ភ្នំពេញៈ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (ក.ប.ប) និងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការពិភាក្សាក្នុងសិក្ខាសាលាបច្ចេកទេសស្តីពី «ការផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ និងកិច្ចពិភាក្សាលើការកំណត់អាយុស្របច្បាប់អប្បបរមាដែលអាចទិញគ្រឿងស្រវឹងបាន» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
អគ្គនាយកដ្ឋាន កបប បានឱ្យដឹងថា សិក្ខាសាលាកាលពីថ្ងៃទី២៥ឧសភានេះ ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីផ្សព្វផ្សាយនូវលទ្ធផលនៃការស្រាវជ្រាវលើការកំណត់អាយុស្របច្បាប់អប្បបរមាដែលអាចទិញគ្រឿងស្រវឹងបាន ដែលការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយស្ថាប័ន MM4A។
កបប បន្តថា សិក្ខាសាលានេះ បានដើរតួជាវេទិកា១ក្នុងការបង្កើតការសន្ទនា រវាងភាគីពាក់ព័ន្ធនានា ទាក់ទងនឹងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដែលកម្រិតអាយុសមស្របមួយ ក្នុងការទិញគ្រឿងស្រវឹង និងដើម្បីកំណត់វិធីសាស្ត្រសក្តានុពល ដើម្បីការពារយុវជនមិនទាន់គ្រប់អាយុ ពីការបរិភោគគ្រឿងស្រវឹង ក្នុងខណៈពេលដែលច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង មិនទាន់ត្រូវបានអនុម័ត និងអនុវត្តជាផ្លូវការនៅឡើយ៕