះដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងទៀត។
លោក លី សែន ប្រធានការិយាល័យកសិកម្មស្រុកជលគិរី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងអំឡុងពេលនេះ កសិករគួរតែចាប់ផ្ដើមភ្ជួររាស់ ពង្រាបដីស្រែចម្ការឱ្យបានល្អ និងត្រូវជ្រើសរើសស្រូវពូជ រួមទាំងប្រភេទបន្លែទាំងឡាយណាដែលមានការធន់នឹងអាកាសធាតុ និងអាចទទួលផលក្នុងរយៈពេលខ្លី ដើម្បីដាំដុះនាដើមរដូវវស្សានេះ។
លោកបានបន្ថែមថា៖«យកល្អនៅដើមរដូវវស្សានេះ កសិករគួរដាំឪឡឹក ត្រសក់ស្រូវ សណ្ដែកបាយ ម្ទេស និងប៉េងប៉ោះ ព្រោះវាមិនត្រូវការទឹកច្រើននោះទេ ព្រមទាំងអាចទទួលផលក្នុងរយៈពេលត្រឹម៤៥ថ្ងៃប៉ុណ្ណោះ»។
បើតាមលោក លី សែន ក្រៅពីដំណាំរួមផ្សំទាំងនេះ កសិករក៏អាចដាំស្រូវស្រាល និងពោត ផងដែរ ដោយសារតែភូមិសាស្ត្រនៃស្រុកនេះ មានទីតាំងស្ថិតនៅជាប់តាមប្រព័ន្ធដៃទន្លេសាប ដែលអាចទាញទឹកយកទៅស្រោចស្រពបានទាន់ពេលវេលា ក្នុងករណីមានគ្រោះរាំងស្ងួតកើតឡើង នៅចន្លោះខែកក្កដា និងសីហា ខាងមុខ ដូចជាការព្យាករអាកាសធាតុលើកទី២ របស់ក្រសួងធនធានទឹកពិតមែននោះ។
លោកបានបន្តថា គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ កសិករបានដាំដុះស្រូវដើមរដូវវស្សា បានជាង ៩ ០០០ហិកតា ខណៈការដាំដំណាំរួមផ្សំ ដូចជា ឪឡឹក ត្រសក់ស្រូវ សណ្ដែកបាយ ម្ទេស និង ប៉េងប៉ោះ សរុប ជាង១ ០០០ហិកតា និងដំណាំឈូកបានជិត១០០ហិកតា។
លោក ប៊ិន សុផាន ប្រជាកសិករនៅភូមិគរជ្រុំ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គ្រួសាររបស់គាត់បានធ្វើទាំងស្រែ និងចម្ការ ដោយដីសម្រាប់ធ្វើស្រែដាំស្រូវ មានទំហំ២,៥ ហិកតា និងដីចម្ការសម្រាប់ដាំពោត និងឪឡឹក មានទំហំ១ហិកតា។
លោក សុផាន ដែលទើបប្រមូលផលស្រូវប្រាំង ហើយលក់ចេញកាលពី២សប្ដាហ៍មុន បានបន្តថា៖« នៅឆ្នាំនេះ ស្រូវរបស់ខ្ញុំឱ្យផលល្អ គឺ ៥,៥ តោនក្នុង១ហិកតា និងលក់បានតម្លៃ ១ ០៣០រៀល ក្នុង១គីឡូក្រាម។ ចំណែក ពោត និងឪឡឹក បានផលល្អដែរ ប៉ុន្តែតម្លៃធ្លាក់ចុះបន្តិចនៅក្នុងឆ្នាំនេះ»។
បើតាមលោក សុផាន ក្រោយការប្រមូលផលស្រូវរួច គឺគាត់តែងតែភ្ជួរដីកប់គល់ជញ្ជ្រាំងនិងបូមទឹកចាក់ ពន្លិច ដើម្បីឱ្យវារលួយ បន្ទាប់មក គាត់ចាក់ធ្យូងអង្កាមទៅក្នុងដីស្រែ ហើយភ្ជួរលុបម្ដងទៀត មុនពេលគាត់ពង្រាបដីនោះឱ្យស្មើ ដើម្បីសាបព្រោះគ្រាប់ពូជ ។ ដូចគ្នាដែរ ដីចម្ការពោត និង ឪឡឹករបស់គាត់ ក៏ត្រូវបានប្រើប្រាស់ចំបើង និងធ្យូងអង្កាម ដើម្បីបង្កើនជីជាតិដីផងដែរ។
ទោះជាបែបណាក៏ដោយ ការដាំដុះស្រូវស្រាល សម្រាប់ដើមរដូវវស្សានេះ គួរតែប្រុងប្រយ័ត្ន និង យកល្អអ្នកដែលមានដីស្រែឆ្ងាយពីប្រភពទឹក មិនគួរប្រញាប់ប្រញាល់ដាំដុះនោះទេ។ នេះបើសម្ដី របស់លោក សុទ្ធ គឹមកុលនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោកមានប្រសាសន៍ថា៖«ថ្វីបើនៅដើមរដូវវស្សានេះ តំបន់ខ្លះមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ប៉ុន្តែ វាមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងផលិតកម្មស្រូវនោះទេ ប្រសិនបើមានការដាំដុះច្រើនហួសប្រមាណ ពិសេសតំបន់ដែលស្ថិតនៅទីទួលដែលឆ្ងាយពីប្រភពទឹក អាចនឹងខាតបង់ ក្នុងករណីមាន គ្រោះរាំងស្ងួតកើតឡើង ដូចការព្យាករលើកទី២ របស់ក្រសួងធនធានទឹក និងឧតុនិយម»៕