សៀមរាបៈ អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) កំពុងបន្តជួសជុលកែលម្អខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម ដែលរងការខូចខាតជាច្រើនដោយបានបន្ថែមថ្មថ្មីជំនួសថ្មចាស់ខ្លះៗដែលបាត់បង់ឡើងវិញ ដើម្បីរក្សាលំនឹង ធ្វើឱ្យខ្លោងទ្វារនេះទាំងមូលអាចឈរបង្ហាញរាងជាថ្មីសម្រាប់ពេលអនាគត។ នេះបើយោងតាមផេកហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា។
លោក PVNCM ESWAR ដែលជាប្រធានក្រុមនៃស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា មានប្រសាសន៍ថា ការជួសជុលរយៈពេលជាង១ឆ្នាំ ដែលចាប់ដំណើរការតាំងពីដើមខែមករា ឆ្នាំ២០២២មកនោះ គឺគ្រោងនឹងបញ្ចប់ចុងឆ្នាំ២០២៣នេះ។
អ្នកជំនាញរូបនេះបន្តទៀតថា រហូតមកដល់ត្រឹមថ្ងៃទី២៤ ខែឧសភា ក្រុមការងារជួសជុលខ្លោងទ្វារខាងកើត ប្រាសាទតាព្រហ្មសម្រេចបានលទ្ធផលប្រមាណ៧០ភាគរយហើយ។
បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងសម្រុកការងារដំបូលសងខាងនៃខ្លោងទ្វារនេះឱ្យហើយរួចរាល់សិន រួចហើយនឹងឈានទៅដល់ការដំឡើងដំបូលកំពូលកណ្ដាលមួយទៀតដែលជាជំហានជួសជុលចុងក្រោយ។
លោក PVNCM ESWAR ឱ្យដឹងទៀតថា បើទោះបីជាយើងបានដាក់ថ្មថ្មីរួចក៏ពិតមែន ប៉ុន្តែយើងត្រូវសិក្សាបន្ថែមទៀត ថាតើសំណង់ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្មនេះ បន្ទាប់ពីជួសជុលហើយ តើវារឹងមាំបែបណា? ដោយយើងនៅតែតាមដានរហូតនៅពេលជួសជុលថ្មអាចមានបញ្ហាខ្លះៗ។
ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម បានផ្តោតសំខាន់ទៅលើការងារដាប់ឆ្លាក់ក្បាច់ដោយប្រើប្រាស់ជំនួសថ្មចាស់ដែលបានបាត់បង់ និងខូចខាត រួមទាំងដាប់តម្រឹមថ្មដំបូលនិងបិទភ្ជាប់មុខតំណថ្ម និងការពារជម្រាបទឹកភ្លៀងជាដើម។
បើតាមអាជ្ញាធរជាតិអប្សរា បញ្ហាប្រឈមខ្លាំងរបស់ខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម គឺរចនាសម្ព័ន្ធរបស់ខ្លោងទ្វារទាំងមូលតែម្តង ដោយសារ ដើមឈើធំៗដុសឫសចាក់ស្រែះធ្វើឱ្យគ្រឹះរំកិលចេញពីទីតាំងដើមបណ្តាលឱ្យថ្មជញ្ជាំងហែកចេញពីគ្នានឹងអាចបាក់រលំ៕