ភ្នំពេញៈ គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវការ​អ្នក​សង្កេតការណ៍​ជាតិ​ចំនួន ២៩ ១៦៤ នាក់ មក​ពី​១១ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ចូលរួម​សង្កេត​មើល​ដំណើរការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នា​ខែ​កក្កដា ខាង​មុខ​នេះ គិត​ត្រឹម​ថ្ងៃទី​២៥ ខែ​ឧសភា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី គ.ជ.ប។

គ.ជ.ប បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​២៦ ខែ​ឧសភា ថា ក្រៅពី​នេះ គ.ជ.ប ​ក៏​បាន​សម្រេច​ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​បោះឆ្នោត​ដែល​ជា​ភ្ញៀវ​ពិសេស​ចំនួន ២ នាក់ មក​ពី​សមាគម​កុមារ​ជ័យ​នៅ​ប្រទេស​បារាំង (Komar Chey Association in France) ផងដែរ។

គ.ជ.ប ក៏​កំពុង​ពិនិត្យ​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ជាតិ​ចំនួន ៥ ៣១០។ ការ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ជាតិ​ធ្វើឡើង​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ដល់​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ ២០២៣ និង​អ្នក​សង្កេតការណ៍​អន្តរជាតិ ចាប់​ពី​ថ្ងៃទី​១ ខែ​មេសា ដល់​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣៕