កម្ពុជា ក្នុងនាមជាប្រទេសដែលងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បានបង្ហាញការតាំងចិត្តនិងត្រៀមខ្លួនរួចរាល់ សម្រាប់ចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាសកលប្រកបដោយប្រសិទ្ធភាព។
ការតាំងចិត្តនេះត្រូវបានលើកក្នុងអំឡុងពេល ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយលេខាធិការអាស៊ាន និងអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) បានរៀបចំកិច្ចប្រជុំលើកទី៣ ស្តីពី ភាពជាដៃគូរបស់អាស៊ានសម្រាប់ដំណើរឆ្ពោះទៅកាន់សន្និសីទទី ២៨ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28)។
កិច្ចប្រជុំនេះធ្វើឡើងនៅកម្ពុជា ដឹកនាំដោយលោក ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងជាជនបង្គោលក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ (AWGCC) លោក Ahmad Farid Mohammed ប្រធានប្តូរវេន AWGCC និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីក្រសួងបរិស្ថាន លេខាធិការដ្ឋានអាស៊ាន តំណាងរដ្ឋសមាជិកអាស៊ាន សមាជិក សមាជិកា AWGCC មន្រ្តីអង្គការ GIZ និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៦០ រូប នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
ក្នុងឱកាសបើកកិច្ចប្រជុំលោក ហាក់ ម៉ៅ បានសង្កត់ធ្ងន់ថា សុខសន្តិភាពបានផ្តល់កាលានុវត្តភាពដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបរិស្ថាន ជាពិសេសការគិតគូរលើការងារប្រែប្រួលអាកាសធាតុ។ លោកបន្តថា ក្រសួងបរិស្ថានក្នុងនាមជាម្ចាស់ផ្ទះ មានមោទនភាពក្នុងកិច្ចសហការរៀបចំកិច្ចប្រជុំថ្នាក់តំបន់នេះឡើង ដើម្បីបង្ហាញពីជំហរបស់កម្ពុជានិងប្រទេសសមាជិកអាស៊ានក្នុងការចែករំលែកគោលនយោបាយ និងផែនការសកម្មភាពអាទិភាព ជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ សំដៅដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ពិសេសសម្រាប់កិច្ចប្រជុំ COP28 នាពេលខាងមុខ។
លោក ហាក់ ម៉ៅ គូសបញ្ជាក់ថា៖«កម្ពុជាក្នុងនាមជាប្រទេសដែលងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបានត្រៀមខ្លួនរួចរាល់ សម្រាប់ចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយបញ្ហាសកលនេះ តាមរយៈរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងយុទ្ធសាស្រ្តពាក់ព័ន្ធផ្សេងទៀត»។
ពាក់ព័ន្ធការប្រែប្រួលអាកាសធាតុនេះដែរ នៅសន្និសីទអាកាសធាតុ COP27 នាប្រទេសអេហ្ស៊ីប ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ កម្ពុជាបានយល់ព្រមចុះកិច្ចព្រមព្រៀងលក់ឥណទានកាបូនប្រមាណ ១៥ លានតោនជាមួយបណ្តាដៃគូអន្តរជាតិ ក្នុងន័យដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងបញ្ចប់ការកាប់បំផ្លាញព្រៃឈើក្នុងគម្រោង REDD+ របស់កម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាមួយសកលលោក។
ជាមួយគ្នានេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទអាកាសធាតុ COP27 នៅអេហ្ស៊ីប បានលើកឡើងថា មូលនិធិដែលបានមកពីការលក់ឥណទានកាបូន (VERs) ជួយក្រសួងបរិស្ថានរបស់កម្ពុជា អនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសយើងក្នុងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ រួមទាំងការផ្លាស់ប្តូររបស់យើងទៅកាន់កម្មវិធី REDD+ ។
ក្របខ័ណ្ឌ REDD+ ជាគម្រោងបង្កើតឡើងដោយសន្និសីទអង្គការសហប្រជាជាតិ សំដៅដល់ការកាត់បន្ថយការបំភាយឧស្ម័នដែលកើតចេញពីការកាប់បំផ្លាញព្រៃឈើ និងការសឹករេចរឹលរបស់គម្របព្រៃឈើ ជាមួយយន្តការអភិរក្ស ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ការស្តុកកាបូនព្រៃឈើនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
សូមជម្រាបថា កិច្ចប្រជុំខាងលើ បានពិភាក្សានិងផ្តល់ធាតុចូលទៅលើរបៀបវារៈចំនួន ៥ ក្នុងនោះរួមមាន ១ របៀបវារៈសំខាន់ៗសម្រាប់កិច្ចប្រជុំ COP27 (ហិរញ្ញប្បទានអាកាសធាតុ គោលដៅសកលសម្រាប់ការបន្ស៊ាំ កិច្ចបាត់បង់និងខូចខាត ថាមពល) ២ ការកំណត់ផែនការសកម្មភាពអាទិភាពរបស់បណ្តាប្រទេសអាស៊ានក្នុងការរៀបចំជំហរួមសម្រាប់ COP28។ ៣ ទស្សនវិស័យអាស៊ានសម្រាប់ COP28 ៤ អន្តរវិស័យអាទិភាពរបស់អាស៊ានសម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងយន្តការអនុវត្តន៍កិច្ចបាត់បង់និងខូចខាត និងទី៥ ការប្តេជ្ញាចិត្តក្នុងភាពជាដៃគូរបស់អាស៊ានសម្រាប់ COP28។
ជំហានបន្ទាប់ សេចក្តីព្រាងជំហរបស់អាស៊ានសម្រាប់ COP28 នឹងត្រូវពិនិត្យបន្ថែមដោយក្រុមការងារ AWGCC មុននឹងដាក់អនុម័តនាកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសឥណ្ឌូនេស៊ី នាពេលខាងមុខ៕