ភ្នំពេញៈ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងដៃគូពាក់ព័ន្ធ បានរកឃើញថា សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ គឺចាំបាច់ត្រូវការការគិតគូរទៅដល់អាហារូបត្ថម្ភ ព្រោះកង្វះទឹកស្អាត និងអនាម័យ ទម្លាប់បន្ទោបង់ពាសវាលពាសកាល គឺជាមូលហេតុមួយបណ្ដាលឱ្យកុមារក្រិសក្រិន និងស្គមស្គាំង។
ការរកឃើញនេះ បានធ្វើឡើងនៅក្នុងករណីសិក្សាមួយ ដែលធ្វើឡើងដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងសហការគាំទ្របច្ចេកទេស និងថវិកាពីអង្គការភ្លែនអន្តរជាតិកម្ពុជា ដើម្បីសិក្សាពីក្រុមជនជាតិដើមភាគតិច គ្រួសារក្រីក្រ និងអ្នកមិនចេះអក្សរ ជាពិសេសខេត្តដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង រតនគីរី សៀមរាប និងកំពង់ធំ រយៈពេលប្រមាណ ៨ ខែ។
តាមរបាយការណ៍សិក្សាដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃទី ២៤ ឧសភា បានបង្ហាញថា កង្វះទឹកស្អាត និងអនាម័យ ទម្លាប់បន្ទោបង់ពាសវាលពាសកាល គឺជាមូលហេតុមួយបណ្ដាលឱ្យកុមារក្រិសក្រិន និងស្គមស្គាំង។ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដោយពង្រីកសេវាផ្គត់ផ្គង់ទឹក និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ គឺជាដំណោះស្រាយមួយរួមចំណែកជួយឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភ និងកាត់បន្ថយអត្រាក្រិសក្រិនកុមារ។
តាមការវិភាគទិន្នន័យ និងរបាយការណ៍ដែលបានរកឃើញក្នុងខេត្ត ៣ (សៀមរាប រតនគិរី និងស្ទឹងត្រែង) ដែលស្ថិតក្នុងក្របខ័ណ្ឌគម្រោងចាប់ផ្តើមដោយសុខភាពល្អ បានបង្ហាញពីវឌ្ឍនភាពល្អប្រសើរតាមរយៈគម្រោងអន្តរាគមន៍រយៈពេល ៤ ឆ្នាំមកនេះ ដែលអត្រាក្រិសក្រិន និងស្គមស្គាំងនៃកុមារអាយុក្រោម ៥ ឆ្នាំបានថយចុះគួរឱ្យកត់សម្គាល់ ខណៈដែលអត្រាគ្របដណ្ដប់សេវាផ្គត់ផ្គង់ទឹក និងអនាម័យជាមូលដ្ឋានបានកើនឡើងខ្លាំង ដែលភូមិ ឃុំ និងស្រុកមួយចំនួនឈានទៅសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល (ODF) ទាំងស្រុង។
ករណីសិក្សានេះបញ្ជាក់ថា៖ «លទ្ធផលជាវិជ្ជមាននេះ អាចសន្និដ្ឋានបានថា វាបានបង្ហាញពីទំនាក់ទំនងរវាងការបង្កើនសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅសហគមន៍ ជួយឱ្យមានភាពប្រសើរឡើងនៃស្ថានភាពអាហារូបត្ថម្ភ និងសុខភាពកុមារ ជាពិសេសរួមចំណែកកាត់បន្ថយអត្រាក្រិសក្រិន និងអត្រាស្គមស្គាំងកុមារ ក្រោមអាយុ ៥ ឆ្នាំ»។
បើតាមការសិក្សានៅឆ្នាំ ២០២២ គួរឱ្យអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ដែលបានកាត់បន្ថយអត្រាក្រិសក្រិនកុមារអាយុក្រោម ៥ ឆ្នាំថយចុះមកត្រឹម ២២%។ ទន្ទឹមគ្នានេះដែរ អត្រាគ្របដណ្ដប់សេវាផ្គត់ផ្គង់ទឹក និងអនាម័យជាមូលដ្ឋានក្នុងក្របខ័ណ្ឌទូទាំងប្រទេសក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ពី ៧៥ ដល់ ៧៨% គិតដល់ឆ្នាំ ២០១៩។
យ៉ាងណាក្តី ករណីសិក្សានេះបង្ហាញថា អត្រាប្រេវ៉ាឡង់ក្រិសក្រិននៅតែខ្ពស់ រឺឯការទទួលបានសេវាផ្គត់ផ្គង់ទឹក និងអនាម័យជាមូលដ្ឋាន នៅតែមានគម្លាត និងវិសមភាពរវាងទីក្រុង និងជនបទ។
លោក ជា សំណាង អនុប្រធានក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ បាននិយាយថា ដើម្បីលើកកម្ពស់សុខភាពកុមារ និងស្ត្រីដោយកាត់បន្ថយអត្រាក្រិសក្រិន និងស្គមស្គាំងកុមារតាមសហគមន៍ គឺទាមទារឱ្យមានអន្តរាគមន៍ពេញលេញក្នុងការស្ដារស្ថានភាពអាហារូបត្ថម្ភ ដោយរួមបញ្ចូលសេវាផ្គត់ផ្គង់ទឹក និងអនាម័យជាមូលដ្ឋានផងដែរ។ «មកដល់ពេលនេះ មិនទាន់មានគោលការណ៍ណែនាំ ឬបទដ្ឋានគំរូប្រតិបត្តិណាមួយច្បាស់លាស់នៅឡើយអំពីការដាក់បញ្ចូលគ្នាឬការបន្ស៊ីគ្នារវាងអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹក អនាម័យ និងអាហារូបត្ថម្ភនៅឡើយទេ»។
លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិថ្លែងថា ករណីសិក្សានេះ គឺដើម្បីចែករំលែកបទពិសោធន៍ ការអនុវត្តជាក់ស្ដែងអំពីយន្តការសម្របសម្រួល វិធីសាស្ត្រអនុវត្ត និងពិនិត្យមើលការប្រែប្រួលជាវិជ្ជមានអំពីស្ថានភាពអាហារូបត្ថម្ភ សេវាផ្គត់ផ្គង់ទឹក និងអនាម័យជាមូលដ្ឋាននៅសហគមន៍។
«យើងសង្ឃឹមជឿជាក់ថា របាយការណ៍ករណីសិក្សាស្តីពីដំណោះស្រាយការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរ ដល់អាហារូបត្ថម្ភ ដើម្បីសុខភាពកុមារ និងការអភិវឌ្ឍកុមារតូចនៅកម្ពុជានេះនឹងក្លាយជាធនធានមួយទៀតសម្រាប់ជាប្រយោជន៍ដល់អ្នករៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងអ្នកអនុវត្តកម្មវិធីនានា ក្នុងវិស័យអាហារូបត្ថម្ភ និងវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ...»៕