កម្ពុជា បានជំរុញឱ្យភាគីកូរ៉េខាងត្បូង ពង្រីកកិច្ចសហប្រតិបត្តិការជាទ្វេភាគី រួមទាំងការវិនិយោគឯកជន ក្នុងវិស័យគ្រប់គ្រង និងការកែច្នៃសំណល់ គម្រោងឥណទានកាបូន ហិរញ្ញប្បទានបៃតង និង ការអភិវឌ្ឍធនធានមនុស្ស។ល។
ការជំរុញនេះ ធ្វើឡើងនៅពេលដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអមដំណើរពីលោក លន់ សាបឿន ទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចូលរួមក្នុងកិច្ចប្រជុំបណ្តាញបៃតងសកលកូរ៉េ ២០២៣ ចាប់ពីថ្ងៃទី២៥ ដល់ ២៦ ខែឧសភា ឆ្នាំ ២០២៣ នៅទីក្រុង ប៊ូសាន សាធារណរដ្ឋកូរ៉េ។
កិច្ចប្រជុំនោះធ្វើឡើងក្រោមអធិបតីភាព លោក ហាន ឌុកស៊ូ នាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីតំណាងបណ្ដាប្រទេសក្នុងតំបន់ ស្ថាប័នរដ្ឋាភិបាលកូរ៉េ វិស័យឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ សរុបប្រមាណ ៤០០នាក់។
ប្រភពពីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងឱកាសនោះលោក ទិន ពន្លក បានថ្លែងសុន្ទរកថា ពាក់ព័ន្ធនឹងទស្សនវិស័យអភិវឌ្ឍន៍បៃតងរបស់កម្ពុជា។ លោកបានគូសបញ្ជាក់នៅក្នុងវេទិកាអន្តរជាតិនោះថា សុខសន្តិភាព និងស្ថិរភាពនយោបាយក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយ បានផ្តល់ឱកាសដល់កម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស ហើយរាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញការវិវឌ្ឍបៃតង ធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រកបដោយបរិយាប័ន្ន។
បន្ថែមពីនេះលោក ទិន ពន្លក ក៏បានជំរុញឱ្យភាគីកូរ៉េពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា រួមទាំងការវិនិយោគឯកជន ក្នុងវិស័យគ្រប់គ្រង និងការកែច្នៃសំណល់ ថាមពលនិរន្តរភាព គម្រោងឥណទានកាបូន ហិរញ្ញប្បទានបៃតង ការអភិវឌ្ឍធនធានមនុស្ស។ល។
ក្នុងឱកាសនោះដែរ គណៈប្រតិភូកម្ពុជាបានជួបប្រជុំការងារជាមួយលោក ហឿង យីនឆយ ប្រធានវិទ្យាស្ថានឧស្យាហកម្ម និងបច្ចេកវិទ្យាបរិស្ថានកូរ៉េ (KEITI) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ក្នុងវិស័យគាំពារបរិស្ថានផងដែរ។ គណៈប្រតិភូកម្ពុជា ក៏បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនឯកជនកូរ៉េមួយចំនួន អំពីឱកាសវិនិយោគលើគម្រោងគ្រប់គ្រង និងកែច្នៃសំណល់នៅកម្ពុជា៕