ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានធ្ងន់ៗទៅដល់បណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា ឱ្យបញ្ឈប់កិច្ចអន្តរាគមន៍ជួយដល់អ្នកជាប់ទោស និងរក្សាភាពស្ងៀមស្ងាត់ ចាប់ពីពេលនេះរហូតទៅដល់ពេលការបោះឆ្នោត ដោយទុកឱ្យកម្ពុជាប្រើប្រាស់នូវវិធានក្នុងស្រុកដើម្បីដោះស្រាយបញ្ហាប្រជាធិបតេយ្យរបស់ខ្លួន។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី ២៣ ខែឧសភា លោក ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតនៅចំពោះមុខបណ្តាអង្គទូតនានាដែលមានទីស្នាក់ការនៅកម្ពុជា និងដែលបានចូលរួមក្នុងពិធីនោះថា លោកមិនអាចទុកចិត្តបណ្តាអង្គទូតបរទេសនោះទេព្រោះធ្វើការជាមួយលោកហើយ តែបែរជាទៅធ្វើការជាមួយអ្នកមានទោសទៅវិញ។
ត្រង់ចំណុចនេះ លោក ហ៊ុន សែន បានស្នើដល់បណ្តាអង្គទូតទាំងនោះសូមកុំបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រមទាំងត្រូវរក្សាភាពស្ងៀមស្ងាត់ព្រោះជិតដល់ថ្ងៃដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣។
លោកថ្លែងថា៖ «យើងនិយាយគ្នាដោយត្រង់ៗ ព្រោះជិតបោះឆ្នោតហើយ អស់លោកអាចស្រែកពីលិចស្រែកពីកើត។ អ៊ីចឹង! វារំខានដល់ពួកខ្ញុំដែរ អាហ្នឹងខ្ញុំត្រូវតែហ៊ាននិយាយ ព្រោះជួបមុខគ្នាហើយ! កុំឱ្យថា លោក ហ៊ុន សែននិយាយបានតែពីក្រោយខ្នង តែនិយាយពីក្រោយខ្នងនិយាយដាក់មេក្រូ»។ បន្ថែមពីនេះលោកនាយករដ្ឋមន្ត្រី ក៏បានបង្ហាញភាពធុញទ្រាន់ នឹងការជ្រៀតជ្រែកពីប្រទេសខាងក្រៅដោយលោកចាត់ទុកថា ដោយសារតែមានការជ្រៀតជ្រែកពីបរទេស កាលពីអតីតកាលនេះហើយទើបធ្វើឱ្យប្រជាជនខ្មែរស្លាប់អស់រាប់លាននាក់។
លោកបានចោទសួរថា៖ «ហេតុអ្វីបានជាចូលចិត្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសរដ្ឋអធិបតេយ្យមួយនេះម្លេ៉ះ? សុំមើលកម្ពុជាឱ្យឆ្ងាយជាងកម្ពុជា ព្រោះកម្ពុជាមានសិទ្ធិតួនាទីនៅក្នុងអាស៊ាន។ អ្នកឯងមានសិទ្ធិមិនជឿខ្ញុំ ហើយខ្ញុំក៏មានសិទ្ធិមិនជឿអ្នកឯងដែរ។ អ៊ីចឹងដូចករណីតុលាការកាត់ទោស (កឹម សុខា) រឿងអីខ្ញុំត្រូវលើកលែងទោស ដោយសារខ្ញុំមិនជឿទុកចិត្តពួកបរទេសដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្ញុំ»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ២៣ ខែឧសភា ថា ប្រសិនបើអ្នកនយោបាយកម្ពុជានៅតែទាញបរទេសចូលនៅក្នុងកិច្ចការនយោបាយផ្ទៃក្នុងរបស់ខ្លួន មិនត្រឹមតែរំលោភរដ្ឋធម្មនុញ្ញទេ វាធ្វើឱ្យប្រទេសកម្ពុជាបាត់លំនឹង ដូចកាលនៅក្នុងសម័យសង្គ្រាមត្រជាក់។ កម្ពុជាត្រូវតែរក្សាលំនឹងខ្លួនឯង កុំទាញបរទេសចូលពាក់ព័ន្ធគឺមិនមែនជាការល្អទេ។
លោកបន្ថែមថា៖ «ប្រសិនបើយើងពិនិត្យមើលនៅក្នុងនយោបាយប្រទេសជិតខាង គេបានប្រកាន់នូវឥរិយាបថនេះបានល្អ។ គេមិនអូសទាញអ្នកបរទេសចូលពាក់ព័ន្ធទេ ថៃជាដើមបោះឆ្នោតហើយថ្មីៗនេះ»។
លោក យង់ ពៅ បន្តថា៖ «អ៊ីចឹងដូចគ្នាដែរ ការអំពាវនាវទៅដល់បរទេសដើម្បីចៀសវាងការពាក់ព័ន្ធទៅអ្នកនយោបាយនេះគឺដើម្បីបង្ការទប់ស្កាត់ក្រែងលោអ្នកនយោបាយកម្ពុជាទៅផ្សារភ្ជាប់ខ្លួនទៅនឹងបរទេស ពីព្រោះយើងដឹងហើយថា ប្រជាពលរដ្ឋយើងជាម្ចាស់ឆ្នោតហ្នឹងមានគេហៅថា ជំងឺបរទេសនិយម។ បានអ្នកនយោបាយផ្សារភ្ជាប់ខ្លួនទៅបរទេសនេះ បរទេសនោះទៅ ធ្វើឱ្យគាត់មានការលំអៀងទៅលើការសម្រេចចិត្តអីជាដើម អាហ្នឹងរឿងមួយ។ រឿងមួយទៀត គឺវាបាត់លំនឹងនយោបាយការបរទេសខ្លួនឯង និងរំលោភធម្មនុញ្ញទៅទៀត»។
ជាមួយគ្នានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ ថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺថ្លែងក្នុងនាមជានាយករដ្ឋមន្ត្រីនៃរដ្ឋអធិបតេយ្យមួយដែលមិនចង់មើលឃើញការជ្រៀតជ្រែកពីសំណាក់រដ្ឋខាងក្រៅមកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាដែលជារដ្ឋអធិបតេយ្យ ហើយថា «ពីព្រោះកន្លងមក យើងឃើញជាក់ស្ដែង មានទូតបរទេសមួយចំនួនពិតប្រាកដបានដើរហួសពីតួនាទីរបស់អ្នកការទូតត្រូវធ្វើ និងគួរធ្វើ ជាពិសេសគឺការពាក់ព័ន្ធជាមួយនឹងអ្នកដែលត្រូវបានចោទប្រកាន់ ឬក៏ត្រូវបានផ្តន្ទាទោសនៅតុលាការ ក៏ប៉ុន្តែការមើលឃើញខុសគ្នារវាងរដ្ឋាភិបាលកម្ពុជានិងតំណាងទូតបរទេសជុំវិញបទល្មើសនីមួយៗដែលនាំឱ្យមានការបកស្រាយខុសគ្នា»។
លោកបន្ថែមថា កន្លងមកទូតបរទេសមួយចំនួនហាក់ដូចជាដាក់លក្ខខណ្ឌនៃទំនាក់ទំនងការទូតរវាងកម្ពុជាជាមួយប្រទេសរបស់ខ្លួនត្រឹមតែជាការដោះដូរជាមួយនឹងអ្នកទោសម្នាក់ ឬក៏ទណ្ឌិតម្នាក់ឬក៏បញ្ហានយោបាយណាមួយដែលជាទិដ្ឋភាពកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលចំណុចនេះក៏មិនគួរមានតទៅទៀតដែរ។ មួយវិញទៀតកម្ពុជាបានដំណើរការប្រជាធិបតេយ្យរបស់ខ្លួនមកយូរក្រែលហើយដែរ បើគិតចាប់តាំងពីឆ្នាំ ១៩៩៣។ ដូច្នេះ កម្ពុជាល្មមនឹងអាចដើរដោយខ្លួនឯងបានលើជំហានប្រជាធិបតេយ្យ ហើយបរទេសខាងក្រៅគួរតែបញ្ចប់ការផ្ដល់នូវបាឋកថា ឬក៏ផ្ដល់មេរៀនអំពីប្រជាធិបតេយ្យដល់ប្រទេសកម្ពុជាតទៅទៀត។
លោក គិន ភា បានបន្តថា៖ «បើយើងនិយាយអំពីប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋហ្នឹង យើងពិបាកដែរដោយសារតែវាមានស្តង់ដាពីរបី (Double stan-dard) ដែលត្រូវបានអនុវត្តនៅក្នុងបណ្ដាប្រទេសនានាហ្នឹង។ គេនិយាយប្រជាធិបតេយ្យតែក្នុងលក្ខខណ្ឌផលប្រយោជន៍ជាយុទ្ធសាស្ត្រ ផលប្រយោជន៍ជាតិគេ»។
លោកបានបន្ថែមថា៖ «នៅក្នុងលោកនេះគ្មានទេគំរូប្រជាធិបតេយ្យដែលល្អឥតខ្ចោះ គឺមានតែប្រជាធិបតេយ្យដែលអាចរស់ជាមួយនឹងស្ថានភាពជាក់ស្ដែង ហើយវាស៊ីគ្នាទៅនឹងទិដ្ឋភាព ឬក៏បរិបទប្រវត្តិសាស្ត្រ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ ស្ថានភាពសង្គមនយោបាយនៃប្រទេសមួយៗ»៕