
សត្វត្រយងចង្កំកសក្នុងពេលកំពុងក្រាបលើសម្បុកក្នុងដែនជម្រកសត្វព្រៃលំផាត់នៅខែឧសភា ឆ្នាំនេះ ។ រូបថត NatureLife-Cambodia-Organization
ភ្នំពេញៈ ក្រុមការងារជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) សហការជាមួយឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ និងសហគមន៍ បានស្វែងរក ធ្វើការតាមដាន និងការពារសម្បុកសត្វត្រយងចង្កំកសក្នុងរដូវបន្តពូជឆ្នាំ ២០២២-២០២៣ ចំនួន ១៣ សម្បុក នៅដែនជម្រកសត្វព្រៃលំផាត់។
លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាបានឱ្យដឹងថា សកម្មភាពនេះធ្វើឡើងជារៀងរាល់ឆ្នាំក្នុងដំណាក់កាលបន្តពូជរបស់សត្វត្រយងចង្កំកស ដោយសារសត្វនេះជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក។ ហេតុនេះទាមទារឱ្យមានការតាមដាននិងការពារវាដើម្បីធានាថា ការបង្កកំណើតពួកវាទទួលបានជោគជ័យ។
នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាបានឱ្យដឹងថា ជាលទ្ធផលរដូវបន្តពូជរបស់សត្វត្រយងចង្កំកសក្នុងឆ្នាំ២០២២-២៣នេះ មានសម្បុកសរុបចំនួន១៣ ដោយក្នុងនោះសម្បុកចំនួន៨ ត្រូវបានញាស់ជោគជ័យជាមួយកូនចំនួន១៣ក្បាល ត្រូវបានកត់ត្រានៅដែនជម្រកសត្វព្រៃលំផាត់។ លោកបញ្ជាក់ថា ក្រុមការងារជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) បានសហការជា មួយឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ និងសហគមន៍ក្នុងការស្វែងរក និងការពារសម្បុករបស់សត្វជិតផុតពូជបំផុតនេះ។
លោកថ្លែងថា៖«ចំនួនសម្បុកនៅក្នុងរដូវបន្តពូជនេះមានការកើនឡើង បើប្រៀបធៀបនឹងរដូវបន្តពូជក្នុងរយៈពេល៥រដូវកាលចុងក្រោយនេះ ដែលនេះជាសញ្ញាល្អមួយសម្រាប់ដែនជម្រកសត្វព្រៃលំផាត់សម្រាប់គាំទ្រដល់ការរស់នៅ និងការបន្តពូជរបស់សត្វត្រយងចង្កំកស»។
ទោះជាយ៉ាងណា ចំនួនសម្បុកបរាជ័យនៅតែមានចំនួនច្រើន។ កត្តាដែលនាំដល់ការបរាជ័យភាគច្រើនគឺមិនត្រូវបានរកឃើញ និងមួយចំនួនគឺត្រូវបានរកឃើញថា រងការរំខានពីសកម្មភាពមនុស្សដែលនាំឱ្យសត្វបោះបង់សម្បុក។ ការរំខានពីសត្វដទៃទៀតដូចជា ក្អែក ពពួកខ្លែង និងស្ទាំង ក៏ជាមូលហេតុចម្បងនាំដល់បំផ្លាញសម្បុកផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ប៊ូ វរសក្ស។
លោកបន្ថែមថា អង្គការជីវិតធម្មជាតិនៅកម្ពុជានឹងបន្តខិតខំសហការជាមួយមន្ត្រីឧទ្យានុរក្សដែលជម្រកសត្វព្រៃលំផាត់ក្នុងការល្បាតការពារសម្បុក និងបង្កើនការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមការពារសត្វកម្រជិតផុតពូជនៅក្នុងប្រទេសកម្ពុជា។ ជាមួយនេះលោកក៏បានថ្លែងអំណរអរគុណដល់មូលនិធិ Critical Ecosystem Partnership Fund និង BirdLife-Vangard ផងដែរ ដែលបានឧបត្ថម្ភដល់សកម្មភាពអភិរក្សនេះ។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានសម្តែងការស្វាគមន៍ និងក្តីរីករាយដែលទទួលបានដំណឹងដ៏ល្អនេះសម្រាប់អ្នកអភិរក្សដែលបានខិតខំប្រឹងប្រែងក្នុងកិច្ចការពារ និងអភិរក្សសត្វព្រៃដែលលទ្ធផលផ្តល់ឱ្យជាបន្តបន្ទាប់នូវចំនួនវត្តមាននៃសត្វមានការកើនឡើង។ លោកថ្លែងថា៖«យើងអំពាវនាវទៅដល់ប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សធនធានធម្មជាតិជាមួយក្រសួងបរិស្ថាន និងអង្គការដៃគូដើម្បីធ្វើឱ្យចំនួនសត្វព្រៃមានការកើនឡើងនៅក្នុងព្រៃធម្មជាតិរបស់យើងវិញ»។
សេចក្ដីប្រកាសព័ត៌មានរួមរវាងក្រសួងបរិស្ថាន និងអង្គការដៃគូចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ចំនួនប្រជាសាស្ត្រជាសកលនៃសត្វស្លាបប្រភេទនេះមានចំនួនប្រហែល១ ០០០ក្បាល តែប៉ុណ្ណោះ។ ការធ្វើជំរឿនទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ បានកត់ត្រាចំនួន៧៩២ក្បាល ដែលស្មើនឹង៨០ភាគរយ នៃពិភពលោក។
ប្រភពដដែលបានឱ្យដឹងថា នៅឆ្នាំ២០២២ ជាឆ្នាំទី៤ ដែលបានបង្ហាញពីទិន្នន័យខ្ពស់បន្តបន្ទាប់គ្នា ហើយលទ្ធផលនេះបានបង្ហាញថា ការអភិរក្សមានភាពល្អប្រសើរឡើង ទោះជានៅតំបន់ខ្លះមានការថយចុះ តែចំនួនសរុបមានការកើនឡើង។ ចំនួនខ្ពស់បំផុតត្រូវបានកត់ត្រានៅដែនជម្រកសត្វព្រៃសៀមប៉ាង(៣៧៧ក្បាល)និងនៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ(៣២៦ក្បាល)។ការរាប់ចំនួនផ្សេងទៀត ត្រូវបានធ្វើឡើងនៅតំបន់កោះស្រឡាយ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លំផាត់ ស្រែពក និងភ្នំព្រេច៕