ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានផ្ដួចផ្ដើមរៀបចំឱ្យមានការឆ្លាក់ឈ្មោះអ្នកអភិរក្សផ្សោត និងបើកឱកាសដល់អ្នកដែលស្រឡាញ់ផ្សោតអាចចុះឈ្មោះធ្វើជាឆ្មាំការពារផ្សោតបាន ខណៈមន្ត្រីមូលដ្ឋានថា ការផ្ដួចផ្ដើមបែបនេះនឹងធ្វើឱ្យកម្លាំងអភិរក្សផ្សោតកាន់តែច្រើនឡើង ហើយផ្សោតនឹងកាន់តែមានសុវត្ថិភាព។
លោក ឌិត ទីណា បានលើកឡើងដូចនេះ ក្នុងពិធីប្រគល់ទូកនិងសម្ភារល្បាត នៅស្នាក់ការឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ ដោយលោកបានកោតសរសើរចំពោះការលះបង់របស់ឆ្មាំទន្លេដែលបានជួយការពារធនធានសត្វផ្សោតមិនឱ្យបាត់បង់និងបន្តការងារនេះឱ្យមានប្រសិទ្ធភាពនិងរឹងមាំដោយត្រូវគិតគូរក្នុងការអភិរក្សរតនសម្បត្តិឱ្យបានល្អ។
តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យមានការសហការក្នុងការកំណត់អត្តសញ្ញាណជនប្រព្រឹត្តខុសច្បាប់ និងផ្តល់ឧបករណ៍ល្អៗ ដើម្បីអន្តរាគមន៍បង្ក្រាបបទល្មើសឱ្យបាន និងមានលទ្ធផលល្អ។
លោក ឌិត ទីណា បានបញ្ជាក់ថា៖ «ក្នុងស្មារតីនេះដែរ ត្រូវពិនិត្យលទ្ធភាពរៀបចំឱ្យមានការឆ្លាក់ឈ្មោះអ្នកអភិរក្សផ្សោត និងអ្នកដែលស្រឡាញ់ផ្សោត។ លើសពីនេះទៀតឱ្យមានការបើកឱកាសដល់អ្នកដែលស្រឡាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោតបាន ដែលនេះជាការចូលរួមសហការពីមហា-ជនក្នុងប្រតិបត្តិការបង្ក្រាប និងការពាររតនសម្បត្តិរបស់យើងទាំងអស់គ្នា»។
ជុំវិញរឿងនេះដែរ លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានឱ្យដឹងកាលពីថ្ងៃទី ២៤ ខែឧសភាថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងមន្ទីរជំនាញពាក់ព័ន្ធបានអបអរសាទរចំពោះគំនិតផ្ដួចផ្ដើមពីថ្នាក់ជាតិ ទាក់ទងឱ្យមានការរៀបចំការឆ្លាក់ឈ្មោះអ្នកអភិរក្សផ្សោតនេះ។
លោកបន្តថា អាជ្ញាធរខេត្ត នឹងប្ដេជ្ញាចូលរួមក្នុងការអនុវត្តផែនការនេះ និងគោលការណ៍ណែនាំរបស់រដ្ឋាបាភិបាល ក៏ដូចជា ក្រសួងពាក់ព័ន្ធឱ្យបានសម្រេចជោគជ័យ។ លោក ម៉ែន គង់ បានថ្លែងថា៖ «ការណ៍ដែលលោកបើកឱកាសដល់អ្នកដែលស្រឡាញ់ផ្សោតអាចចុះឈ្មោះជាឆ្មាំការពារផ្សោតនេះ វាជាការផ្ដល់ឱកាសឱ្យពលរដ្ឋ ក៏ដូចជាយុវជនជំនាន់ក្រោយ ព្រមទាំងសហគមន៍ និងពលរដ្ឋនៅតាមមូលដ្ឋានមានឱកាសក្នុងការចូលរួមអភិរក្សធនធានធម្មជាតិ ពិសេសបានចូលរួមការការពារអភិរក្សសត្វផ្សោត ដែលជាសក្ដានុពលរបស់ដងទន្លេមេគង្គកម្ពុជា»។
ការផ្ដួចផ្ដើមបែបនេះ ជាផ្នែកមួយដ៏សំខាន់ ដោយមានការចូលរួមរវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរ ឬក្រុមអភិរក្សដែលនេះជាការផ្ដល់តម្លៃទៅលើធនធានធម្មជាតិដែលមាន ហើយអាចមិនមែនត្រឹមតែសត្វផ្សោតទេដែលត្រូវការពារ តែមានធនធានធម្មជាតិផ្សេងៗទៀតដែលពួកគាត់អាច រួមចំណែកថែរក្សាការពារឱ្យបានគង់វង្សផងដែរ។
សូមបញ្ជាក់ថា ទូក និងសម្ភារល្បាតដែលត្រូវបានប្រគល់ដល់ឆ្មាំការពាររួមមាន ទូកម៉ាស៊ីនចំនួន ៦ គ្រឿង, អាវពោង ៤៤ អាវ, សឺម៉ែល ២៤ គ្រឿង និងថវិកាឧបត្ថម្ភពីអភិបាលខេត្តក្រចេះ ៥,៥ លានរៀល សម្រាប់បុស្តិ៍ឆ្មាំទាំង ១១ និងសម្ភារមួយចំនួនទៀត។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រួមនឹងអាជ្ញាធរខេត្តក្រចេះ បានដុតបំផ្លាញសម្ភារនេសាទខុសច្បាប់ដែលបង្ក្រាបបាន ដូចជាឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់ មងក្រឡាធំ និងឧបករណ៍មួយចំនួនទៀតផងដែរ។
លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) បានថ្លែងថា ការងារគ្រប់គ្រងសត្វព្រៃ និងធនធានធម្មជាតិ គឺវាចាំបាច់ត្រូវតែមានការចូលរួមពីពលរដ្ឋគ្រប់រូបទៅតាមលទ្ធភាពដែលអាចធ្វើបាន។
លោកបន្តថា នៅពេលដែលប្រជាពលរដ្ឋមានការយល់ដឹង ពីតម្លៃ ពីសារៈសំខាន់ ពីផលប្រយោជន៍របស់សត្វព្រៃដូចជា សត្វផ្សោតដែលផ្តល់ឱ្យមនុស្សនិងសេដ្ឋកិច្ចព្រមទាំងមានការចូលរួមជាសកម្មភាពផងដែរនោះ ការងារអភិរក្សសត្វផ្សោតនេះអាចនឹងទទួលបានជោគជ័យ និងមាននិរន្តភាព។
លោក សេង ទៀក បានបញ្ជាក់ថា៖ «ខ្ញុំយល់ថា គំនិតផ្តួចផ្តើមនេះល្អព្រោះវានឹងលើកទឹកចិត្តឱ្យអ្នកដែលស្រឡាញ់សត្វផ្សោតមានមោទនភាព និងចូលរួមក្នុងការងារអភិរក្សសត្វដ៏កម្រមួយនេះផងដែរ ហើយប្រជាពលរដ្ឋ គាត់អាចចូលរួមក្នុងការងារការពារ និងអភិរក្សផ្សោតដោយស្ម័គ្រចិត្តបានតាមរយៈការរាយការណ៍ពីបទល្មើសនេសាទខុសច្បាប់ក្នុងតំបន់ផ្សោតរស់នៅ»។
ក្រៅពីនេះ លោកបន្ថែមថា ពលរដ្ឋក៏អាចរាយការណ៍ពីវត្តមានកូនផ្សោតទើបកើតថ្មីឬការរាយការណ៍ពីការឃើញសត្វផ្សោតស្លាប់ឬការផ្តល់យោបល់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងនិងការអនុវត្តច្បាប់ដល់មន្ត្រីមាន សមត្ថកិច្ចផងដែរ។
គួររំឭកដែរថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាក៏បានចាត់ឱ្យមន្ត្រីពាក់ព័ន្ធរៀបចំផ្ដល់បណ្ណក្រីក្រ និងបង្កើតមុខរបរថ្មីដល់ប្រជានេសាទដែលអាស្រ័យផលតាមដងទន្លេមេគង្គផងដែរ ដើម្បីឱ្យពួកគាត់បញ្ឈប់ការនេសាទដែលបង្កហានិភ័យដល់សត្វផ្សោតទន្លេមេគង្គជាបន្តទៀត៕