សៀមរាបៈលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍តម្រង់ទិសការអនុវត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីកសិកម្មខេត្តសៀមរាប ដោយត្រូវសិក្សាស្វែងយល់ និងរៀបចំគោលនយោបាយកសិកម្មខេត្តឱ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយវិស័យកសិកម្ម។
លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍បែបនេះ ក្នុងពេលដែលលោកនិងថ្នាក់ដឹកនាំក្រសួងកសិកម្មបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៅស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល កាលពីថ្ងៃទី២៥ឧសភា។ នេះបើយោងតាមផេកហ្វេសប៊ុកក្រសួងកសិកម្ម។
ជាមួយគ្នានេះដែរ លោក ឌិត ទីណា ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់លើការងារស្រាវជ្រាវ តាមដានតម្រង់ទិស ដើម្បីជំរុញផលិតកម្មប្រកបដោយផលិតភាព គុណភាព សុវត្ថិភាព និងតម្លៃទីផ្សារល្អ ដោយមិនផលិតលើសតម្រូវការដែលនាំឱ្យតម្លៃធ្លាក់ចុះឡើយ៕