ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កើន​រំឭក​ជាថ្មី​ដល់​បណ្តា​ម្ចាស់​ក្រុមហ៊ុន​អ៊ីន​ធឺ​ណិ​ត និង​ម្ចាស់​បុរី​ទាំង​អស់ ត្រូវគោរព​តាម​វិធាន​ការដែល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដាក់ចេញ​កន្លងមក​ដោយ​ត្រូវ​បញ្ឈប់​ការផ្តល់​សិទ្ធិផ្តាច់មុខ​ដល់​ក្រុមហ៊ុន​​អ៊ីន​ធឺ​ណិ​ត​ណាមួយ ហើយ​ត្រូវ​សហការគ្នា​ផ្តល់​សេវា​នេះ​ដល់​អ្នករស់នៅ​ក្នុង​បុរី​ឱ្យបាន​ល្អប្រសើរ​។​

​ក្នុងឱកាស​សម្ពោធ​ទីតាំង​ថ្មី​សាកល​​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ចែក​សញ្ញាបត្រ​ដល់​និស្សិត នៅ​ព្រឹក​ថ្ងៃទី​​ ២៤ ខែឧសភា លោក ហ៊ុន សែន បាន​លើកឡើងថា ប៉ុន្មាន​ថ្ងៃនេះ​សេវា​​អ៊ីន​ធឺ​ណិ​ត​នៅក្នុង​ប្រទេស​មានការ​រអាក់រអួល​បន្តិច ដោយ​លោក​បាន​ក្រើនរំឭក​ឡើងវិញ​ដល់​ម្ចាស់​ក្រុមហ៊ុន​​អ៊ីន​ធឺ​ណិ​ត និង​ម្ចាស់​បុរី​នានា យក​វិធាន​ការដែល​ក្រសួង​ប្រៃ​ស​​ណី​យ៍ និង​ទូរគមនាគមន៍​ដាក់ចេញ​កន្លងទៅ មក​អនុវត្ត ដើម្បី​ធ្វើឱ្យ​សេវា​​អ៊ីន​ធឺ​ណិ​តប្រសើរឡើង​។

​លោក​បាន​ថ្លែងថា​៖ «​ក្នុងពេលដែល​បុរី​មុននេះ​ផ្តាច់មុខ ​(​ផ្តល់​សេវា​​អ៊ីន​ធឺ​ណិ​ត​)​ ដល់​ខ្ញុំ​ស្រែក​ទៅ ប្រាប់ថា យើង​អត់​ទទួលស្គាល់​ការផ្តាច់​មុខ​របស់​អ្នក​ឯង​ទេ​ព្រោះ​ច្បាប់​ស្តីពី​ទូរគមនាគមន៍ អត់​អនុញ្ញាតឱ្យ​ផ្តាច់មុខ​ទេ ក្រោយមក​កែ​បាន​បន្តិចបន្តួច​ពី​ផ្តាច់មុខ​ទៅជា​មិន​ផ្តាច់មុខ ប៉ុន្តែ​គេ​ដាក់ចេញ​ឧបសគ្គ​រារាំង​»​។

​ក្នុងន័យនេះ​លោកនាយក​រដ្ឋមន្ត្រី សង្កេតឃើញថា បើទោះបីជា​នៅតាម​បុរី​នានា បានអនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ផ្តល់​សេវា​​អ៊ីន​ធឺ​ណិ​ត ចូល​វិនិយោគ​ក្នុង​បុរី​របស់ខ្លួន​ក៏ដោយ ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​នៅ​ជួប​ឧបសគ្គ​មួយចំនួន​។ «​ខ្ញុំ​អំពាវនាវ​ចំពោះ​ម្ចាស់​បុរី​ទាំងអស់ ព្រោះ​ឥឡូវនេះ​អ្នករកស៊ី មន្ត្រីរាជការ ដែល​យើង​ធ្វើការ​ជាមួយ​រស់នៅ​តាម​បុរី ក្នុងពេល​បុរី​នោះ អត់​មាន​សេវា​​អ៊ីន​ធឺ​ណិ​ត​។ សេវា​ទូរស័ព្ទ​ក៏​ខ្សោយ ហើយ​សេវា​​អ៊ីន​ធឺ​ណិ​ត​ក៏​ខ្សោយ​»​។​

​ក្រៅពី​ណែនាំ​ម្ចាស់​បុរី លោក ​ហ៊ុន សែន​ ក៏​ក្រើនរំឭក​ដល់​ម្ចាស់​ក្រុមហ៊ុន​ផ្តល់​សេវា​​អ៊ីន​ធឺ​ណិ​តត្រូវ​ពង្រឹងគុណភាព ទាំង​ផ្នែក​សេវា និង​ល្បឿន​ផងដែរ​។ លោក​ថា​៖ «​ខ្ញុំ​សូម​រំឭក​ម្ចាស់​ក្រុមហ៊ុន​​អ៊ីន​ធឺ​ណិ​តទាំង​តាម​បុរី​នានា សូម​យក​វិធាន​ការដែល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដាក់ចេញ​កន្លងទៅ ហើយ​សូមឱ្យ​បណ្តាញ​​អ៊ីន​ធឺ​ណិ​តនានា ដំឡើង​អង់​តែ​ន​ឱ្យបាន​ច្រើន តាម​ដែល​អាចធ្វើ​ទៅបាន​»​។​

​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃ​ស​ណី​យ៍​និង​ទូរគមនាគមន៍​លោក លីវ សុ​ផា​ណា​រិ​ទ្ធ បាន​ប្រាប់​ឱ្យដឹងថា តាម​យន្តការ​របស់​ក្រសួង​ប្រៃ​ស​ណី​យ៍​មាន​ក្រុមការងារ​ទាំង​អស់​ចំនួន​ ៨ ​សម្រាប់​ចុះជួយ​ពង្រឹងគុណភាព​សេវា​នៅតាម​បុរី​ហើយ​ក្រុមការងារ​កំពុងតែធ្វើកា​រ​ជាមួយ​ខាង​បុរី ក៏ដូចជា​ប្រតិបត្តិ​ករ​ទូរ​ស័ព្ទ​ទាំងអស់​នៅ​កម្ពុជា​ទាំង​ខាង​ក្រុមហ៊ុនទូរស័ព្ទ និង​ក្រុមហ៊ុន​​អ៊ីន​ធឺ​ណិ​ត​។

​លោក​លើកឡើងថា ជាក់ស្តែង​រហូតមកដល់​ពេលនេះ​ក្រសួង​បាន​ដំឡើង​អង់​តែ​ន​ទូរស័ព្ទ​មួយ​ចំនួន​ទៅតាម​លទ្ធភាព​នៃ​ការផ្តល់​ទីតាំង​របស់​បុរី ប៉ុន្តែ​ក៏​ជួប​នូវ​បញ្ហា​មួយចំនួន​ទាក់ទង​ការស្វែងរក​ទីតាំង​ដើម្បី​សាងសង់​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ផងដែរ​។​

​លោក​ លីវ សុ​ផា​ណា​រិ​ទ្ធ ថ្លែងថា​៖ «​ដោយសារ​នៅតាម​បុរី​មួយ​​ចំនួន​នៅពេលដែល​គាត់​រៀបចំ​ប្លង់​មេសាង​សង់​បុរី គឺ​មិនបាន​ទុក​ទីធ្លា​ឬក៏​ទីតាំង​សម្រាប់​បង្គោល​អង់​តែ​ន អ៊ីចឹង​ដល់ពេល​គាត់​អភិវឌ្ឍ​បុរី​ហើយ វា​មាន​ភាព​ចង្អៀត ហើយ​ពេល​ក្រុមការងារ​បាន​ចុះទៅ​វាស់​ស្ទង់​គុណភាព​សេវា​នៅតាម​បុរី​ឃើញថា មាន​ជ្រុង​ខ្លះ​ឬ​ស្ទើរតែ​ទាំងស្រុង​នៃ​បុរី​មួយចំនួន នៅមាន​សេវា​ខ្សោយ​មែន​»​។

​យ៉ាងណាក្តី​លោក​ថា រហូតមកដល់​ពេលនេះ​ក្រុម​ការ​ងារ​កំពុងធ្វើការ​បន្ត​ទៀត ស្វែង​​រក​ទីតាំង​ណា​ដែល​សមរម្យ ដែល​អាចជួយ​បង្កើន​គុណភាព​សេវា​ឱ្យ​ប្រសើរឡើង​។ លោក​ លីវ សុ​ផា​ណា​រិ​ទ្ធ បន្ថែមថា ទាក់ទង​បង្គោល​អង់​តែ​ន​នេះ រហូតមកដល់​ពេលនេះ គឺ​ក្រុមការងារ​ដំឡើង​បាន​ច្រើន​បង្គោល​រួចហើយ ជាពិសេស​នៅតាម​បុរី​ដែល​សហ​ការល្អ ក្នុងការ​ផ្តល់​ទីតាំង ក៏ដូចជា​សម្របសម្រួល​ជាមួយ​ប្រជា​ពលរដ្ឋ នៅក្នុង​តំបន់​នោះ​។

​លោក​បញ្ជាក់ថា​៖ «​ក្រោយ​ដំឡើង​រួច យើង​ក៏​សង្កេតឃើញថា សេវា​ទូរស័ព្ទ និង​សេវា​អ៊ីន​ធឺ​ណិ​តនៅតាម​បណ្តា​បុរី​ទាំងនោះ​មាន​ភាពប្រសើរឡើង​។ ត្រង់ចំណុច​នេះ​ខ្ញុំ​ចង់​បញ្ជាក់ថា បង្គោល​អង់​តែ​ន​មួយចំនួន​ត្រូវបាន​ដំឡើង​ជា​ស្ថាពរ​បន្ទាប់ពី​មានការ​បំពាក់​ឧបករណ៍​គ្រឿង​បរិក្ខារ​ទូរ​គម​នា​គម​ន៍​ពី​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ហើយ​បង្គោល​អង់​តែ​ន​មួយចំនួនទៀត ត្រូវបាន​ដំឡើង​ហើយ ប៉ុន្តែ​មិនទាន់មាន​ការបំពាក់​គ្រឿង​បរិក្ខារ​ពី​ប្រតិបត្តិ​ករ​នៅឡើយ​»​។​

​ជាមួយគ្នានេះ​លោក ​លីវ សុ​ផា​ណា​រិ​ទ្ធ ស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ និង​ម្ចាស់​បុរី​ឱ្យមាន​ការសហការ​ល្អ​ដើម្បីឱ្យ​ក្រុមការងារ​មាន​លទ្ធ​ភាព​ក្នុងការ​ពង្រឹងគុណភាព​សេវា​ជូន​គាត់ ហើយ​ប្រតិបត្តិ​ករ​ដទៃទៀត​ក៏​អាច​ផ្តល់​សេវា​បានល្អ​៕