ភ្នំពេញៈ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការប្រើប្រាស់ថាមពលសូឡានៅក្នុងវិស័យកសិកម្មចាប់ផ្ដើមមានកំណើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលក្រសួងស្នើសុំឱ្យប្រជាកសិករយកចិត្តទុកដាក់ និងគិតគូរពីអាទិភាពរបស់ខ្លួន នៅក្នុងការដំឡើងប្រព័ន្ធសូឡា។
កញ្ញា អ៊ឹម រចនា បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី ២២ ខែឧសភាថា ជាការពិត ការបោះទុនដំបូងសម្រាប់ដំឡើងប្រព័ន្ធសូឡានៅក្នុងវិស័យកសិកម្មត្រូវចំណាយច្រើន។ ក្នុងន័យនេះក្រសួងកសិកម្មស្នើសុំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងគិតគូរពីអាទិភាពរបស់ខ្លួន នៅក្នុងការដំឡើងប្រព័ន្ធសូឡា។
កញ្ញាបានថ្លែងថា៖ «ប្រជាកសិករដែលមិនមានលទ្ធភាពដំឡើងប្រព័ន្ធសូឡាសម្រាប់ប្រើប្រាស់នៅក្នុងការផលិតកសិផលរបស់ខ្លួន និងកំពុងតែប្រើប្រាស់ថាមពលអគ្គិសនី អាចចុះឈ្មោះនៅអគ្គិសនីកម្ពុជា ដើម្បីស្នើសុំការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្មដែលមានតម្លៃថោកជាងថ្លៃអគ្គិសនីប្រើប្រាស់ធម្មតា»។
ទាក់ទងនឹងការប្រើប្រាស់សូឡានេះ លោក វ៉ា រុតសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាអ្នកដែលមានជំនាញលើការស្រាវជ្រាវច្រើន ពីដំណាំគ្រប់ប្រភេទ បានឱ្យដឹងថា លោកបានទៅមើលស្ថានីយបូមទឹកដាក់ស្រែប្រាំង ដើរដោយសូឡា នៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោកថា៖ «តាមរបាយការណ៍ផ្ទាល់មាត់ដែលទទួលបានពីក្រុមហ៊ុន SOGY ដែលជាម្ចាស់ស្ថានីយបានប្រាប់ថា ពីមុនកសិករត្រូវចំណាយពី ៥៥ ម៉ឺនរៀលទៅ ៦០ ម៉ឺនរៀល ក្នុង ១ រដូវសម្រាប់ថ្លៃបូមទឹកដាក់ស្រែក្នុង ១ ហិកតា តែពេលនេះកសិករចំណាយតែ ៣៥ ម៉ឺនទៅ ៤៥ ម៉ឺនរៀល ហើយមានទឹកប្រើគ្រប់គ្រាន់មិនរអាក់រអួលអ្វីឡើយ។ ខ្ញុំយល់ថា ការធ្វើបែបនេះអាចកាត់បន្ថយថ្លៃដើមផលិតកម្មបានយ៉ាងល្អ»។
ជាមួយគ្នានេះដែរ ប្រធានសមាគមមៀនប៉ៃលិន លោក សួស ស៊ីយ៉ាត បានប្រាប់ដែរថា ការប្រើប្រាស់ថាមពលសូឡាពិតជាចំណេញច្រើនមែនហើយ ប៉ុន្តែកសិករ ត្រូវការចំណាយទុនច្រើន នៅពេលវិនិយោគលើកដំបូង។
លោកបានឱ្យដឹងថា កន្លងទៅ មានការណែនាំច្រើនដែរពីមន្ត្រីជំនាញរបស់ក្រសួងកសិកម្មដល់សមាគម កសិកររបស់លោកដែរ ចំពោះអត្ថប្រយោជន៍នៃការប្រើប្រាស់ថាមពលសូឡានេះ ប៉ុន្តែដោយសារតែការខាតបង់នាឆ្នាំកន្លងទៅ កសិករភាគច្រើនមិនមានលទ្ធភាពក្នុងការប្រើប្រាស់។
បើតាមលោក សួស ស៊ីយ៉ាត ការដាំដុះមៀនប៉ៃលិន នៅខេត្តប៉ៃលិន ជួបបញ្ហាខ្លះទាក់ទងប្រព័ន្ធធារាសាស្ត្រ ដែលសព្វថ្ងៃកំពុងស្នើក្រសួងស្ថាប័នពាក់ព័ន្ធគិតគូរលើបញ្ហាធារាសាស្ត្រនេះ។
លោក វណ្ណ ឫទ្ធី ប្រធានផ្នែកនាំចេញ នៃក្រុមហ៊ុន អង្គរហ្រ្គីន បានឱ្យដឹងថា ការប្រើប្រាស់ថាមពលសូឡា សម្រាប់ការបូមទឹកស្រោចស្រពដំណាំពិតជាបានផ្តល់ផលប្រយោជន៍ច្រើនណាស់ និងទទួលបានផលចំណេញច្រើន ប៉ុន្តែកសិករត្រូវការដើមទុនច្រើនក្នុងការវិនិយោគលើកដំបូង។ តាមដែលលោកសង្កេតមើល ការប្រើប្រាស់ថាមពលសូឡារបស់ប្រជាកសិករ ឬម្ចាស់ចម្ការស្វាយ ជាដៃគូ របស់ក្រុមហ៊ុន គឺនៅមានកម្រិតនៅឡើយ និងចាប់ផ្តើមមានការចាប់អារម្មណ៍ច្រើនប៉ុន្តែពួកគាត់នៅខ្វះលទ្ធភាព។
លោក វណ្ណ ឫទ្ធី ប្រាប់ថា៖ «ការប្រើប្រាស់ថាមពលសូឡានេះ វាត្រូវដើមទុនច្រើន ហើយវាមានតម្លៃថ្លៃ ហើយកសិករភាគច្រើន មិនមានលទ្ធភាពវិនិយោគមុនទេ ព្រោះថា តម្លៃដែលបានពីការលក់ផលិតផលកសិករតិចតួច មិនទាន់មានលទ្ធភាពក្នុងការចំណាយនៅឡើយ។ ចំពោះកម្ចីវិញ យើងឃើញថា កសិករសុទ្ធតែត្រូវការកម្ចី ប៉ុន្តែដោយសារកសិករភាគច្រើនសុទ្ធតែមានបំណុលរួចទៅហើយ ដូចនេះទើបគាត់ពិបាកក្នុងការទទួលបានកម្ចីបន្ថែមទៀត»៕