ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការក្រើនរំឭកជាថ្មីឱ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន ដោយបន្តការពារខ្លួនពីការចម្លងវីរុសកូវីដ ១៩ ពពួក Omicron XBB.1.5 ដោយសារការកើនឡើងនូវករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និងនៅលើសកលលោក។
លោកលើកឡើងបែបនេះនាថ្ងៃទី ២៨ ខែឧសភា បន្ទាប់ពីមានការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ (Bangkok Post) កាលពីថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០២៣ ថា មន្ទីររពេទ្យ Siriraj Piyamaharajkarun នៅក្នុងប្រទេសថៃ បានប្រកាសថា ខ្លួនមិនអាចទទួលយកអ្នកជំងឺកូវីដ ១៩ ទៀតទេ ដោយសារគ្រែទាំងអស់ សម្រាប់អ្នកជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ ត្រូវបានដាក់អ្នកជំងឺកូវីដ ១៩ អស់ទាំងស្រុងហើយ។
មន្ទីរពេទ្យ Siriraj Piyamarajkarun បាននិយាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ២៧ ឧសភា ថា៖ «គ្រែសម្រាប់អ្នកជំងឺកូវីដ ១៩ នៅគ្រប់បន្ទប់ទាំងអស់ក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) និងផ្នែកអ្នកជំងឺសម្រាកពេទ្យ (IPD) ត្រូវបានកាន់កាប់ទាំងស្រុង»។
ទាក់ទងនឹងការផ្សព្វផ្សាយនេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា៖ «ខ្ញុំសូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ទាំងអស់ថា ការកើនឡើងនូវករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និងនៅលើសកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ ១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ»។
លោកស្រីបានបញ្ជាក់ទៀតថា ក្រោយពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា កូវីដ ១៩ នៅជាបញ្ហាសុខភាព ដែលបានកើតមានឡើងហើយ មិនមែនជាកង្វល់អន្តរជាតិទៀតទេ ប្រជាជនទូទៅនៅលើសកលលោក និងក្នុងតំបន់ ហាក់ដូចជាមានការធ្វេសប្រហែសខ្លះៗផងសន្តិភាពនិយមពេកខ្លះៗផងនិងមិនទៅចាក់វាក់សាំងដូសជំរុញភាពស៊ាំ ដែលបានធ្លាក់ចុះជាបណ្តើរៗផង។
លោកស្រីសង្កត់ធ្ងន់ថា៖ «ទាំងនេះជាកត្តាដែលធ្វើឱ្យវីរុសនេះមានឱកាសវាយលុកឡើងវិញបាន ប្រហែលមកពីការយល់ច្រឡំថា វិបត្តិកូវីដ ១៩ បានបញ្ចប់ហើយ តែតាមការពិតវាមិនទាន់ចប់នៅឡើយទេយើងត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីសុខភាពល្អរៀងៗខ្លួន និងទប់ស្កាត់ការវិលត្រឡប់ទៅរកសភាពលំបាករស់នៅដូចពេលមុនៗ»។
លោកស្រីបន្តថា មិនមានអ្នកណាដឹងថា តើនឹងមានការបំប្លែងវីរុសកូវីដ ១៩ ថ្មី ដល់ត្រឹមណាទេ ហើយបើវាចេះតែបំប្លែងខ្លួនវាដូច្នេះ ហើយបើវាអាចចាប់ដៃជាមួយមេរោគផ្សេងៗទៀត ក្លាយជាមេរោគថ្មីសន្លាងមួយទៀតដែលមានភាពឆ្លងខ្លាំងជាងមុនៗនិងធ្ងន់ធ្ងរជាងពេលមុនៗនោះតើពិភពលោកនឹងអាចកើតមានជាវិបត្តិធ្ងន់ធ្ងរទៀតដែរទេ?
លោកស្រី ឱ វណ្ណឌីន បន្តថា៖ «មានការអំពាវនាវរួចហើយថា យើងត្រូវតែបន្តការពារ និងត្រៀម លក្ខណ:ជាមុននៅលទ្ធភាពផ្ទុះឡើងនូវការឆ្លងថ្មីៗនាពេលខាងមុខ។ ដូច្នេះយើងត្រូវរួបរួមគ្នាបន្តវិធានការការពារ គឺ ៣ ការពារ និង ៣ កុំ និងរៀនរស់នៅជាមួយវត្តមាននៃមេរោគ ដោយស្មារតីទទួលខុសត្រូវ ត្រៀមលក្ខណ:ឱ្យបានល្អប្រសើរ»។
ទាក់ទងនឹងការឆ្លងមេរោគកូវីដ ១៩ នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២២ ខែឧសភា បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីការងើបឡើងវិញនៃការឆ្លងមេរោគនេះ។ លោកថា៖ «កូវីដបានចាប់ផ្តើមរើបៗឡើងវិញ ដែលយើងត្រូវតែប្រុងប្រយ័ត្នទាំងអស់»។
សូមរំឭកដែរថា សម្រាប់ថ្ងៃទី ២៥ ឧសភា ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ១០ នាក់ ដែលការឆ្លងនេះរកឃើញក្នុងសហគមន៍។ គិតត្រឹមថ្ងៃទី ២៨ ខែឧសភា ករណីឆ្លងជំងឺកូវីដ ១៩ សរុបមាន ១៣៨ ៧៦៧ នាក់ ជាសះស្បើយ ១៣៥ ៦៨៤ នាក់និងស្លាប់សរុប ៣ ០៥៦ នាក់៕