រតនគិរីៈ តុលាការកំពុងបន្តនីតិវិធីស៊ើបអង្កេតករណីលោក ថេង សាវឿន បន្ថែមទៀត បន្ទាប់ពីមានការសារភាពកំហុសដោយអាចពិនិត្យមើលលក្ខខណ្ឌ ឬជម្រើសណាមួយតាមច្បាប់ទាក់ទងនឹងការសារភាពរបស់ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) រូបនេះ។ នេះបើតាម លោក កែវ ពិសុទ្ធ ប្រធានលេខាធិការដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ ឧសភា លោក កែវ ពិសុទ្ធ បានឱ្យដឹងថា ទាក់ទងនឹងការទទួលកំហុសរបស់លោក ថេង សាវឿន តុលាការអាចនឹងមានការពិចារណាតាមលក្ខខណ្ឌណាមួយ ខុសពីមនុស្សដែលគេចវេះមិនទទួលស្គាល់កំហុសដែលខ្លួនបានធ្វើ។
លោកថា៖ «ចៅក្រមស៊ើបសួរនឹងបន្តនីតិវិធីទៀតគាត់អាចមានជម្រើសតាមលក្ខខណ្ឌណាមួយ នឹងធ្វើទៅតាមច្បាប់។ បន្តបន្ទាប់ទៀតគឺការងារសម្ងាត់របស់តុលាការ ដែលត្រូវអង្កេតទាក់ទងការសារភាពរបស់លោកថេង សាវឿន ឬមួយរកភ័ស្តុតាងអ្វីផ្សេងមកដាក់បន្ថែម ដើម្បីបន្ធូរបន្ថយ ឬដាក់បន្ទុកបន្ថែម»។
លោក ថេង សាវឿន ប្រធាន CCFC បានចេញលិខិតទទួលកំហុសដោយមានម្តាយ និងភរិយាជាសាក្សីកាលពីថ្ងៃទី ២៧ ខែឧសភា។ ក្នុងលិខិតទទួលកំហុសនោះលោក ថេង សាវឿន លើកឡើងថា ចាប់តាំងពីបង្កើតសមាគម និងធ្វើសកម្មភាពរហូតដល់បច្ចុប្បន្ន លោកបានលង់ជឿតាមការចង្អុលរបស់ជនបរទេសមួយចំនួន និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ក្នុងរូបភាពញុះញង់ បង្កចលាចល ធ្វើឱ្យបាត់បង់ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈប្រមូលផ្តុំសមាជិកសហគមន៍កសិករឈានដល់ការប្រឆាំង ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលដោយមិនដឹងខ្លួន។
លោក ថេង សាវឿន បញ្ជាក់ថា ក្រោយដឹងខ្លួន និងទទួលកំហុសលោកសន្យាថា នឹងមិនធ្វើសកម្មភាពណាដែលប្រាសចាកច្បាប់បែបនោះទៀតឡើយ ជាមួយគ្នានោះ លោកក៏បានសន្យាដកខ្លួនចេញពីសកម្មភាពផ្ទះសាមគ្គី និងសកម្មភាពនយោបាយណាដែលមានគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ផងដែរ។
លោកបញ្ជាក់ក្នុងលិខិតថា៖ «ក្រោយពីទទួលស្គាល់កំហុស ដែលបានប្រព្រឹត្តកន្លងមកទាំងឡាយនេះ ខ្ញុំបាទសូមសន្យាចំពោះមុខច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចថា ខ្ញុំបាទមិនប្រព្រឹត្តសកម្មភាពទាំងឡាយដែលខុសពីលក្ខន្តិកៈ តម្កល់នៅក្រសួងមហាផ្ទៃ ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា»។
កាលពីព្រឹកថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២៣ លោកថេង សាវឿន និងសមាជិកក្រុមការងារ ចំនួន ១៦ នាក់ត្រូវបានកម្លាំងនគរបាលខេត្តក្រចេះ ចាប់ឃាត់ខ្លួន ខណៈកំពុងធ្វើដំណើរឆ្លងកាត់ពីខេត្តរតនគិរី ឆ្ពោះទៅរាជធានីភ្នំពេញ តាមការស្នើសុំកិច្ចអន្តរាគមន៍ ពីស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
នៅក្នុងការឃាត់ខ្លួននោះ កម្លាំងសមត្ថកិច្ចបានដកហូតកុំព្យូទ័រ Laptops ចំនួន ១៧ គ្រឿង និងទូរស័ព្ទដៃរបស់ពួកគាត់ទាំងអស់គ្នា។ លុះដល់ព្រឹកថ្ងៃទី ១៨ ខែឧសភា កម្លាំងនគរបាលខេត្តក្រចេះបានសម្រេចដោះលែងក្រុមការងាររបស់គាត់ចំនួន ១៤ នាក់វិញ ព្រមទាំងបានប្រគល់កុំព្យូទ័រ និងទូរស័ព្ទទៅឱ្យពួកគេវិញផងដែរ លើកលែងតែលោក ថេង សាវឿន លោក ញិល ភាព និងលោកផាន់ ហាច ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខត្តរតនគិរី ដើម្បីអនុវត្តនីតិវិធីបន្ត។
លោក អ៊ឹម ផានី ស្នងការរងខេត្តរតនគិរីទទួលផែនសន្តិសុខបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការចាប់ខ្លួនលោក ថេង សាវឿន និងសហការីរបស់គាត់ទាំង ២ នាក់ ដោយសារតែពួកគេ កាលពីថ្ងៃទី ១៤-១៥ ខែឧសភា ឆ្នាំ ២០២៣ បាននាំគ្នាទៅបើកកិច្ចប្រជុំ ១ ដែលមានការបញ្ចូលមនោគមន៍វិជ្ជា «បដិវត្តន៍កសិករ» នៅក្នុងសណ្ឋាគារមួយក្នុងក្រុងបានលុង ខេត្តរតនគិរី។
លោកបញ្ជាក់ថា៖ «នៅថ្ងៃបិទបញ្ចប់កិច្ចប្រជុំនោះ សមត្ថកិច្ចយើងបានពិនិត្យឃើញខ្លឹមសារ នៃការធ្វើអត្ថាធិប្បាយ និងឯកសារភ័ស្ដុតាងមួយចំនួន ទៀតមានលក្ខណៈបែបញុះញង់ឱ្យកសិករ មានការប្រឆាំងនឹងមន្ត្រីរាជរដ្ឋាភិបាល»៕