ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌាជាផ្លូវការរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣។ ព្រះរាជទស្សនកិច្ចនេះ គឺធ្វើឡើងតបតាមការសូមយាងរបស់លោកស្រីប្រធានាធិបតីឥណ្ឌា ស្របពេលប្រទេសទាំង ២ កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យដឹងថា អំឡុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកស្រី ដ្រាផាឌី មួរមូ ប្រធានាធិបតី និងលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ដ្រីនៃសាធារណរដ្ឋឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី និងពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីផងដែរ រួមនឹងកម្មវិធីមួយចំនួនទៀត។
ក្រសួងការបរទេសកម្ពុជា កត់សម្គាល់ថា ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រនៅសាធារណរដ្ឋឥណ្ឌានេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ក្នុងទំនាក់ទំនងដ៏យូរអង្វែង រវាងប្រទេសទាំង ២ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំង ២។
ជុំវិញការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសឥណ្ឌា របស់ព្រះមហាក្សត្រនាពេលនេះ លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ព្រះរាជទស្សនកិច្ចនេះនឹងជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌា ឱ្យកាន់តែល្អប្រសើរថែមទៀត ខណៈឥណ្ឌាក៏ជាប្រទេសមហាអំណាចមួយ ដែលមានឧស្សាហកម្មរីកចម្រើន មានប្រជាជនច្រើន និងមានកងទ័ពច្រើនទៀតផង។
លោកបន្តថា៖ «ការរឹតចំណងមិត្តភាពរវាងកម្ពុជា-ឥណ្ឌា នឹងធ្វើឱ្យរីកចម្រើនលើវិស័យការទូត វិស័យពាណិជ្ជកម្ម ការរីកចម្រើនឥទ្ធិពលលើភូមិសាស្ត្រនយោបាយ ដែលយើងដឹងថា កន្លងមកឥណ្ឌាបានផលិតនូវផលិតផលឧស្សាហកម្មជាច្រើនហើយត្រូវបាននាំមកប្រទេសកម្ពុជា»។ លោកថា៖ «ក្នុងនោះមានដូចជា ម៉ូតូកង់ ៣ ឥណ្ឌា ថ្នាំពេទ្យ និងបច្ចេកវិទ្យា និងសេវាកម្មផ្សេងៗ ខណៈកម្ពុជាក៏បាននាំចូលផលិតផលសាច់សត្វមួយចំនួន ដូចជា សាច់គោ និងសាច់ក្របីជាដើម។ អ៊ីចឹងទាំងនេះគឺជាការបំពេញតម្រូវការរវាងគ្នាទៅវិញទៅមក និងរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចប្រជាជនស្ទុះឡើង»។
លើសពីនេះ លោកក៏បានអះអាងដែរថា ខណៈកម្ពុជាក៏បាននាំចេញផលិតផលជាច្រើនទៅកាន់ប្រទេសឥណ្ឌា ដូចជា ឧស្សាហកម្មកាត់ដេរ កង់ និងឧស្សាហកម្មគ្រឿងអេឡិចត្រូនិកមួយចំនួន ហេតុនេះ កម្ពុជា នឹងអាចក្លាយជាទីផ្សារដ៏ធំមួយរបស់ឥណ្ឌានាពេលអនាគត ព្រោះឥណ្ឌាមានប្រជាជនច្រើនរហូតជាង ១ ២០០ លាននាក់។
សូមបញ្ជាក់ថា ឥណ្ឌាជាប្រទេសមួយដែលមានវប្បធម៌អរិយធម៌ប្រពៃណី ផ្សព្វផ្សាយស្ទើរគ្រប់ទិសទីទូទាំងពិភពលោក។ ក្នុងនោះកម្ពុជា និងឥណ្ឌាមានវប្បធម៌ជាប់ពាក់ព័ន្ធជាមួយគ្នា ដែលមានប្រវត្តិដ៏យូរលង់មកហើយ ហើយបច្ចុប្បន្ននេះឥណ្ឌា ជាមហាប្រទេសនៅអាស៊ីខាងត្បូង មានការរីកចម្រើនលឿនឆាប់រហ័សទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និងយោធាផងដែរ។
ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានឱ្យដឹងកាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាបានកើនឡើងដល់ជិត ៣០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២២ ក្នុងនោះ ការនាំចូលផលិតផលពីឥណ្ឌាមកកម្ពុជា មានរហូតដល់ទៅជាង ១៩០ លានដុល្លារអាមេរិក។
ស្ថានទូតឥណ្ឌាបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌានៅឆ្នាំ ២០២២ មានតម្លៃចំនួន ២៨៩ លានដុល្លារអាមេរិក មានការកើនឡើងបើធៀបនឹងឆ្នាំ ២០២១ ដែលមានតម្លៃចំនួន ២៤០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ ស្ថានទូតឥណ្ឌា ក៏បានបង្ហាញក្តីសង្ឃឹមដែរថា ក្នុងឆ្នាំ ២០២៣ នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា នឹងបន្តកើនឡើងជាបន្តបន្ទាប់ទៀត ខណៈបច្ចុប្បន្នមានក្រុមហ៊ុនឥណ្ឌា ៥០ កំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតទៅលើវិស័យអចលនទ្រព្យ ឱសថ ព័ត៌មានវិទ្យា ម៉ូតូកង់ ៣ ឥណ្ឌា និងការជីករករ៉ែមាស ជាដើម៕