ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងថា «កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស» ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាន់តែជិតឈានចូលមកដល់នាខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ។
ការអះអាងនេះ បន្ទាប់ពីមានការអធិប្បាយមួយចំនួនបានបង្កឱ្យមានការភាន់ច្រឡំធ្វើឡើងដោយគ្មានមូលដ្ឋានការពិត និងមានលក្ខណៈលំអៀងក្រោមហេតុផលនយោបាយ។ នេះបើតាមសេចក្តីថ្លែងការណ៍ព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣។
ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងការបរទេស មានកាតព្វកិច្ចផ្តល់ការបកស្រាយបំភ្លឺ ទាក់ទងនឹងការលើកឡើងថា គណបក្សភ្លើងទៀន ត្រូវបានរារាំងមិនឱ្យចូលរួមក្នុងការបោះឆ្នោតជាតិ នាខែកក្កដា។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖«ការពិត គណបក្សនយោបាយនេះ ពុំបានគោរពឱ្យបានហ្មត់ចត់តាមច្បាប់បោះឆ្នោត ទោះបីជាមានសេចក្តីជូនដំណឹង និងការណែនាំជាច្រើនលើកច្រើនសារបស់អាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក៏ដោយ។ ការខកខានមិនអនុវត្តតាមដំណើរការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត គឺជាការទទួលខុសត្រូវរបស់គណបក្សនេះខ្លួនឯង ក្នុងនាមជាគណបក្សដែលបានដាក់ពាក្យស្នើសុំ»។
អ្នកនាំពាក្យការបរទេសបញ្ជាក់ទៀតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលខុសត្រូវក្នុងការអនុវត្តដំណើរការបោះឆ្នោត ដោយប្រើប្រាស់ស្តង់ដាតែមួយ និងផ្អែកលើមូលដ្ឋាននៃគោលការណ៍យុត្តិធម៌ សមភាព និងនីតិវិធីត្រឹមត្រូវ ដូចដែលស្ថាប័នគ្រប់គ្រងការបោះឆ្នោតនៅក្នុងបណ្តាប្រទេសដទៃផ្សេងទៀតអនុវត្តដោយគោរពតាមនីតិរដ្ឋ។
«ប្រសិនបើគណបក្សនយោបាយ ១៨ ផ្សេងទៀតគោរពតាមដំណើរការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត នោះគណបក្សដែលមិនគោរពច្បាប់ មិនគួរទទួលបានបុព្វសិទ្ធិពិសេសឡើយ ដើម្បីភាពយុត្តិធម៌សម្រាប់គ្រប់គណបក្សទាំងអស់។ ការអនុញ្ញាតឱ្យមានបុព្វសិទ្ធិពិសេសណាមួយនឹងត្រូវចាត់ទុកថា ជាការអនុវត្តស្តង់ដាពីរ។ គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្សនយោបាយមួយទៀត ដែលពុំបានបំពេញកាតព្វកិច្ចដាក់ឯកសារគ្រប់គ្រាន់ ប៉ុន្តែគណបក្សនេះបានប្រកាសទទួលយកដោយសុឆន្ទៈនូវសេចក្តីសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ»។ អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់បន្ថែម។
ក្រសួងបញ្ជាក់ទៀតថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ល្គឹកណា គ្រប់គណបក្សនយោបាយទាំងអស់អនុវត្តសិទ្ធិក្នុងរង្វង់ដែនកំណត់នៃច្បាប់ នោះទើបបរិយាកាសអំណោយផលដល់ការបោះឆ្នោតអាចធានាបាន។ សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា៖« មិនមែនសិទ្ធិទាំងអស់ មានលក្ខណៈដាច់ខាតឡើយ ហើយឧក្រិដ្ឋកម្មមួយមិនអាចធ្វើយុត្តិកម្មថា ជាការតស៊ូផ្នែកសីលធម៌ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ។ អវត្ដមាននៃគណបក្សនយោបាយចំនួនពីរ ពីដំណើរការបោះឆ្នោត ដោយសារតែការមិនគោរពតាមច្បាប់ មិនធ្វើឱ្យប៉ះពាល់ដល់ភាពសេរីនិយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាឡើយ»។
សេចក្តីថ្លែងការណ៍ព័ត៌មានដដែលបន្តថា ចំពោះវត្តមានរបស់អ្នកសង្កេតការណ៍បោះឆ្នោតវិញ កម្ពុជាសូមស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលមានចំណាប់អារម្មណ៍ ដើម្បីអញ្ជើញមកចូលរួមធ្វើជាសាក្សីដោយផ្ទាល់នៅក្នុងដំណើរការបោះឆ្នោត។ ជារដ្ឋអធិបតេយ្យមួយ សំឡេងឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវតែគោរពតាម ហើយសេចក្ដីអញ្ជើញជាចំហនេះបង្ហាញឱ្យឃើញអំពីសុច្ឆន្ទៈ និងភាពបើកចំហរបស់កម្ពុជាចំពោះពិភពលោកខាងក្រៅ៕