ភ្នំពេញៈយូនីសេហ្វបង្ហាញក្តីបារម្ភបន្ទាប់ពីរកឃើញថាកុមារនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកក្នុងនោះក៏មានកម្ពុជាផងដែរទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីគ្រោះមហន្តរាយអាកាសធាតុ ខណៈតំបន់ទាំងនោះកំពុងប្រឈមនឹងគ្រោះមហន្តរាយអាកាសធាតុបន្ទាន់ៗកើនឡើងដែលធ្វើឱ្យចុះខ្សោយដល់សមត្ថភាពទប់ទល់របស់កុមារ និងធ្វើឱ្យមានវិសមភាពកាន់តែខ្លាំងថែមទៀត។
សេចក្តីប្រកាសព័ត៌មានចេញផ្សាយពីទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ បានឱ្យដឹងថា កុមារនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកទទួលរងផលប៉ះពាល់ខ្លាំងជាងតំបន់ណាៗទាំងអស់ពីមុខ សញ្ញាគ្រោះថ្នាក់ និងគ្រោះមហន្តរាយបន្ទាន់របស់អាកាសធាតុ និងបរិស្ថាន។
ការអះអាងបែបនេះ គឺយោងតាមរបាយការណ៍ប្រចាំតំបន់ចុងក្រោយបំផុតរបស់យូនីសេហ្វដែលមានចំណងជើងថា “លើសពីចំណុចគ្រោះថ្នាក់” ខណៈរបាយការណ៍បានបង្ហាញពីតម្រូវការបន្ទាន់ដែលត្រូវវិនិយោគលើសេវាសង្គម និងគោលនយោបាយប្រកបដោយភាពវៃឆ្លាតផ្នែកអាកាសធាតុដើម្បីការពារកុមារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
ប្រភពដដែលបញ្ជាក់ថា៖ «បច្ចុប្បន្ន កុមារដែលកើតនៅក្នុងតំបន់នេះ កំពុងតែទទួលរងគ្រោះមហន្តរាយនានា ទាក់ទងនឹងអាកាសធាតុកើនឡើងដល់ទៅ៦ដង បើធៀបនឹងជីដូនជីតារបស់ពួកគេ។ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះតំបន់នេះបានទទួលរងការកើនឡើងនូវទឹកជំនន់ចំនួន ១១ ដង ខ្យល់ព្យុះចំនួន ៤ ដង គ្រោះរាំងស្ងួតចំនួន ២,៤ ដង និងគ្រោះបាក់ដីចំនួន ៥ ដង»។
យូនីសេហ្វ បានអះអាងក្នុងសេចក្តីប្រកាសនោះថា ដោយសារសីតុណ្ហភាព និងនីវ៉ូទឹកសមុទ្រកើនឡើង និងអាកាសធាតុធ្ងន់ធ្ងរខ្លាំង ដូចជាខ្យល់ព្យុះកន្ត្រាក់ ទឹកជំនន់ធ្ងន់ធ្ងរ គ្រោះបាក់ដី និងគ្រោះរាំងស្ងួតកំពុងតែកើនឡើងនោះ កុមាររាប់លាននាក់កំពុងតែប្រឈមនឹងហានិភ័យដែលនាំឱ្យកុមារជាច្រើននិងក្រុមគ្រួសាររបស់ពួកគេប្រឈមមុខនឹងការផ្លាស់ប្តូរលំនៅនិងខិតខំតស៊ូដើម្បីរស់រានមានជីវិតដោយមានឱកាសតិចតួច ឬគ្មានឱកាសក្នុងការទទួលបានសេវាថែទាំសុខភាព ការអប់រំ ទឹក និងអនាម័យ។
លោកស្រី Debora Comini ប្រធានយូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានលើកឡើងថា ស្ថានភាពរបស់កុមារក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកគឺស្ថិតក្នុងភាពគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។លោក ស្រីបន្តថា វិបត្តិអាកាសធាតុកំពុងតែបង្កហានិភ័យដល់អាយុជីវិតពួកគេ ដោយធ្វើឱ្យពួកគេបាត់បង់កុមារភាព និងសិទ្ធិរបស់ពួកគេចំពោះការរស់រានមានជីវិត និងការចម្រើនវ័យធំធាត់។
លោកស្រីបានបញ្ជាក់ថា៖«យើងត្រូវការវិធានការបន្ទាន់ និងកិច្ចសហការពីសំណាក់រដ្ឋាភិបាល វិស័យធុរកិច្ច និងដៃគូអភិវឌ្ឍន៍ដើម្បីដោះស្រាយឧបសគ្គធំៗ១ចំនួនក្នុងការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ និងផ្តល់សេវាដែលមានភាពវៃឆ្លាតចំពោះអាកាសធាតុដើម្បីឱ្យកុមារអាចធំធាត់ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងសុខភាពល្អ»។
យោងតាមការវិភាគចុងក្រោយបំផុតផ្អែកលើសន្ទស្សន៍ហានិភ័យអាកាសធាតុចំពោះកុមារ (CCRI) នៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានបង្ហាញថា កុមារជាង២១០លាននាក់ប្រឈមុខយ៉ាងខ្លាំងទៅនឹងព្យុះស៊ីក្លូន ហើយកុមារ១៤០លាននាក់បានប្រឈមុខយ៉ាងខ្លាំងទៅនឹងបញ្ហាខ្វះខាតទឹកខណៈកុមារ១២០លាននាក់ បានរងគ្រោះយ៉ាងខ្លាំងទៅនឹងទឹកជំនន់តាមឆ្នេរសមុទ្រព្រមទាំងកុមារ៤២០លាននាក់ត្រូវប៉ះពាល់ដោយការបំពុលខ្យល់។
ការវិភាគនេះក៏បានអះអាងដែរថា៖«សន្ទស្សន៍ហានិភ័យអាកាសធាតុចំពោះកុមារ(CCRI)បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាលំដាប់ទី៤៦ក្នុងចំណោមប្រទេស១៦៣ដែលស្ថិតក្នុងចំណោម១ភាគ៣ដែលកំពុងប្រឈមនឹងហានិភ័យខ្ពស់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។របាយការណ៍បានរកឃើញថាកុមារកម្ពុជាងាយរងគ្រោះខ្ពស់ពីបញ្ហាខ្វះទឹក ទឹកជំនន់ទន្លេ និងជំងឺឆ្លងនានា»។
តាមរយៈនេះយូនីសេហ្វបានអះអាងថានៅពេលដែលគ្រោះមហន្តរាយបន្ទាន់ទាំងនេះកើតឡើងព្រមពេលជាមួយវិបត្តិផ្សេងៗទៀតដូចជា អសន្តិសុខស្បៀង បញ្ហាខ្វះអាហារូបត្ថម្ភ និងការរីករាលដាលជំងឺឆ្លង វាបង្កការលំបាកសម្រាប់កុមារដែលងាយរងគ្រោះបំផុត ជាពិសេសកុមារមកពីសហគមន៍ក្រីក្រ និងដាច់ស្រយាល និងកុមារមានពិការភាពក្នុងការទប់ទល់និងស្តារឡើងវិញ។យូនីសេហ្វបានប្រមើលមើលថាទីបំផុត ផល
ប៉ះពាល់ទាំងនេះ នឹងធ្វើឱ្យរឹតតែធ្ងន់ធ្ងរដល់វិសមភាពដែលកុមារប្រឈមមុខរួចទៅហើយ ដោយរុញច្រានអ្នកដែលក្រីក្របំផុតឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្របន្ថែមទៀត។
យូនីសេហ្វបានបញ្ជាក់ថា៖«យូនីសេហ្វ អំពាវនាវឱ្យមានវិធានការបន្ទាន់ពីសំណាក់រដ្ឋាភិបាល វិស័យធុរកិច្ច និងដៃគូអភិវឌ្ឍន៍ដើម្បីវិនិយោគលើការផ្តល់សេវាសង្គមប្រកបដោយភាពវៃឆ្លាតផ្នែកអាកាសធាតុរួមទាំងការអប់រំ ការថែទាំសុខភាព និងការផ្គត់ផ្គង់ទឹក និងអនាម័យ ប្រព័ន្ធជូនដំណឹងជាមុន និងកិច្ចគាំពារសង្គមដែលឆ្លើយតបនឹងអាកាសធាតុ ដូចជាការផ្ទេរសាច់ប្រាក់ជាដើម»។
លោកWill Parks នាយកយូនីសេហ្វប្រចាំកម្ពុជា បានចាត់ទុកវិបត្តិនៃការប្រែប្រួលអាកាសធាតុថាជាវិបត្តិសិទ្ធិកុមារដោយសារវាប៉ះពាល់ដល់សុខុមាលភាពកុមារខ្លាំងជាងគេ។លោកបន្តថាស្ថានភាពគ្រោះមហន្តរាយដូចជារលកកម្តៅ ទឹកជំនន់ ការបំពុលខ្យល់ និងទឹកទន្លេ គឺត្រូវបានគេរំពឹងទុកថា មានសភាពកាន់តែធ្ងន់ធ្ងរ ប្រសិនបើពុំមានសកម្មភាពឆ្លើយតបបន្ទាន់និងជាបន្តបន្ទាប់ រួមគ្នាពីសំណាក់រដ្ឋាភិបាល វិស័យធុរកិច្ច និងសហគមន៍ ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
លោកបានអះអាងថា៖«យូនីសេហ្វកំពុងសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលនិងដៃគូនានាបង្កើនសមត្ថភាពភាពស៊ាំនឹងអាកាសធាតុនៃសហគមន៍ងាយរងគ្រោះនិងលើកកម្ពស់សិទ្ធិអំណាចដល់យុវជន ដើម្បីឲ្យពួកគេធ្វើសកម្មភាពវិជ្ជមានសម្រាប់ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ»។
តាមការវិភាគចុងក្រោយរបស់យូនីសេហ្វបានរកឃើញថាកុមារជាច្រើនបានប្រឈមមុខចំពោះគ្រោះបន្ទាន់ ភាពតានតឹងឬមុខសញ្ញាគ្រោះថ្នាក់អាកាសធាតុនិងបរិស្ថានលើសពីមួយប្រភេទដោយក្នុងនោះកុមារចំនួន ៤៤៣លាននាក់ប្រឈមមុខនឹងគ្រោះបន្ទាន់អាកាសធាតុចាប់ពី៣ប្រភេទឡើងទៅ៨៩ភាគរយ ធៀបនឹង៧៣ភាគរយក្នុងសកលលោក។
ចំណែកកុមារចំនួន៣២៥លាននាក់ប្រឈមមុខនឹងគ្រោះបន្ទាន់អាកាសធាតុចាប់ពី៤ប្រភេទឡើងទៅ៦៥ភាគរយធៀបនឹង៣៧ភាគរយក្នុងសកលលោក ហើយកុមារចំនួន២០៤លាននាក់ប្រឈមមុខនឹងគ្រោះបន្ទាន់អាកាសធាតុចាប់ពី៥ប្រភេទឡើងទៅ៤១ភាគរយ ធៀបនឹង១៤ភាគរយក្នុងសកលលោក ខណៈកុមារចំនួន៦៣លាននាក់ប្រឈមមុខនឹងគ្រោះបន្ទាន់អាកាសធាតុចាប់ពី៦ប្រភេទឡើងទៅ១២ភាគរយធៀបនឹង ៣ភាគរយក្នុងសកលលោក៕