​ក្រចេះៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បាន​ណែនាំ​កសិករ​ឱ្យធ្វើ​ការសិក្សា​ពី​បច្ចេកទេស នៃ​ការចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួ​សារ និង​ស្វែងយល់​ពី​ខ្សែចង្វាក់​នៃ​ការផ្គត់ផ្គង់ និង​តម្លៃ​ទីផ្សារ ព្រមទាំង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ឱ្យបាន​ច្បាស់លាស់​។

​លោក​រដ្ឋមន្ត្រី​បានធ្វើការ​ណែ​នាំ​បែបនេះ ក្នុងពេល​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេសរ​បស់​ក្រសួង ចុះ​ត្រួតពិនិត្យ​បណ្ដុំ​អាជីវកម្ម​បន្លែ​ផ្ទះ​សំណាញ់​របស់​ប្រជាពលរដ្ឋ និង​បណ្ដុំ​អាជីវកម្ម​ចិញ្ចឹម​មាន់​លក្ខណៈ​គ្រួសារ នៅ​ឃុំ​ចង្គ្រង់ និង​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្ត​​ក្រចេះ​នៅ​ព្រឹក​ថ្ងៃទី​ ២៣​ ឧសភា​។​

​លោក ឌិ​ត ទីណា បាន​ចុះទៅពិនិត្យ​បន្លែ​ក្នុងផ្ទះ​សំណាញ់ និង​ពិនិត្យ​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ ព្រមទាំង​បាន​ជជែក​សួរសុខទុក្ខ​ដល់​ប្រ​ជា​កសិករ​នៅ​ទីនោះ​។ លោក​គូស​បញ្ជាក់ថា ការសិក្សា​ពី​បច្ចេក​ទេស​ច្បាស់លាស់​នៃ​ការចិញ្ចឹម ការស្វែងយល់​ពី​ខ្សែចង្វាក់​នៃ​ការ​​ផ្គត់ផ្គង់ និង​តម្លៃ​ទីផ្សារ និង​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​ជា​កត្តា​សំខាន់​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​ពលរដ្ឋ ត្រូវ​ចេះ​កែច្នៃ​ធ្វើ​យ៉ាង​ណា​កាត់បន្ថយ​ចំណាយ​ក្នុងការ​ផលិត និង​អាច​បង្កើន​ប្រាក់ចំណេញ​បាន​។ លោក​បញ្ជាក់ថា​៖ «​ត្រូវមាន​ផែនការ​ផលិតកម្ម​ច្បាស់លាស់ ហើយ​ត្រូវ​បន្ត​ប្រើ​​ប្រាស់​អគ្គិសនី​សម្រាប់​វិស័យ​កសិកម្ម ដើម្បី​បូមទឹក​នៅពេល​យប់ និង​ប្រើប្រាស់​សូ​ឡា​បូមទឹក​ខ្នាតតូច​នៅពេល​ថ្ងៃ ព្រមទាំង​កែច្នៃ​ឱ្យអស់​លទ្ធភាព ទាំង​លា​​មក​មាន់​ជាដើម ដើម្បី​កាត់បន្ថយ​ចំណាយ​ក្នុង​ផលិតកម្ម បង្កើន​ប្រាក់ចំណូល និង​ប្រាក់ចំណេញ ព្រមទាំង​និរន្តរភាព​សេដ្ឋកិច្ច​»​។

​លោក ​ទ្រី សុភ​ក្តិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តក្រចេះបានឱ្យដឹងថា បណ្ដុំ​អាជីវកម្ម​បន្លែ​នៅ​ភូមិ​ថ្ម​គ្រែ​លើ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី បាន​បង្កើតឡើង​នៅ​ឆ្នាំ​ ២០១៩​ មាន​សមា​ជិ​ក​ ១៦ ​នាក់​។ បច្ចុប្បន្ន​កសិករ​នៃ​បណ្តុំ​អាជីវ​កម្មនេះ កំពុង​ដាំ​​ដុះ​បន្លែ​ជាច្រើន​ប្រភេទ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ដែល​ក្នុងនោះ​រួម​មាន​បន្លែ​ស្ពៃក្រញាញ់ ត្រសក់ទ្រើង ត្រឡាច និង​ពោត​ដែល​អាច​ផ្គត់​ផ្គង់​បាន​ចំនួន ៦ ០០០ ​គីឡូក្រាម ក្នុង​ ១ ​ខែ​។

​បណ្ដុំ​អាជីវកម្ម​បន្លែ​នេះ បាន​សាង​សង់ផ្ទះ​សំណាញ់​ចំនួន​ ៤ ​ខ្នង និង​បាន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្លែ ​១ ០០០ ម៉ែត្រការ៉េ​។ លោក​ប្រធាន​មន្ទីរ​លើកឡើងថា ដោយឡែក​ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​មាន់​តាម​លក្ខណៈ​ពាណិជ្ជកម្ម បាន បង្កើត​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២១ សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ ១០ ហិកតា​។ កសិដ្ឋាន​នេះ​បាន​សហ​ការ​ជាមួយ​ក្រុមហ៊ុន ស៊ី​ភី នៅ​ភូមិ​ចង្គ្រង់ ឃុំ​ចង្គ្រង់ ស្រុក​ចិត្រ​បុរី ដែល​បច្ចុប្បន្ន​កសិដ្ឋាន​បាន​សាង​​សង់រោង​ចិញ្ចឹមសត្វ​មាន់​ចំនួន​ ៤ រោង​ដែលមាន​សត្វ​មាន់​សរុប ២៦ ០០០ ​ក្បាល​។

​លោក​បញ្ជាក់ថា​៖ «​កសិដ្ឋាន​នេះ​ផ្ដល់​បច្ចេក​ទេស​រៀបចំ​ផ្គត់ផ្គង់​កូន​មាន់ ចំណី ថ្នាំ និង​វ៉ាក់សាំង​ផ្សេងៗ​ដោយ​ក្រុមហ៊ុន​បាន​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ស៊ី​ភី ពេល​ចិញ្ចឹម​បាន គឺ ក្រុមហ៊ុន ស៊ី​ភី​ប្រមូល​ទិញ​ទាំង​អស់​ដើម្បី​ផ្គត់ផ្គង់​ខេត្ត​ផ្សេងៗ​ទៀត​។ រយៈពេល​ចិញ្ចឹម​មាន់​ប្រហែលជា ៦០​ ទៅ ៦៥​ ថ្ងៃ មាន់​មាន​ទម្ងន់ ១,២ ​គីឡូក្រាម ជា​ទម្ងន់​ស្ដង់ដា​របស់​ក្រុមហ៊ុន​»​។​

​បើតាម​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ កាលពី​ថ្ងៃទី​ ២២ ខែឧសភា ខេត្ត​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ​«​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តំបន់​ខ្ពង់រាប ខេត្តក្រចេះ​» ស្ថិត​ក្នុងភូមិ​សម្បទា​នតា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​។ តាមរយៈ​ម​ជ្ឈ​មណ្ឌល​បណ្តុះបណ្តាល និង​ផ្សព្វ​​ផ្សាយ​កសិកម្ម ថ្មី​នេះ​ពិត​ជាមាន​សារៈសំខាន់ និង​ចាំបាច់​បំផុត សម្រាប់​ការបណ្តុះបណ្តាល និង​ផ្ទេរ​ចំណេះដឹង ដល់​មន្ត្រី សិស្ស​និស្សិត និង​កសិករ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង​៕