
សកម្មភាពរួមគ្នាដាំដើមឈើនៅក្នុងសហគមន៍សង្ឃរុក្ខវ័នកាលពីថ្ងៃទី២៧ ឧសភា ។ រូបថត MCF
ឧត្តរមានជ័យៈ កូនឈើប្រណីតសរុបចំនួន ១ ០០០ ដើមរួមមានដើមគគីរ ពពេល គ្រញូង និងដើមធ្នង់ ត្រូវបានដាក់ដាំក្នុងសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័នអំឡុងពេលពិធីបុណ្យខួបព្រៃសង្ឃរុក្ខវ័នលើកទី២៣ នៅសង្កាត់កូនក្រៀល ក្រុងសំរោងនៅថ្ងៃទី ២៦ និង ២៧ ខែឧសភា។ នេះបើតាមព្រះតេជព្រះគុណ ថូ ធូរស់ ប្រធានសហគមន៍សង្ឃរុក្ខវ័ន។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៩ ខែឧសភា ព្រះតេជព្រះគុណប្រធានសហគមន៍សង្ឃរុក្ខវ័ន បានឱ្យដឹងថា ការដាំកូនឈើក្នុងពិធីបុណ្យខួបព្រៃសង្ឃរុក្ខវ័នលើកទី២៣នេះមានការចូលរួមពីអាជ្ញាធរខេត្ត គណៈកម្មការសង្ឃរុក្ខវ័នទាំង៥ភូមិ ៥ឃុំសង្កាត់សិស្សានុសិស្ស និងពុទ្ធបរិស័ទជិតឆ្ងាយសរុប ប្រមាណ ៣០០នាក់។ ការដាំនេះគឺដាំនៅលើទីតាំងដី៥ហិកតា ដោយដាំជួសកូនឈើមួយចំនួន ដែលបានបានដាំកាលពីឆ្នាំមុន ហើយបានងាប់នៅខែប្រាំងដើមឆ្នាំ២០២៣នេះ។
ប្រធានសហគមន៍សង្ឃរុក្ខវ័នបានបន្តថា ដើមឈើប្រណីតដែលដាក់ដាំលើកនេះបានមកពីអង្គការបណ្តាញយុវជនកម្ពុជា និងអង្គការសមធម៌។ ចំពោះការដាំដើមឈើនេះ ព្រះតេជព្រះគុណ ថូ ធូរស់ បានបញ្ជាក់ថា ដោយសារផ្ទៃដីនៅក្នុងសហគមន៍សង្ឃរុក្ខវ័នមានច្រើន សហគមន៍មានមហិច្ឆតាចង់ដាំបំពេញឱ្យបានគ្រប់ទីកន្លែងដែលវាលៗ ប៉ុន្តែផែនការដាំដុះនេះត្រូវការពេលវេលាជាបន្តបន្ទាប់ទៀត ហើយការដាំដុះនឹងធ្វើឡើងទៅតាមលទ្ធភាពដែលអាចធ្វើទៅបានពី១ឆ្នាំទៅ១ឆ្នាំ។
ព្រះអង្គមានថេរដីកាថា៖«នៅសង្ឃរុក្ខវ័ននេះយើងមានប្រភេទព្រៃរបោះ ព្រៃស្រោង ពាក់កណ្តាលស្រោង និងព្រៃរបោះបៃតង អ៊ីចឹងនៅកន្លែងព្រៃដែលវាលៗមានច្រើន។ វាមិនមែនជាប្រភេទដីរេចរឹលទេ ប៉ុន្តែនោះជាធម្មជាតិរបស់ព្រៃ អ៊ីចឹងគម្រោងរបស់អាត្មា ចង់ដាំឱ្យពេញវិញឱ្យអស់តែអាហ្នឹងយើងនឹងធ្វើតាមឆ្នាំបន្តបន្ទាប់ឆ្នាំនេះយើងដាំបាន១០០០ដើម ឆ្នាំមុនយើងដាំបាន៦ ០០០ដើម»។
ព្រះតេជព្រះគុណ ថូ ធូរស់ បានឱ្យដឹងទៀតថា នៅក្នុងព្រៃសង្ឃរុក្ខវ័ននេះប្រភេទឈើគ្រឿងសំណង់មិនមានបុគ្គលណាមួយចូលលួចកាត់ឬលួចដឹកចេញនោះទេ ប៉ុន្តែមានករណីលួចចូលកាប់ឈើប្រណីតប្រភេទធ្នង់ក្នុងអំឡុងពេលកូវីដ១៩ ខ្លះដែរ ប៉ុន្តែចាប់ពីត្រឹមខែកុម្ភៈមក មិនមានការចូលលួចកាប់ទៀតទេរហូតមកដល់បច្ចុប្បន្ន។ ដោយឡែកបទល្មើសសត្វព្រៃ គឺនៅមានការដាក់អន្ទាក់ច្រើន ។ ជាក់ស្តែងក្នុងឆ្នាំ២០២២ ក្រុមការងារល្បាតរបស់សហគមន៍បានដោះអន្ទាក់បានចំនួន ៨៤៩អន្ទាក់។
តាមរយៈការធ្វើបុណ្យខួបព្រៃសង្ឃរុក្ខវ័ននេះគណៈកម្មការសង្ឃរុក្ខវ័នប្រមូលបច្ច័យបានជិត២០លានរៀល។បច្ច័យដែលប្រមូលបាននេះទុកសម្រាប់ទ្រទ្រង់សកម្មភាពល្បាតជាសំខាន់ ដូចជាទិញអាហារ សម្ភារល្បាតមានអង្រឹង មុង និងស្បែកជើងក្រាស់ៗប្រើក្នុងរដូវវស្សាជាដើម។ នេះបើតាមព្រះប្រធានសហគមន៍សង្ឃរុក្ខវ័ន។
ព្រះអង្គបញ្ជាក់ថា សហគមន៍សង្ឃរុក្ខវ័ននៅមានការខ្វះខាតច្រើនក្នុងនោះមានខ្វះថវិកាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តបុគ្គលដូចជារៀបចំតំបន់អេកូទេសចរណ៍ កន្លែងបោះតង់ និងទីស្នាក់ការមួយចំនួនមិនទាន់ធ្វើបានគ្រប់កន្លែងនៅឡើយទេ។ ជាមួយគ្នានោះព្រះអង្គក៏បានអំពាវនាវដល់អាជ្ញាធរ ជាពិសេសអ្នកស្រុកខេត្តឧត្តរមានជ័យ យុវជនដែលជាទំពាំងស្នងឫស្សីជួយថែរក្សាព្រៃ និងសត្វកម្រផ្សេងៗដែលមាននៅក្នុងព្រៃសង្ឃរុក្ខវ័ន។
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ថ្វីបើបញ្ហាបរបាញ់សត្វព្រៃ នៅតែបន្តកើតមាន ប៉ុន្តែតាមរយៈការចុះល្បាតជាប្រចាំឃើញថា បទល្មើសសត្វព្រៃក៏មានការថយចុះច្រើនទោះបីជាមិនទាន់បានបូកសរុបលទ្ធផលក្តី។ លោកបញ្ជាក់ថា ថ្មីៗនេះមន្ត្រីឧទ្យានុរក្សក្នុងខេត្តឧត្តរមានជ័យទើបល្បាតប្រទះឃើញកូនសត្វទន្សោង១ក្បាលជាប់អន្ទាក់ នៅក្នុងព្រៃ ប៉ុន្តែត្រូវបានជួយសង្គ្រោះ និងដោះលែងឱ្យមានសេរីភាពវិញ។
លោកថ្លែងថា៖«យើងសង្កេតឃើញថា បទល្មើសមានការថយចុះច្រើន ដោយសារយើងមានយន្តការចុះល្បាតជាប្រចាំ ទាំងចុះល្បាតរួមគ្នាក៏ដូចជាធ្វើទៅតាមសកម្មភាពនៃថ្នាក់ខេត្តមួយៗ។យើងអត់ទាន់បូកសរុប[ចំនួនបទល្មើស]នៅឡើយទេ ប៉ុន្តែបើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំនេះយើងឃើញថាថយចុះច្រើន»៕