
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសដែលលោកអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ប្រមាណ ២ម៉ឺននាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ។ SPM
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការធ្វើកសិកម្មតែមួយមុខ មិនអាចក្លាយទៅជាប្រទេសអ្នកមាន និងមិនអាចអភិវឌ្ឍន៍បានទេ ខណៈដែលកម្ពុជាកំពុងបន្តអភិវឌ្ឍន៍លើគ្រប់ផ្នែក និងវិស័យកសិកម្ម ដើម្បីការលូតលាស់នៃសេដ្ឋកិច្ចជនបទ សម្រាប់ការផ្គត់ផ្គង់ទាំងឡាយទៅលើស្ថិរភាពស្បៀងនៅក្នុងប្រទេស។
លោកនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ប្រមាណ ២ម៉ឺននាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ។
លោកបានបញ្ជាក់ដូច្នេះថា៖ «ហេតុអ្វីបានរាជរដ្ឋាភិបាល ចង់បានម្ល៉េះ ការទាក់ទាញវិនិយោគ ទាំងក្នុងប្រទេសនិងក្រៅប្រទេស មកកាន់ប្រទេសរបស់ខ្លួន។ ខ្ញុំគួរតែត្រូវបញ្ជាក់ថា ធ្វើកសិកម្មតែមួយមុខ មិនអាចក្លាយទៅជាប្រទេសអ្នកមានបានទេ មិនអាចអភិវឌ្ឍន៍បានទេ។ សម្រាប់យើង គឺអភិវឌ្ឍលើគ្រប់ផ្នែក កសិកម្មនៅបន្ត ដើម្បីការលូតលាស់នៃសេដ្ឋកិច្ចជនបទ ហើយសម្រាប់ការផ្គត់ផ្គង់ទាំងឡាយទៅលើស្ថិរភាពស្បៀង នៅក្នុងប្រទេសរបស់យើង ក៏ប៉ុន្តែទន្ទឹមនឹងនោះវិស័យឧស្សាហកម្ម និង សេវាកម្ម គឺត្រូវបានយកចិត្តទុកដាក់ដើម្បីទាក់ទាញការវិនិយោគ»។
លោកបានថ្លែងថា៖ «កាលដើមឡើយ នៅក្រោយឆ្នាំ ១៩៧៩ និងស្ទើរតែពេលមួយទសវត្សរ៍ឆ្នាំ ៨០ ប្រទេសរបស់យើងពេលនោះរោងចក្រតិចណាស់ ហើយវាមិនសមហៅថារោងចក្រទៀតផង ដូចជា នៅម្តុំបែកចាន ហៅរោងចក្រផលិតចាន ការពិតវាគ្រាន់តែជាកូនសិប្បកម្មផលិតចានតូចមួយ ដោយរោងចក្រភាគច្រើនខាត មានតែរោងចក្របារីមួយទេ ដែលចំណេញ»។
លោកបានបន្តថា ប្រសិន បើគ្មានការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស និងមិនមានការរិនិយោគនៅតាមរោងចក្រ ពេលនេះ កម្មករនិយោជិតទាំងអស់ប្រហែលនឹងនៅធ្វើជាកសិករជាមួយឪពុកម្តាយនៅឡើយទេ ឬច្រើនបំផុតទៅជួយលក់ដូរឪពុកម្តាយតិចតួចតែប៉ុណ្ណោះ មិនមែនជាកម្មករដែលមានប្រាក់បៀវត្សយ៉ាងតិចបំផុត ២០០ ដុល្លារអាមេរិកទេ។
លោកនាយករដ្ឋមន្រ្តីបានក្រើនរំឭកកម្មករ និយោជិតថា បើគ្មានសន្តិភាព គឺគ្មានការវិនិយោគ ហើយបើគ្មានការវិនិយោគ កម្មករ និយោជិតទាំងអស់ នឹងនៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ។ ហើយដើម្បីសុខដុមក្នុងរោងចក្រ គឺត្រូវតែមានការរួមគ្នារវាងថៅកែរោងចក្រ និងកម្មករឱ្យបាន ជាពិសេស ដោះស្រាយទំនាស់រវាងកម្មករ និងម្ចាស់រោងចក្រ។
លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រយៈពេល ៤ខែ ឆ្នាំ ២០២៣ ទំហំនៃការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ៧ ៣៣១ លានដុល្លារ ខណៈដែល ខែមេសា ឆ្នាំ ២០២៣ ទំហំនាំចេញមានទឹកប្រាក់ ១ ៨៤២ លានដុល្លារ៕