ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីថា មិនអត់ឱនឱ្យក្រុមជ្រុលនិយមជាដាច់ខាតដែលតែងតែអំពាវនាវឱ្យប្រជាពលរដ្ឋ និងកងទ័ពបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ បើមិនដូច្នោះទេ ប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងសង្គ្រាមមិនខានឡើយ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ ពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា គោលដៅរបស់ក្រុមជ្រុលនិយម តែងតែធ្វើបដិវត្តន៍ពណ៌។
ជាមួយគ្នានេះ លោកបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបន្តសិក្សាលើទីតាំងផ្សេងៗទៀតដែលមានឧបាយកលធ្វើបដិវត្តន៍ពណ៌ប្រឆាំងនឹងរាជរដ្ឋាភិបាល និងមានវិធានការឱ្យទាន់ពេលវេលា។ មួយវិញទៀត លោកនាយករដ្ឋមន្ត្រីក៏បានប្រាប់ទៅជនបរទេសដែលតែងផ្តល់ថវិកាឱ្យមានចលនាធ្វើបដិវត្តន៍ពណ៌ត្រូវដកខ្លួនចេញបន្ទាន់។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «យើងខ្ញុំនឹងធ្វើការស្រាវជ្រាវឱ្យដល់ឫសគល់ តើអ្នកឯងបានលុយមកពីទីណា ដើម្បីហ្វឹកហាត់អារបៀបហ្នឹង។ យើងមិនអាចបណ្តែតបណ្តោយឱ្យប្រទេសមួយត្រូវបំផ្លាញនោះទេ។ អ្នកខ្លះថា ចង់បានអីទៀត បើប្រទេសមានសន្តិភាពហើយហ្នឹង ខ្ញុំនៅតែនិយាយសន្តិភាពបើអ្នកឯងចង់បំផ្លាញប្រទេសខ្ញុំ»។
បើតាមលោក ហ៊ុន សែន អ្នកប្រឆាំងនៅប្រទេសថៃ បើទោះបីជាត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ក៏ដោយ ក៏គេមិនដែលអំពាវនាវឱ្យបរទេសមកធ្វើបាបប្រជាជនគេទេ ប៉ុន្តែអ្នកប្រឆាំងជ្រុលនិយមរបស់ខ្មែរ បែរជាអំពាវនាវឱ្យបរទេសមកធ្វើបាបប្រជាជាតិខ្លួនឯងទៅវិញ។
លោកបានបញ្ជាក់ថា៖ «ដើម្បីតែអំណាច អ្នកប្រឆាំងជ្រុលនិយមរបស់ខ្មែរ បែរជាអំពាវនាវឱ្យបរទេស កុំផ្តល់ជំនួយមកកម្ពុជា កុំមកវិនិយោគនៅកម្ពុជា កុំទិញទំនិញពីកម្ពុជា និងផ្តាច់ប្រព័ន្ធអនុគ្រោះផ្សេងៗពីកម្ពុជា ដែលចំណុចទាំងអស់នេះ គឺជាការសម្លាប់សេដ្ឋកិច្ចរបស់ប្រជាជនខ្មែរយើង។ ទង្វើរបស់អ្នកប្រឆាំងជ្រុលនិយមបែបនេះ រង់ចាំមើលជោគវាសនារបស់ខ្លួនឯងទៅ»។
ពាក់ព័ន្ធការលើកឡើងខាងលើនេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅថ្ងៃទី ២៧ ខែឧសភាថា ការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបះបោរ គឺជារឿងខុសច្បាប់ និងមិនត្រឹមត្រូវទេ ព្រោះកងកម្លាំងប្រដាប់អាវុធជាឧបករណ៍របស់រាជរដ្ឋាភិបាល ដើម្បីការពារសណ្តាប់ធ្នាប់ ស្ថិរភាព ប្រទេសជាតិ និងប្រជាជន។
លោកបានបន្តថា៖ «ដូច្នេះបើមានការអំពាវនាវឱ្យធ្វើការបះបោរមានន័យថា ចង់ឱ្យមានការធ្វើបដិវត្តន៍បង្ហូរឈាម និងមានចលាចល។ ការធ្វើរដ្ឋប្រហារកើតឡើងចេញពីអគ្គបញ្ជាការទ័ព និងស្នងការប៉ូលិសជាដើម ជាចំណុចរសើប ចំពោះបុគ្គលណាដែលព្យាយាមអូសទាញឱ្យបះបោរ និងចំណុចរសើបនៃសន្តិសុខសង្គម»។
លោក យង់ ពៅ បន្ថែមថា ការព្រមានជាច្រើនលើករបស់លោកនាយករដ្ឋមន្ត្រី ជាការទប់ស្កាត់មិនឱ្យមានអំពើបះបោរ ឬអំពើជ្រុលនិយមមកលើកម្លាំងប្រដាប់អាវុធ ខណៈកម្ពុជាទើបទទួលបានសុខសន្តិភាព និងស្ថិរភាពសង្គមក្នុងរយៈពេលខ្លី៕