មណ្ឌលគិរីៈ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ចំនួន ២២ អដ្ឋិធាតុ ដែលបានពលីក្នុងសម័យសង្គ្រាមនៅក្នុងខេត្តមណ្ឌលគិរី ត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ កាលពីថ្ងៃទី ២៤ ខែឧសភា។
ពិធីសូត្រមន្តបង្សុកូលប្រគល់ទទួល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនេះធ្វើឡើងក្រោមវត្តមាន លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី និងលោកស្រី ហឺយីម កាដត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ និងជាប្រធានគណៈកម្មការជំនាញខេត្តដាក់ឡាក់ វៀតណាម ទៅនៅតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី កាលពីថ្ងៃទី២៤ ខែឧសភា។
លោកស្រី វិន ស៊ីធួន បានអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការជំនាញនៃខេត្តទាំង២ មណ្ឌលគិរី-ដាក់ឡាក់ ដែលបានរួមសហការអនុវត្តការងារ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរលើការងារជីកគាស់រុករកអដ្ឋិធាតុទាំងនេះ។
លោកស្រី ថ្លែងថា៖ «តាំងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី សូមចូលរួមសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសពដែលបានលះបង់កូនចៅ ប្ដី និងសាច់ញាតិ ដើម្បីបុព្វហេតុទឹកដី និងប្រជាពលរដ្ឋកម្ពុជា»។ នេះបើយោងតាមហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នាថ្ងៃទី២៤ ខែឧសភា។
ហ្វេសប៊ុកដដែលបន្តថា លោកស្រី ហឺយីម កាដត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ដែលបានសហការជាមួយ ក្រុមការងារ K51 របស់វៀតណាម ក្នុងការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍ អដិ្ឋធាតុកងទ័ព វៀតណាម ដោយទទួលបានលទ្ធផលល្អប្រសើរ។
លោកស្រីត្រូវបានស្រង់សម្ដីថ្លែងក្នុងពិធីនេះថា៖«ដោយចាប់ផ្ដើមអនុវត្តការងារចាប់ពីឆ្នាំ២០០១ រហូតដល់ ២០២៣នេះ នឹងទទួលបានលទ្ធផល ដោយក្នុងនោះ បានរកឃើញអដ្ឋិធាតុចំនួន ៧១៩អដ្ឋិធាតុ ជាក់ស្ដែង នៅក្នុងរដូវប្រាំងឆ្នាំ២០២២-២០២៣នេះ យើងបានរកឃើញចំនួន ២២អដ្ឋិធាតុ ដែលនឹងត្រូវធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញ»៕