ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា អវត្តមានគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតខែកក្កដា ខាងមុខ មិនបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ទេ ខណៈកម្ពុជានៅតែដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដដែល។
ការថ្លែងរបស់លោកហ៊ុន សែននេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនីអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដែលជាការឆ្លើយតបទៅនឹងប្រតិកម្មរបស់គណបក្សភ្លើងទៀន ក្រោយក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធបណ្តឹងគណបក្សនេះ មិនអាចចុះបញ្ជីឈរឈ្មោះបោះឆ្នោតនាខែកក្កដាបាន។
លោកហ៊ុន សែន ថ្លែងដោយចោទជាសំណួរដូច្នេះថា៖ «ក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសមានដាក់ពាក្យ ត្រូវតែមានបក្សប្រឆាំងឬទេ? ក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្នថា ត្រូវតែមានបក្សប្រឆាំង ហើយឈ្មោះអាភ្លើងចន្លុះ [គណបក្សភ្លើងទៀន] នោះទេ? គេគ្រាន់តែនិយាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សទេតើ គេអត់កំណត់ថា ត្រូវតែមានបក្សប្រឆាំងទេ»។
លោកនាយករដ្ឋមន្ត្រី លើកឡើងថា វត្តមានរបស់គណបក្សនយោបាយចំនួន ១៨ផ្សេងទៀត ដែលឈរឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នេះ បង្ហាញយ៉ាងច្បាស់ពីគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទោះគ្មានវត្តមានគណបក្សនយោបាយ ១ ឬ ២ មិនបានបំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឡើយ។ ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យសហគមន៍អន្តរជាតិ ពិចារណាឡើងវិញ និងទៅពិនិត្យខ្លឹមសារដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាឡើងវិញ ចំពោះការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជាកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ប៉ុន្តែ កាលពីថ្ងៃទី២៥ ខែឧសភា គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ដោយបង្ហាញពីការសោកស្តាយចំពោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបដិសេធបណ្តឹងតវ៉ារបស់ខ្លួន លើករណីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្នោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។
គណបក្សនេះ លើកឡើងថា ការសម្រេចដូច្នេះ ជាការមិនស្របនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ជាធរមាននានា ពិសេសច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីគណបក្សនយោបាយ។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ក៏បានលើកឡើងដែរថា រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ បានគូសបញ្ជាក់ពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងន័យនេះ មិនមែនសំដៅត្រឹមតែគណបក្សនយោបាយចុះឈ្មោះស្របច្បាប់លើសពី១ នោះទេ ប៉ុន្តែសំដៅលើភាពជាតំណាងរបស់ប្រជារាស្ត្រនៅក្នុងសភា ពោលគឺតំណាងរាស្ត្រ ដែលចេញពីការបោះឆ្នោតនោះ លើសពី ១គណបក្ស និងមានវត្តមានគណបក្សជំទាស់។
លោកបានគូសបញ្ជាក់ថា៖ «ប្រជាធិបតេយ្យសេរីពហុបក្សហ្នឹង ក៏សំដៅទៅលើរបបនយោបាយមានគណបក្សប្រឆាំងមានឥទ្ធិពល ហើយមានភាពខ្លាំង ដើម្បីឱ្យដំណើរប្រជាធិបតេយ្យរឹងមាំ និងមានប្រសិទ្ធភាព លុះត្រាតែមានគណបក្សដែលអាចមានសំឡេង អាចធ្វើឱ្យដំណើរការសង្គមមានតុល្យភាពអំណាច(check and balance)»។
លោកបានសម្តែងការសោកស្តាយ ដែលគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំមួយ អវត្តមានក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្លះដែលជាអ្នកគាំទ្រគណបក្សនេះ គ្មានជម្រើសក្នុងការជ្រើសរើសគណបក្សនយោបាយ ឬបុគ្គល ដែលជាទីពេញចិត្ត ឬចង់ឱ្យក្លាយជាតំណាងរបស់ពួកគេ។
ចំណែកប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោកយ៉ង់ គិមអេង បានថ្លែងថា វត្តមានរបស់គណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតជារឿងសំខាន់ សម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យ បន្ថែមពីលើបរិយាកាសអំណោយផលរបស់រដ្ឋអំណាច និងវត្តមានចូលរួមរបស់ប្រជាពលរដ្ឋ។
លោកនិយាយថា៖ «រដ្ឋធម្មនុញ្ញយើងក៏បានលើកឡើងដែរ ពីការលើកកម្ពស់ និងការប្រកាន់យកដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បានន័យថា យើងអនុញ្ញាតឱ្យមានបក្សចម្រុះ មានការចូលរួមពីគណបក្សនយោបាយផ្សេងៗ ក្នុងនោះក៏ត្រូវមានវត្តមានគណបក្ស ដែលមានលទ្ធភាពដណ្តើមបានអាសនៈសភាខ្លះផងដែរ»។
ប៉ុន្តែ លោក យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឯកភាពចំពោះការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោកថា នៅក្នុងស្មារតីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងក្រុងប៉ារីស មិនបានកំណត់ថា ត្រូវមានចំនួនគណបក្សប៉ុន្មានចូលរួមការបោះឆ្នោតឡើយ។
លោកថា ចាប់ពី ២គណបក្សឡើងទៅ ជាស្មារតីលទ្ធិប្រជាធិបតេយ្យ ហើយក៏មិនបានកំណត់ឈ្មោះ ឬសមាសភាគ ឬនិន្នាការគណបក្សនយោបាយណាដែរ។
លោក យង់ ពៅ និយាយថា៖ «ការបោះឆ្នោតអាណត្តិទី៦ កន្លងទៅក៏ដូចគ្នាដែរ មានការរំលាយអតីតគណបក្សសង្គ្រោះជាតិ ដែលមានភាពតានតឹងក្នុងនយោបាយកម្ពុជា ប៉ុន្តែការបោះឆ្នោតនៅតែដំណើរការតាមប្រតិទិនធម្មតា ព្រោះស្មារតីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនបានកំណត់ពីចំនួនគណបក្សត្រូវចូលរួមទេ»៕