ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធចោលបណ្ដឹងរបស់គណបក្សភ្លើងទៀនដែលបានប្តឹងតវ៉ានឹងការសម្រេចរបស់ គ.ជ.ប មិនឱ្យចុះឈ្មោះនិងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំនេះ ជាអ្វីដែលធ្វើឱ្យមន្ដ្រីគណបក្សនេះ បង្ហាញការសោកស្តាយចំពោះការបដិសេធនេះ។
អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ ថា ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញដោយអង្គប្រជុំបានសម្រេចបដិសេធចោលបណ្ដឹងរបស់គណបក្សភ្លើងទៀនប្តឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គ.ជ.ប។
គណបក្សភ្លើងទៀនបានប្តឹងតវ៉ានឹងសេចក្ដីសម្រេចកាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ របស់គ.ជ.ប និងទាមទារឱ្យគ.ជ.បទទួលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន ២៥ មណ្ឌលរាជធានី ខេត្ត។
អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា៖ «ក្រុមប្រឹក្សាធម្មនុញ្ញទទួលពាក្យបណ្ដឹងចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ របស់ឈ្មោះ ទាវ វណ្ណុល, ហុង សុខហួរ និង គីមសួរ ភីរិទ្ធ តំណាងគណបក្សភ្លើងទៀន ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់»។
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាធម្មនុញ្ញក៏បានសម្រេចបដិសេធបណ្ដឹងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលបានប្តឹងសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសម្រេចពីលទ្ធភាពស្តីពីការចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ របស់គណបក្សនេះផងដែរ។
អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៥ ខែឧសភាថា គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ពុំអាចចូលរួមនៅក្នុងការបោះឆ្នោតបានទេ។
លោកបានថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា បើនិយាយពីនីតិរដ្ឋ និងច្បាប់ នោះហើយជាគោលការណ៍សេរី ត្រឹមត្រូវ និងតម្លាភាព ពីព្រោះនីតិរដ្ឋ មិនអាចឃ្លាតឆ្ងាយពីគោលការណ៍សេរី ត្រឹមត្រូវ និងតម្លាភាពបានទេ»។
លោក ព្រហ្ម វិចិត្រអក្ខរា បានបន្តថា៖ «អ៊ីចឹងក្នុងនាមជាស្ថាប័នកំពូលរបស់ជាតិយើងមិនអាចធ្វើអ្វីដែលខុសពីសមត្ថកិច្ចដែលមានកំណត់ក្នុងច្បាប់កំពូលគឺរដ្ឋធម្មនុញ្ញដែលប្រគល់ភារកិច្ចឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ និងដោះស្រាយវិវាទនានាពាក់ព័ន្ធនឹងការបោះឆ្នោត»។
ទាក់ទងនឹងការបដិសេធនេះ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោកគីមសួរ ភីរិទ្ធ បានឱ្យដឹងនៅថ្ងៃទី ២៥ ខែឧសភាថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញគឺជាការកាត់ក្តីចុងក្រោយ ហើយគណបក្សលោកក៏មិនមានអ្វីក្រៅពីការសោកស្តាយតែប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «យើងមានការសោកស្តាយ ពីព្រោះយើងរំពឹងថាអ្វីដែលយើងបានធ្វើកន្លងមកយើងបានដាក់ជូនអស់ហើយ តែពេលនេះក្រុមប្រឹក្សាធម្មនុញ្ញសម្រេចដូចនេះយើងធ្វើតាមគាត់»។
លោក គីមសួរ ភីរិទ្ធ បានបញ្ជាក់ដែរថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀននឹងប្រជុំពិភាក្សាគ្នាបន្តទៀត ថាតើនឹងត្រូវធ្វើយ៉ាងណាទៀត?
លោកបានថ្លែងថា៖ «សកម្មជនក៏ដូចជាសមាជិករបស់គណបក្សយើងមានការខកចិត្ត ដោយសារអ្វីដែលពួកគាត់បានធ្វើគឺរំពឹងថានឹងបានចូលរួមប្រកួតតាមបែបប្រជាធិបតេយ្យហើយអ្វីដែលកាន់តែខកចិត្តជាងនោះទៀត គឺប្រជាជនដែលពួកគាត់រំពឹងថា ការបោះឆ្នោតខាងមុខនឹងមានគណបក្សភ្លើងទៀនចូលរួម តែត្រូវបានខកចិត្ត»។
ជាមួយគ្នានេះ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោក យង់ ពៅ បានលើកឡើងដែរថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាការកាត់សេចក្តីចុងក្រោយ ដោយគណបក្សភ្លើងទៀនពុំមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតខាងមុខនេះទេ។
លោកបានបន្តថា នេះដូចជាអ្វីដែលបានកើតឡើងរួចមកហើយ ហើយក្នុងនាមជាអ្នកតាមដាន លោកអាចរំពឹងថា វាចូលដល់ចំណុចនេះ។ លោក យង់ ពៅ បានបញ្ជាក់ថា៖ «ការដែលយើងរំពឹងដល់ចំណុចនេះ ពីព្រោះគាត់ធ្វេសប្រហែសដោយខ្លួនឯងលើផ្នែកប្រព័ន្ធច្បាប់នៅកម្ពុជា ដោយសារតែភាពយឺតយ៉ាវក្នុងការដាក់ឯកសារទៅគ.ជ.ប។ គាត់មានឥរិយាបថនយោបាយខែងរ៉ែងព្រោះគាត់តែងតែចោទប្រកាន់រាជរដ្ឋាភិបាល មិនគោរពច្បាប់ ច្បាប់ស្រុកខ្មែរមិនត្រឹមត្រូវ មិនមានយុត្តិធម៌ អ៊ីចឹង!គាត់ធ្វេសប្រហែសផ្នែកច្បាប់នេះដោយខ្លួនឯង»។
លោកបានបន្តថា មួយទៀត គណបក្សភ្លើងទៀនមើលស្រាលលើច្បាប់ ដោយក្រុមថ្នាក់ដឹកនាំខ្សោយការយល់ដឹងផ្នែកច្បាប់ មើលងាយច្បាប់ ហើយ ដែលធ្វើឱ្យគណបក្សនេះមានកំហុសផ្នែកច្បាប់ដោយមិនអាចប្រកែកបាន។
លោក យង់ ពៅ បន្ថែមថា៖ «អ៊ីចឹង! នាំឱ្យពួកគាត់ចាញ់ដោយមិនបាច់ប្រកួត ហើយការចាញ់នេះ គឺគ្មានកំហុសនរណាទេគឺជាកំហុសរបស់គាត់ដូចខ្ញុំបានរៀបរាប់ខាងលើនេះហើយនេះជាការសោកស្តាយចំពោះគាត់ដែលកើតចេញពីកំហុសរបស់គាត់តែម្តង»។
សូមរំឭកថា កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ គ.ជ.ប បានចេញសម្រេចបដិសេធទាំងស្រុង ចំពោះការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀនដែលមាន ២៥ មណ្ឌលរាជធានី-ខេត្ត ក្រោយពីមិនបានបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត។
គ.ជ.ប បានបញ្ជាក់ហេតុផលថា៖ «មូលហេតុដោយសារគណបក្សភ្លើងទៀនមិនបានភ្ជាប់មកជាមួយនូវប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្ម»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន ១៨ គណបក្សនយោបាយសម្រាប់បោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រអាណត្ដិទី៧ នៅឆ្នាំនេះ៕