
ទិដ្ឋភាព ទន្លេមេគង្គ និង ទន្លេសាប នៅ រាជធានី ភ្នំពេញ នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ផ្អែកតាមការវិវដ្ដយ៉ាងរហ័សនៃបាតុភូតអែលនីណូ (El Nino) ក្នុងរយៈពេលចុងក្រោយនេះបានធ្វើឱ្យស្ថានភាពអាកាសធាតុក្នុងរដូវវស្សាឆ្នាំ២០២៣ជួបនឹងរបបទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អ ភ្លៀងអាចមានក្នុងកម្រិតពីតិចទៅមធ្យម និងផ្នែកខ្លះជាបង្គួរជាមួយភ្លៀងធ្លាក់ភាគច្រើនជាលក្ខណៈផ្ទាល់ (Localize rain) មិនជាប្រព័ន្ធទាំងនៅក្នុងអាងទន្លេមេគង្គនិងនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២៣របស់ក្រសួងធនធានទឹក និងឧតុនិយម។
ការចេញសេចក្តីជូនដំណឹងនាថ្ងៃទី២៧ខែឧសភានេះធ្វើឡើងបន្ទាប់ពីក្រសួងបានធ្វើការតាមដាន អង្កេត ស្រាវជ្រាវលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹក ជំនន់ទន្លេមេគង្គជាច្រើនឆ្នាំបន្តបន្ទាប់រួចមក។
ចំពោះស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់ ដោយយោងតាមការសង្កេត ពិនិត្យទៅលើបាតុភូតធម្មជាតិ និងការព្យាករស្ថានភាពអាកាសធាតុក្នុងតំបន់សម្រាប់ឆ្នាំ២០២៣រួចមកឃើញថា៖ ចាប់ពីខែមករា ដល់ខែមេសាឆ្នាំ២០២៣ ស្ថានភាពភ្លៀងនៅអាងទន្លេមេគង្គ រួមទាំងកម្ពុជា មានកម្រិតប្រហាក់ប្រហែលមធ្យមច្រើនឆ្នាំ ដោយសារតែឥទ្ធិពលអែលឌីណូមានត្រឹម៦០% និងបាតុភូតអែនសូ (Neutral) មាន៤០% ដែលជាបាតុភូតអន្តរកាលចន្លោះរវាង បាតុភូតអែលនីណូនិងបាតុភូតឡានីណា (La Nina)។
ដោយឡែកចាប់ពីខែឧសភា រហូតដល់ខែវិច្ឆិកាឆ្នាំ២០២៣ បាតុភូតអែលនីណូមាន ៨០% និងបាតុភូតអែនសូមានត្រឹមតែ ២០% ប៉ុណ្ណោះ។
ចំពោះស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាបវិញ គឺចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២៣ ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាបមានស្ថានភាពដូចជា៖ ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,២៧ ម៉ែត្រ។ ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,៤០ ម៉ែត្រ។
ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ។ រាជធានីភ្នំពេញ ស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ប្រហាក់ប្រហែល នឹងមធ្យមច្រើនឆ្នាំ ហើយទឹកក្នុងបឹងទន្លេសាប នៅស្ថានីយក្រគរ-កំពង់លួង ទឹកមានកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំប្រមាណតែ ០,០៧ ម៉ែត្រ។
ក្រសួងបានបញ្ជាក់ថា៖«ផ្អែកតាមលក្ខណៈខាងលើ ស្ថានភាពទឹកទន្លេមេគង្គសម្រាប់ដើមឆ្នាំ២០២៣នេះ នៅទន្លេមេគង្គផ្នែកខាងលើខេត្តកំពង់ចាម ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ នៅទន្លេមេគង្គ ផ្នែកខាងក្រោម ទឹកមានកម្រិតកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ។ រីឯនៅទន្លេបាសាក់ និង បឹងទន្លេសាប ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំបន្តិចបន្តួច»។
រីឯការព្យាករទឹកជំនន់ទន្លេមេគង្គវិញ យោងលើស្ថានភាពអាកាសធាតុក្នុងតំបន់ ដែលកំពុងទទួលឥទ្ធិពលពីបាតុភូតអែលនីណូ បើទោះបីជាស្ថានភាពទឹកទន្លេនៅដើមឆ្នាំ២០២៣នេះ មានស្ថានភាពប្រសើរប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំក្តី តែបន្តទៅមុខទឹកភ្លៀងដែលនឹងកើតមាននៅអាងទន្លេមេគង្គរួមទាំងកម្ពុជាផងនោះ មានការថយចុះទាបជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តានាំឱ្យទឹកជំនន់ទន្លមេគង្គនៅឆ្នាំនេះមានលក្ខណៈតូច។
តាមការព្យាករទឹកជំនន់ទន្លេមេគង្គលើកទី១ ក៏បានបង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខសម្រាប់ឆ្នាំ២០២៣នេះ ទឹកអាចនឹងមានកម្ពស់ត្រឹមតែ ៨,៣៥ ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់តូច៕