ព្រះសីហនុៈរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ចេញអាទិភាពពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណៈ និងគម្រោងដំឡើង Wi-Fi សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀតក្នុងខេត្តព្រះសីហនុ។
ការដាក់ចេញនេះធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារសម្រាប់គ្រប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២) កាលពីថ្ងៃទី២៥ ខែឧសភា នៅខេត្តព្រះសីហនុ។
នៅក្នុងសិក្ខាសាលានេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញពីផែនការសកម្មភាពដើម្បីពង្រឹងការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល។
ហ្វេសប៊ុកក្រសួងបញ្ជាក់នាថ្ងៃទី២៦ ខែឧសភា ថា៖«ឯកឧត្ដមរដ្ឋមន្ត្រីក៏បានដាក់ចេញអាទិភាពក្នុងការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណ:ក្នុងខេត្តព្រះសីហនុ និងគម្រោងដំឡើង Wi-Fi សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀត»។
ហ្វេសប៊ុកក្រសួង បន្តថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញឆន្ទៈក្នុងការសហការចូលរួមគាំទ្ររបស់រដ្ឋបាលខេត្តនេះក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ លោកថា វិស័យនេះមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស៕