កណ្តាលៈ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តជំរុញឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចគោរពច្បាប់ចរាចរណ៍ និងបន្តរឹតបន្តឹងការអនុវត្តច្បាប់បើទោះបីអត្រាគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៤ ខែ នៅដើមឆ្នាំ ២០២៣ ត្រូវបានកាត់បន្ថយ ១៥៤ លើក ឬស្មើ ១៣% ក្តី។
ការជំរុញនេះត្រូវបានធ្វើឡើងនៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ ប្រារព្ធធ្វើនៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលព្រឹកថ្ងៃទី ២៥ ខែឧសភា។ នាឱកាសនោះ លោក ស ខេង បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំច្បាប់ ការសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងកិច្ចការសំខាន់ៗជាច្រើនទៀតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ លោកក៏អរគុណចំពោះអ្នកប្រើប្រាស់ផ្លូវពីគ្រប់មជ្ឈដ្ឋានដែលបានចូលរួមយ៉ាងសកម្មក្នុងចលនាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាពេលកន្លងមក។
លោកថា៖ «ការចូលរួមទាំងនេះបានធ្វើឱ្យអត្រាគ្រោះថ្នាក់បានថយចុះគួរឱ្យកត់សម្គាល់ ជាក់ស្តែងគិតត្រឹមរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៣ នេះ ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ឃើញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយចំនួន ១៥៤ លើក ឬស្មើ ១៣% ក្នុងនោះអ្នកស្លាប់បានថយចុះ ១៨០ នាក់ ស្មើនឹង ២៦% ចំណែកឯអ្នករបួសបានថយចុះ ចំនួន ៣០១ នាក់ ស្មើនឹង ១៨%។
បើទោះបីជាទិន្នន័យនេះមានការថយចុះក្តី ក៏លោក ស ខេង នៅតែបន្តជំរុញ និងអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឱ្យចូលរួមអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ជាមួយនឹងការយកចិត្តទុកដាក់បើកបរប្រកបដោយការទទួលខុសត្រូវ និងបង្កើនឆន្ទៈគោរពអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន។
ទន្ទឹមនេះ លោកក៏ជំរុញឱ្យសមត្ថកិច្ច ចៀសវាងការយកច្បាប់ចរាចរណ៍ ធ្វើជាអាជីវកម្ម ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។លោកបញ្ជាក់ថា៖ «យើងសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ទោះបីមានកម្រិតមួយទាបជាងមុនក៏ដោយ។ សូមឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមឱ្យបានសកម្មថែមទៀតរួមគ្នាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០% តាមដែលអាចធ្វើបាន»។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាព និងត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងពេលកំពុងបើកបរ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកណ្តាល បានឱ្យដឹងថា ខេត្តបានអនុវត្តដោយយកចិត្តទុកដាក់ ប្រកបដោយភាពម៉ឺងម៉ាត់លើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គួរឱ្យកត់សម្គាល់។ គិតត្រឹមត្រីមាសទី១ ដើមឆ្នាំ ២០២៣ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកណ្តាលកើតមាន ៣៣ លើក ខណៈកាលពីឆ្នាំមុនមាន ៥៩ លើក គឺថយចុះ ២៦ លើកស្មើ ៤៤%។ ចំណែកគ្រោះថ្នាក់បណ្ដាលឱ្យស្លាប់ និងរងរបួសសរុបចំនួន ៥៧ លើក ខណៈពីឆ្នាំមុនចំនួន ១១២ លើក។
ពាក់ព័ន្ធនឹងករណីចរាចរណ៍នេះ លោក គង់ សុវណ្ណ ស្ថាបនិក និងជាទីប្រឹក្សាយុទ្ធសាស្ត្រ របស់អង្គការខេមសេហ្វ បានសម្តែងការសាទរចំពោះការថយចុះនេះ ដោយលោកថា ការថយចុះនេះ គឺកើតឡើងដោយសារការគោរពច្បាប់ពីអ្នកប្រើប្រាស់ផ្លូវគ្រប់គ្នាពិសេសការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធនានា។ យ៉ាងណាមិញលោក គង់ សុវណ្ណ នៅតែជំរុញឱ្យគ្រប់គ្នាមានឆន្ទៈរួមគ្នា នៅក្នុងការចូលរួមអនុវត្តច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ពិសេសបង្កើនការអប់រំ ផ្សព្វផ្សាយបន្ថែមពីរបៀបប្រើប្រាស់ផ្លូវថ្នល់ និងយុទ្ធនាការបង្កើនការរឹតបន្តឹងច្បាប់នៅតំបន់ដែលមានហានិភ័យខ្ពស់។
លោកបានថ្លែងថា៖ «ការជោគជ័យនៅលើពិភពលោកពីការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ គឺមានចំណុចគោលគន្លឹះសំខាន់ ២ គឺការអប់រំ និងការរឹតបន្តឹងការអនុវត្តច្បាប់ទាំង ២ នេះជាចំណុចគន្លឹះ ហើយបន្ទាប់មកគឺការធ្វើការបណ្តុះបណ្តាលសមត្ថភាពអ្នកបើកបរពីការប្រើប្រាស់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់»។
តាមរយៈទិវានេះ លោក ស ខេង បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានគណៈកម្មការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឯកភាពគ្នារួចហើយ ប៉ុន្តែត្រូវមានការឆ្លងកាត់ក្រសួងយុត្តិធម៌ ដើម្បីកំណត់ទោសបញ្ញត្តិនូវមាត្រាដែលបានពាក់ព័ន្ធ និងត្រូវឆ្លងកាត់គណៈកម្មការអ្នកអក្សរសាស្ត្រដើម្បីពិនិត្យមើលអក្ខរាវិរុទ្ធបន្ថែម។
ទន្ទឹមគ្នានេះ លោក ស ខេង ក៏បានបន្តជំរុញដល់លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់នេះ ត្រូវពន្លឿន និងត្រៀមបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីឱ្យបានឆាប់ៗ ដើម្បីបើកកិច្ចប្រជុំ ដោយធ្វើយ៉ាងណាឱ្យចប់មុនអាណត្តិទី៦ នេះ៕