ភ្នំពេញៈ រដូវ​បិទ​នេសាទ​ឆ្នាំ​នេះ​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី ​១ ខែមិថុនា ដល់​ថ្ងៃទី​ ៣០ ខែកញ្ញា សម្រាប់​តំបន់​ដែន​នេសាទ​ខាង​​ជើង​ខ្សែស្រប​ទន្លេចតុមុខ និង​ចាប់ពី​ថ្ងៃទី​ ១ ខែកក្កដា ដល់​ថ្ងៃ​ទី​ ៣១ ខែតុលា សម្រាប់​តំបន់​ខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ​។​

​នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ សេចក្តីជូនដំណឹង​រប​ស់​ក្រសួងកសិកម្ម ចុះ​ថ្ងៃទី​ ១៩ ខែឧសភា ដែល​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃទី ​២៣ ខែឧសភា ​បាន​បញ្ជាក់ថា រដូវ​បិទ​នេសាទ​ក្នុង​ដែន​នេសាទ​ទឹកសាប​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១ ខែមិថុនា​ ដល់​ថ្ងៃទី​ ៣០ ខែកញ្ញា ចំពោះ​ដែន​នេសាទ​ទឹកសាប រួមមាន ខេត្ត​កំពង់​​ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀម​រាប ឧ​ត្ត​រ​មានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូង​ឃ្មុំ កំពង់ចាម កំពង់ធំ និង​មួយផ្នែក​នៃ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​នៅ​ខាង​​ជើង​ខ្សែស្រប​ទន្លេចតុមុខ​។​

​ប្រភព​ដដែល​បន្ថែមថា ចំណែក ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និង​មួយផ្នែក​នៃ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ដែល​នៅ​ខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១ ខែកក្កដា ដល់​ថ្ងៃទី​ ៣១ ខែតុលា​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់ថា​៖ «​នៅក្នុង​រយៈពេល​បិទ​នេសាទ​នេះ អ្នកនេសាទ​ទាំងអស់​ត្រូវ​ប្រើតែ​ឧបករណ៍​នេសាទ​គ្រួសារ​ដែលមាន​ចែង​ក្នុង​ប្រកា​សលេខ​៤៥៨ ប្រក​.​កសក ចុះ​ថ្ងៃទី ​២២ ខែតុលា ឆ្នាំ​ ២០១២»​។

​តាមរយៈ​សេចក្តីជូនដំណឹង​នោះ​ក្រសួងកសិកម្ម​បាន​អំពាវនាវ​ដល់​សាធារណជន និង​អ្នក​នេសាទ​ឱ្យចូល​រួម​អនុវត្ត ជាពិសេស​អនុវត្តតាម​អនុសាសន៍​ទាំង​៧​ចំណុច​របស់​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​ថែរក្សា​ការពារ​ធនធាន ជលផល​ឱ្យបាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​

​លោក​ ហេង សុភា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល​ថ្លែង​នៅ​ថ្ងៃទី​ ២៣ ឧសភា​ថា ដែន​នេសាទ​ទឹកសាប​ខាង​ជើង​ខ្សែស្រប​ទន្លេចតុមុខ​ក្នុង​ខេត្តកណ្តាល​មាន​ ២ ​ស្រុក​គឺ​ស្រុក​មុខកំពូល​និង​ស្រុក​ពញាឮ​។​ចំណែក​ខាងត្បូង​ខ្សែស្រប​ទន្លេ​ចតុមុខ​មានស្រុក​ខ្សាច់កណ្តាល លើកដែក និង​ស្រុក​កោះធំ​។

​លោក​ថា ក្នុង​រដូវ​បិទ​នេសាទ​មិនមែន​ហាមឃាត់​មិនឱ្យ​ពលរដ្ឋ​នេសាទ​ទេ ប៉ុន្តែ​ការនេសាទ​ត្រូវអនុវត្ត​តាមច្បាប់​ជលផល​ដែល​អនុញ្ញាត​។ ក្នុង​រដូវ​បិទ​នេសាទ​ពលរដ្ឋ​អាច​ប្រើ​ឧបករណ៍​នេសាទ​បាន​តាម​លក្ខណៈ​គ្រួសារ ដូចជា សន្ទូច និង​សំណាញ់​ជាដើម ប៉ុន្តែ​ឧបករណ៍​នេសាទ​ដូចជា ម៉ាញ់ អួន ជន ឈ្នក់ ដាយ​ត្រី ជាដើម មិន​អនុញ្ញាត​ឡើយ​។

​លោក ​ហេង សុភា​រិ​ទ្ធ ប្រាប់ថា ដើម្បីឱ្យ​ប្រាកដថា ពលរដ្ឋ​ចុះ​នេសាទ​បាន​ត្រឹមត្រូវ​ឬ​មិន​ត្រឹម​ត្រូវ​នោះ មន្ត្រីរដ្ឋបាល​ជលផល​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​នឹង​ចុះ​ឃ្លាំមើល ដោយ​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ប៉ុស្តិ៍ នៅ​គ្រប់​គោលដៅ​សំខាន់ៗ​នៅ​កន្លែង​អភិរក្ស​ចំនួន​ ៥ ​និង​អន្លង់​អភិរក្ស​ចំនួន ​១២ ​កន្លែង កុំឱ្យ​មានការ​ចាប់យក​ត្រី​មេ​ពូជ​។

​លោក​ថា​៖ «​ឥឡូវនេះ​បទល្មើស​ជលផល​គឺ​ហាក់បីដូចជា​ថយចុះ​ជាង​មុន​។ បងប្អូន​ពលរដ្ឋ​មួយ​ចំនួន​ធំ​គាត់​យល់ ដោយសារ​ការងារ​ពួក​ខ្ញុំ​បាន​ផ្សព្វផ្សាយ​»​។ លោក ម៉ុក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តក្រចេះ​ថ្លែង​នៅ​ថ្ងៃទី ២៣ ខែឧសភា​ថា បន្ទាប់ពី​ទទួលបាន​សេចក្តី​ជូន​ដំណឹង​លោក​នឹង​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​ជ្រួតជ្រាប​តាមរយៈ​អាជ្ញាធរ​ភូមិ​-​ឃុំ​។

​ចំណែក​មន្ត្រីរដ្ឋបាល​ជ​ល​ផល​ក៏​នឹង​យក​សេចក្តីចម្លង​សេចក្តីជូនដំណឹង​ទៅ​បិទ​នៅតាម​ទីតាំង​សំខាន់ៗ​ដើម្បីឱ្យ​ពលរដ្ឋ​បានដឹងថា ចាប់ពី​ថ្ងៃទី ​១ ខែមិថុនា ទៅជា​រដូវ​បិទ​នេសាទ មិន​អនុញ្ញាត​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​នេសាទ​ក្រៅពី​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ឡើយ​៕