ភ្នំពេញៈ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានដើរតួនាទីយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសិល្បៈ វប្បធម៌ដែលជាអត្តសញ្ញាណជាតិ។
នេះជាការថ្លែងឡើងរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីនិងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន៨៨៨នាក់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
លោកស្រីបានលើកឡើងថា ដោយពិនិត្យឃើញពីកំណើនឥតឈប់ឈរនៃតម្រូវការសិក្សាក្នុងវិស័យសិល្បៈវប្បធម៌របស់និស្សិត ពីគ្រប់មជ្ឈដ្ឋាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញបានធ្វើសម្បទានដី១កន្លែងដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានទំហំសរុបប្រមាណ៤ហិកតា។
លោកស្រី ភឿង សកុណា បានថ្លែងថា ៖ «ក្នុងនោះ ដីទំហំជាង៣ហិកតាគឺសម្រាប់សាងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីនេះ និងជិត១ហិកតាទៀតសម្រាប់សាងសង់មជ្ឈមណ្ឌលវប្បធម៌»។
លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា៖ «ការកសាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីបានចាប់ផ្តើមបញ្ចុះបឋមសិលានៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោយមានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលចំនួន១២លានដុល្លារ»។
អគារនេះមានទំហំសរុបចំនួន ៤៧ ០០០ម៉ែត្រការ៉េ ដែលមានបណ្តោយប្រវែង១៩៦ម៉ែត្រ ទទឹងប្រវែង ៤៥ម៉ែត្រ កម្ពស់៤ជាន់ ចែកចេញជា១២៣បន្ទប់។ ក្រៅពីនេះ មានចំណតរថយន្តក្រោមដី១ជាន់ ដែលអាចចតរថយន្តបានចំនួន ២០៤គ្រឿង និងម៉ូតូចំនួន ៥០០គ្រឿង។
ចំណែកផ្ទៃដីទំហំជិត១ហិកតាទៀតនឹងត្រូវអភិវឌ្ឍសាងសង់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសិល្បៈកម្ពុជា-កូរ៉េ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ ក្នុងគម្រោងថវិកាប្រមាណ៥,៣លានដុល្លារ។
មជ្ឈមណ្ឌលនេះ ផ្តោតទៅលើការបណ្តុះបណ្តាលសិល្បៈ ផ្នែកតូរ្យតន្ត្រី សិល្បៈនាដសាស្ត្រ និងសិល្បៈសូនរូប ហើយការសាងសង់នឹងត្រូវចាប់ផ្តើមក្នុងពេលខាងមុខនេះ ដោយគ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៤។ នេះបើតាមការបន្ថែមពីលោកស្រី ភឿង សកុណា។
ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរំឭកពីការកកើតនៃសាកលវិទ្យាល័យនេះ ដែលក្រោយពេលងើបពីសង្គ្រាមគឺសាកលវិទ្យាល័យនេះមិនមានឡើយ តែក្រោយថ្ងៃរំដោះ៧ មករា១៩៧៩ សាកលវិទ្យាល័យត្រូវបានចាប់ផ្ដើមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសិល្បៈ តន្ត្រីឡើងវិញជាបន្តបន្ទាប់។
លោកមានប្រសាសន៍ថា ៖ «អ្វីៗទាំងអស់គឺត្រូវរស់នៅក្រោមសន្ដិភាពទាំងអស់ បើគ្មានសន្ដិភាព គឺត្រូវរត់ក្រោមគ្រាប់ផ្លោងហើយ។ ដូច្នេះហើយ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ក៏យើងត្រូវរក្សាសន្ដិភាពឱ្យបានដែរ កុំឱ្យដល់ពេលបាត់បង់សន្ដិភាពទើបនាំគ្នាសោកស្ដាយ»។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ហ៊ុន សែន ក៏បានដាស់តឿនឱ្យមានការប្រុងប្រយ័ត្នចំពោះវប្បធម៌ខ្មែរ ដោយធ្វើឱ្យបានត្រឹមត្រូវតាមទម្រង់ដើម ឬតាមក្បួនខ្នាតដែលបន្សល់ទុកពីដូនតាជំនាន់មុន។
លោកបានបញ្ជាក់ថា ៖ «ត្រូវប្រយ័ត្ននៅ១០០ឆ្នាំក្រោយ ឬ៥០ឆ្នាំក្រោយ ក្មេងដែលជាអ្នកជាន់ក្រោយ ដែលទទួលតំណពីយើងអត់ត្រូវតាមក្បួនខ្នាតដែលខ្ញុំសូមស្នើឱ្យមានការប្រុងប្រយ័ត្នពិសេសបញ្ហាបដិមា រូបចម្លាក់ផ្សេងៗ បើធ្វើមិនត្រូវទេ ថ្ងៃក្រោយវានឹងមិនដឹងទៅស្អីនោះទេ»។
លោកបានបន្តថា ៖ «ការឈ្លានពានខាងវប្បធម៌ ខ្ញុំអត់ជឿទេ ខ្ញុំនៅតែអះអាងថា មិនមានការឈ្លានពានវប្បធម៌នោះទេ ព្រោះមិនអាចនឹងឈ្លានពានកើតទេ តែអ្វីដែលភ័យខ្លាចបំផុត គឺការទទួលយកដោយការស្ម័គ្រចិត្ត នេះទើបជារឿងដែលត្រូវប្រុងប្រយ័ត្ន»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងផ្តល់ការបណ្តុះបណ្តាលជំនាញដូនតាខ្មែរពី២ទៅ៤ភាគរយលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន១,៥លាននាក់ នាអនាគតដ៏ខ្លីខាងមុខ សំដៅរក្សាការពារ និងផ្ទេរចំណេះ ជំនាញ ជាកេរមរតកដូនតា សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីពង្រឹង និងពង្រីក ព្រមទាំងប្រើប្រាស់ចំណេះដឹងនិងជំនាញនានានៃវិស័យសិល្បៈ វប្បធម៌ជាកេរដំណែលនៃបុព្វបុរសខ្មែរ និងជាប្រភពមួយមិនចេះរីងស្ងួត ក្នុងការរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ គ្រូ និងបុគ្គលិក សរុបចំនួន ៣៣១នាក់ ក្នុងនោះ មានបុគ្គលិកពិការចំនួន៣នាក់។
ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កំពុងបណ្តុះបណ្តាលនិស្សិត លើជំនាញទាំង៥មហាវិទ្យាល័យ សរុបចំនួន ២ ៦៨៥នាក់ ព្រះសង្ឃ ចំនួន១០អង្គ និងនិស្សិតពិការ ចំនួន៦នាក់៕