​ភ្នំពេញៈ ​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សា​ធា​រណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា រាជរដ្ឋាភិបាល បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការលើកកម្ពស់​សិទ្ធិ​រប​ស់នា​រី តាមរយៈ​ការជំរុញ​ការចូល​រួម​របស់​ស្ត្រី​ក្នុង​ជីវភាព​ន​យោ​បាយ សង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ និង​បង្កើន​សមាសភាព​ស្ត្រី​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ផងដែរ​។​

​លោកស្រីបានលើកឡើង​ដូចនេះ តាមរយៈ​សិក្ខាសាលា​ផ្សព្វផ្សាយ​អនុសញ្ញា​ស្ដីពី​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ (CEDAW)​ និង​ច្បាប់​ពាក់ព័ន្ធ​នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃ​ ២៣ ខែឧសភា ឆ្នាំ​ ២០២៣ ​និង​បានបង្ហាញ​ការប្តេជ្ញាចិត្តថា នឹង​ខិតខំ​ជំរុញ និង​លើកកម្ពស់​សម​ភាព​យេនឌ័រ​ឱ្យ​កាន់តែ​សកម្ម​ឡើង​ថែមទៀត​ដើម្បី​លើក​កម្ពស់​សិទ្ធិ​របស់​នារី​។​

​យោងតាម​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង និង​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ និង​កំពង់ស្ពឺ ផងដែរ​។​

​ប្រភព​ដដែល​បន្តថា សិក្ខា​សាលា​នេះ​រៀបចំឡើង​ដើម្បី​ផ្សព្វ​ផ្សាយ​ឱ្យបាន​ទូលាយ​ពី​អនុ​សញ្ញា ​(CEDAW) និង​អនុសាសន៍​ ១២​ ចំណុច របស់លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន ក៏ដូចជា​បង្កើន​ការយល់ដឹង គាំទ្រ និង​រួមចំណែក​ពី​គ្រប់​អង្គភាព​ក្នុង​យុទ្ធនាការ​លុបបំបាត់​រា​ល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ ព្រមទាំង​ពង្រឹង​ការតាមដាន​ការអនុវត្ត​អនុសញ្ញា និង​ច្បាប់​ពាក់ព័ន្ធ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។​

​លោកស្រី មឹន មាណវី បាន​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការលើកកម្ពស់​សិទ្ធិ​រប​ស់នា​រី តាមរយៈ​ការជំរុញ​ការចូលរួម​របស់​ស្ត្រី​ក្នុង​ជីវភាព​នយោបាយ សង្គមកិច្ច សេដ្ឋ​កិច្ច វប្បធម៌ និង​បង្កើន​សមាសភាព​ស្ត្រី​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​តាំងពី​ថ្នាក់មូលដ្ឋាន​ដល់​ថ្នាក់ជាតិ តួយ៉ាង​នៅ​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន មាន​ស្ត្រី​ដែលមាន​ឋានៈ​ជា​រដ្ឋលេខាធិការ​ចំនួន​ ៤ ​រូប​ផងដែរ​»​។​

​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ចក្ខុ​វិស័យ​វែងឆ្ងាយ​ក្នុងការ​ជំរុញឱ្យមាន​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​នៅតាម​ស្រុក​/​ខណ្ឌ​-​ខេត្ត ទូទាំងប្រទេស​កម្ពុជា​ពោលគឺ​យ៉ាងហោចណាស់​ឱ្យមាន​អភិបាលរង​ស្រុក​/​ខណ្ឌ​/​ក្រុង និង​អភិបាលរង​ខេត្ត ឬ​រាជធានី​ផងដែរ​។ នេះ​បើតាម​ការអះអាង​បន្ថែម​របស់លោក​​ស្រី មឹន មាណវី​។​

​សូម​រំឭកថា លោកស្រី អ៊ឹង កន្ថាផាវី ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការនារី​ធ្លាប់បាន​លើកឡើង​ពី​ខែកុម្ភៈ ឆ្នាំ​ ២០២៣ ថា នៅ​ឆ្នាំ​ ២០២២ មន្ត្រីរាជការ​ស្ត្រី​មាន ៦ ៨២២ ​នាក់ នៃ​មន្ត្រីរាជការ​សរុប ២៨ ៥៤២​ នាក់​បានទទួល​ការពង្រឹង​សមត្ថភាព​ជំនាញ​ផ្សេងៗ​ទាំង​នៅក្នុង​និង​ក្រៅប្រទេស​។​

​លោកស្រី​បន្តថា ក្នុង​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​ស្ត្រី​បាន​ក្លាយជា​ចលករ​ក្នុងការ​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ការអភិវឌ្ឍ​សង្គម​ដែលមាន​កម្លាំង​ពលកម្ម​ស្ត្រី​មាន​ប្រមាណ​ ៨៤ ​ភាគរយ ក្នុងនោះ​មាន​ស្ត្រី​ប្រមាណ ​៦១​ ភាគរយ ជា​ម្ចាស់​អាជីវកម្ម ឬ​អ្នកធ្វើ​ធុរកិច្ច ដែលជា​អត្រា​ខ្ពស់​ក្នុង​តំបន់​។ លើសពីនេះ​ទៀត កាល​ឆ្នាំ ​២០២២ នៅ​កម្ពុជា ស្ត្រី​ជា​ម្ចាស់​ក្រុមហ៊ុន​មានការ​កើនឡើង​ចន្លោះ​ពី​ ២០ ​ភាគរយ​ទៅ​ ២២ ​ភាគរយ និង​ស្ត្រី​ជា​ម្ចាស់​សហគ្រាស​កើន​ពី​ចន្លោះ​ពី​ ៣០​ ភាគរយ ទៅ ៣២ ភាគរយ​ថែមទៀត​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ធ្លាប់បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ដែល​បានរួម​ចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍ​សង្គមជាតិ ដោយ​លោក​បាន​ចាត់ទុកថា បច្ចុប្បន្ន​ស្ត្រី​បាន​ចូលរួមចំណែក​ក្នុង​កិច្ចការងារ​ជាច្រើន​វិស័យ​៕