ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញសហជីព ម្ចាស់រោងចក្រ និងតំណាងកម្មករ ខិតខំដោះស្រាយវិវាទឱ្យបានឆាប់ កុំទុកយូរ ដោយមានការចូលរួមពីក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ប្រសិនបើមានករណីវិវាទ។
លោកថ្លែងថា៖ «ហើយបើសិនជាមានករណីវិវាទ ត្រូវដោះស្រាយឱ្យឆាប់ កុំទុកយូរ កុំចិញ្ចឹមទំនាស់។ សហជីព ជាមួយម្ចាស់រោងចក្រ តំណាងកម្មករ ខិតខំដោះស្រាយ ដោយមានការចូលរួមពីក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ដោះស្រាយឱ្យស្រូត។ មានតែគោលការណ៍ឈ្នះឈ្នះប៉ុណ្ណោះដែលអាចដោះស្រាយបាន ហើយចៀសវាងទៅតាមផ្លូវតុលាការ"។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត ២ ម៉ឺននាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីថ្លែងថា នៅកន្លែងខ្លះ ថៅកែរត់ចោលកម្មករ។ ដូច្នេះ បើនៅរង់ចាំថៅកែមកសង់ប្រាក់ ហើយរង់ចាំនីតិវិធីតុលាការលក់ឡៃឡុងដើម្បីយកប្រាក់មកសងកម្មករ កម្មការិនី គឺវាយឺត។
លោកបន្ថែមថា៖ «អ៊ីចឹងទេ បានជាខ្ញុំតែងតែបុរេប្រទានលុយទៅឱ្យក្រសួងការងារដោះស្រាយឱ្យកម្មករ កម្មការិនី ហើយអារឿងនីតិវិធីតុលាការចាំក្រោយ។ កន្លែងខ្លះ យកទៅដោះហើយ លក់អាហ្នឹងវាមិនគ្រប់សង។ អ៊ីចឹង រដ្ឋាភិបាលមានតែប៉ូវចេញខាត ដើម្បីជួស។ តែកម្មករមិនត្រូវបានបាត់បង់ផលប្រយោជន៍ទេ។ ម្ចាស់រោងចក្ររត់ទៅបាត់ហើយ ហើយចាប់អ្នកណាសង។ យើងលក់ឡៃឡុង វាមិនគ្រប់។ បើអ៊ីចឹង មានតែវិធីមួយគឺប៉ះប៉ូវ»៕