ភ្នំពេញៈ មូលនិធិជាតិជំនួយសង្គមគ្រោងនឹងបញ្ចប់ការរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីមូលដ្ឋានស្ដីពី «សៀវភៅគោលការណ៍ណែនាំអប់រំផ្សព្វផ្សាយសុខភាពមាតា ទារក និងអាហារូបត្ថម្ភ» នាដើមខែមិថុនា ខាងមុខនេះ ខណៈដែលវគ្គបណ្ដុះបណ្ដាលនេះបានគ្របដណ្ដប់ទៅលើឃុំ/សង្កាត់ចំនួន ៨០ ភាគរយនៅទូទាំងប្រទេស។
លោក ឈួរ សុបញ្ញា អគ្គនាយកមូលនិធិជាតិជំនួយសង្គមបានឱ្យដឹងថា ការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «សៀវភៅគោលការណ៍ណែនាំអប់រំផ្សព្វផ្សាយសុខភាពមាតា ទារក និងអាហារូបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ»ជូនដល់មន្ត្រីមូលដ្ឋាន ដែលមានភារកិច្ចជាអ្នកកាន់សាច់ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំបានធ្វើឡើងនៅគ្រប់ស្រុកឃុំ/សង្កាត់គ្រប់ខេត្តទាំង ២៥ រាជធានី/ខេត្តក្នុងប្រទេសកម្ពុជា។
លោកបន្តថា គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះទី១ ជាការផ្សព្វផ្សាយអំពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ។ ទី២ បណ្ដុះបណ្តាលមន្ត្រីមូលដ្ឋានឱ្យយល់អំពីវិធីសាស្ត្រនៃការផ្លាស់ប្តូរឥរិយាបថរបស់អ្នកទទួលផលដើម្បីឱ្យពួកគាត់ចេះគ្រប់គ្រងនូវផែនការថវិកាដែលយកចេញពីរាជរដ្ឋាភិបាល និងមួយទៀតដើម្បីឱ្យពួកគាត់ចេះប្រើប្រាស់ថវិកានោះយកទៅពង្រីកប្រព័ន្ធអាហារូបត្ថម្ភសម្រាប់កុមារ។ គោលបំណងទី៣ គឺការជំរុញឱ្យមានការថែទាំសុខភាពរបស់ស្ដ្រីមានផ្ទៃពោះផងដែរ។
លោក ឈួរ សុបញ្ញា បានមានប្រសាសន៍ថា៖«អ៊ីចឹងសារៈសំខាន់នៃបណ្ដុះបណ្ដាលនេះ គឺធ្វើយ៉ាងណាឱ្យអ្នកអនុវត្តកម្មវិធីរបស់យើងបានដឹងពីតួនាទីរបស់ខ្លួនដើម្បីជំរុញឱ្យអ្នកទទួលផលរបស់យើង ជាពិសេសគឺកុមារតាំងពីក្នុងពោះ រហូតដល់កុមារអាយុ២ឆ្នាំ គឺពួកគាត់ត្រូវមានការថែទាំសុខភាពរបស់ខ្លួនជាមួយនឹងការថែទាំកូន»។
លោកបានបន្តថា គិតមកដល់ពេលនេះវគ្គបណ្ដុះបណ្ដាលបានចាប់ផ្ដើមអនុវត្តរយៈពេលជិត១ខែមកហើយ ដោយបាន គ្របដណ្ដប់ទៅលើឃុំ/សង្កាត់ចំនួន៨០ភាគរយ ហើយនៃក្របខ័ណ្ឌស្រុក/ខណ្ឌទូទាំងប្រទេស។ លោកបានបន្ថែមថា មូលនិធិជាតិជំនួយសង្គមនេះនឹងគ្រោងបញ្ចប់ការផ្ដល់វគ្គបណ្ដុះបណ្ដាលជូនមន្ត្រីមូលដ្ឋាន នៅគ្រប់ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជានាដើមខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
ចាប់តាំងពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំមក អ្នកទទួលផលមាន ជាង៣១ម៉ឺននាក់។ក្នុងនោះស្ដ្រីមានចំនួនសរុប២០ម៉ឺននាក់ និងកុមារអាយុក្រោម២ឆ្នាំមានចំនួនសរុប១១ម៉ឺននាក់ ដោយបានចំណាយសាច់ប្រាក់ឧបត្ថម្ភសរុបចំនួន២៤,២៧លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមលោកឈួរ សុបញ្ញា៕