ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលយកសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ក្រោយពីលោកបានស្នើឱ្យគណបក្សនេះ ធ្វើការពន្យល់ ពាក់ព័ន្ធនឹងលិខិតរបស់លោក ជា ប៉ូច ដែលជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍គណបក្សភ្លើងទៀន ដែលបានបរិយាយជាប់ពាក់ព័ន្ធជាមួយគណបក្សនេះ ប៉ុន្តែលោក ហ៊ុន សែន មិនទទួលយកការសុំទោសរបស់លោក ជា ប៉ូច ទេ។
ការប្រកាសទទួលយកសេចក្តីថ្លែងការណ៍ពន្យល់ពីគណបក្សភ្លើងទៀន របស់លោកនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងភ្លាមៗនៅយប់ថ្ងៃទី ២២ ខែឧសភា បន្ទាប់ពីគណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ និងតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ១៤ ខែឧសភា។
តាមរយៈតេឡេក្រាម លោក ហ៊ុន សែន លើកឡើងថា៖ «ខ្ញុំទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀនតាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃ ២២ ឧសភា ២០២៣ នេះ។ ខ្ញុំក៏មិនចង់មានរឿងវែងឆ្ងាយតទៅទៀតដែរ បើទោះជាខ្ញុំដឹងច្បាស់ថា អ្នកណាជាអ្នកបញ្ជាឱ្យធ្វើ និងទំនាក់ទំនងជាមួយគ្នាបែបណារវាងអ្នកនៅភ្នំពេញ និងអ្នកនៅបាងកកក៏ដោយ»។
លោកបន្តថា៖ «ពេលនេះនៅសល់តែរឿងបុគ្គល ជា ប៉ូច មួយប៉ុណ្ណោះ»។
សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនបានលើកឡើងថា ថ្មីៗនេះ លោក ហ៊ុន សែន បានបង្ហាញលិខិតចំហមួយច្បាប់ចុះថ្ងៃទី ១៤ ឧសភា ឆ្នាំ ២០២៣ ដែលត្រូវបានគេយល់ថា ជាលិខិតបដិសេធរបស់លោក ជា ប៉ូច ថា មានជាប់ពាក់ព័ន្ធជាមួយគណបក្សភ្លើងទៀន និងទាមទារឱ្យគណបក្សធ្វើការពន្យល់ ពាក់ព័ន្ធនឹងលិខិតនេះ។ គណបក្សភ្លើងទៀនបញ្ជាក់ថា គណបក្សពុំមានជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះលិខិតឬឯកសារនានាដែលចេញដោយរូបវន្តបុគ្គល រួមទាំងលិខិតចំហចុះថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ នេះផងដែរ។
គណបក្សភ្លើងទៀន ដែលជាគណបក្សប្រជាធិបតេយ្យ ជានិច្ចកាលតែងតែគោរពសិទ្ធិ និងការសម្រេចចិត្តរបស់មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ដោយពុំមានគោលការណ៍បង្ខិតបង្ខំ ឬបង្គាប់បញ្ជាឱ្យមន្ត្រីរបស់ខ្លួនធ្វើអ្វីមួយផ្ទុយពីគោលបំណង ឬឆន្ទៈរបស់សាមីខ្លួននោះឡើយ។ ជាមួយគ្នានេះ គណបក្សភ្លើងទៀន ក៏បានបញ្ជាក់នូវជំហររបស់ខ្លួនជាថ្មីម្ដងទៀតថា៖ «គណបក្សប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា និងសន្តិវិធី ក្នុងការធ្វើសកម្មភាពនយោបាយ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ជាធរមាននានា ពិសេសច្បាប់ស្តីពីគណបក្សនយោបាយ»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅថ្ងៃទី ២៣ ខែឧសភាថា បើពិនិត្យមើលសារឆ្លើយឆ្លង និងសេចក្តីថ្លែងការណ៍កន្លងមកនេះ ដែលមានទាំងលិខិតរបស់បុគ្គលជា ប៉ូចផងនោះបង្ហាញថា គណបក្សភ្លើងទៀន ហាក់គ្មានវិន័យ និងសណ្តាប់ធ្នាប់ ព្រមទាំងឆ្លៀតឱកាសនិយម ព្រោះនៅពេលដែលលោក ជា ប៉ូច មានកំហុសធ្ងន់ធ្ងរ បែរជាគណបក្សនេះរុញគាត់ចេញ។
លោកថ្លែងថា៖ «មួយវិញទៀតបើលោក ជា ប៉ូច ធ្វើទៅមានផលចំណេញដល់គណបក្ស គណបក្សនឹងទាញយកផលចំណេញនោះវិញ ដែលបញ្ហានេះ មិនគួរធ្វើនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សកម្មជន គណបក្ស ក៏ដូចជា គ្រោះថ្នាក់ដល់ជាតិប្រសិនបើក្នុងករណីគណបក្សនេះដឹកនាំជាតិទាំងមូលដោយសារតែមិនមានភាពនឹងនរនេះឯង»។
យោងតាមលិខិតចំហរបស់ លោក ជា ប៉ូច ផ្ញើជូនលោក ហ៊ុន សែន កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ បានប្រកាសបដិសេធ យ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយថា លោកមានបំណងផ្តួលរំលំលោក ហ៊ុន សែន។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន កាលពីទី ២១ ឧសភា ឆ្នាំ ២០២៣ បានបង្ហោះសារ តាមបណ្តាញទំនាក់ទំនងសង្គមរបស់លោកទាំងនៅលើហ្វេសប៊ុក និងតេឡេក្រាមថា លោកមិនទទួលយកការសុំទោស ពីលោកជា ប៉ូចទេ ព្រមទាំងបានឱ្យមេធាវីរបស់លោកត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ទាំង ២ ករណី ទាំងករណីលោក ជា ប៉ូចទាំងករណីលិខិតបដិសេធ រហូតដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ ដើម្បីលោកឱ្យជា ប៉ូច ធ្វើការសម្រេចចិត្ត និងគណបក្សធ្វើការបកស្រាយពីលិខិតបដិសេធ៕