ភ្នំពេញៈ អង្គការសុខភាពពិភពលោកប្រចាំតំបន់ (WHO) បានសម្រេចផ្តល់ពានរង្វាន់ប្រចាំឆ្នាំ ២០២៣ «ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់» ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមជាស្ថាប័នដែលមានភាពសកម្មក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ថ្លែងថា ពានរង្វាន់នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ក្រសួងអប់រំដែលបានដាក់ចេញនូវគោលនយោបាយ និងការលើកកម្ពស់ការហាមឃាត់ការប្រើប្រាស់ការផលិតផលិតផលថ្នាំជក់នៅតាមគ្រឹះស្ថានសិក្សាក្នុងប្រទេសកម្ពុជានាពេលកន្លងមកប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកបន្តថា៖ «មុននឹងក្រសួងបានទទួលនូវពានរង្វាន់នេះ ក្រសួងអប់រំ បានយកចិត្តទុកដាក់ និងសកម្មលើបញ្ហាទាំងអស់នោះ ដោយបានចេញសេចក្ដីណែនាំជាច្រើន។ ក្រសួងសូមស្វាគមន៍ និងថ្លែងអំណរគុណចំពោះការលើកទឹកចិត្ត និងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខភាពរបស់អ្នកសិក្សា និងភាគីពាក់ព័ន្ធតាមរយ:គ្រប់រូបភាព»។
ក្រសួងអប់រំបានចេញនូវសេចក្តីណែនាំដោយមិនឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ដៃគូសហការជាមួយឧស្សាហករថ្នាំជក់ ទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈយោគយល់គ្នាជាមួយឧស្សាហករថ្នាំជក់ ផ្ដល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិព័រណ៍ដែលជាកម្មវិធីរបស់ឧស្សាហកម្មថ្នាំជក់ និងត្រូវចូលរួមលុបបំបាត់សកម្មភាពប្រើប្រាស់ផលិតផលថ្នាំជក់តាមគ្រប់រូបភាព។
លោក រស់ សុវាចា បញ្ជាក់ថា៖ «ក្រសួងក៏កំពុងបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងគ្រឿងស្រវឹង ដោយបានសហការជាមួយដៃគូការងារផ្សេងៗដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ និងវិធានការមានប្រសិទ្ធភាពក្នុងការ-កាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងគ្រឿងស្រវឹង»។
ជុំវិញរឿងនេះ លោក មុំ គង់ នាយកប្រតិបត្តិការអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងថា ក្រសួងអប់រំពិតជាស័ក្តិសមក្នុងការទទួលបានពានរង្វាន់ពីអង្គការសុខភាពពិភពលោកខ្លាំងណាស់ ពីព្រោះកន្លងមកក្រសួងនេះបានធ្វើកិច្ចការងារជាច្រើន ក្នុងការចូលរួមទប់ស្កាត់ និងបង្ការ ចំពោះកុមារ និងយុវជន កុំឱ្យចាប់ផ្ដើមជក់បារី។ លោក មុំ គង់ ថ្លែងថា៖«យើងដឹងហើយថា នៅពេលក្រុមហ៊ុនថ្នាំជក់គាត់មានសកម្មភាពអ្វីមួយជាមួយសាលារៀន គឺគាត់មានគោលបំណងតែមួយគត់ គឺធ្វើយ៉ាងណាឱ្យម៉ាកបារីរបស់គាត់ ត្រូវបានស្គាល់ដោយសិស្សសាលា ហើយបន្ទាប់មកសិស្សសាលាទាំងអស់នោះ នឹងក្លាយជាអតិថិជនរបស់គាត់»។
នៅក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ២០២៣ នាថ្ងៃទី ២៩ ខែឧសភាក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់» លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថា ការទទួលបាននូវពានរង្វាន់នេះ ពិតជាបានឆ្លុះបញ្ចាំង និងឈរលើមូលដ្ឋាននៃសមិទ្ធផលសំខាន់ៗ ដែលក្រសួងអប់រំ បានចូលរួមចំណែកជាបន្តបន្ទាប់ក្នុងការបង្ការទប់ស្កាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ក្នុងវិស័យអប់រំ។ កិច្ចការសំខាន់មួយនៃកិច្ចការសំខាន់ៗជាច្រើនដែលក្រសួងបានចូលរួមចំណែកទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់នៅកម្ពុជាគឺនៅឆ្នាំ ២០២៣ នេះក្រសួងបានអនុម័តការបពុម្ពសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាពសម្រាប់គ្រូនិងសិស្សថ្នាក់ទី១ ទី៤ ទី៧ និងទី១០ ព្រមទាំងចែកផ្សាយជាជំហានដំបូងនៅទូទាំងប្រទេស។
លោក ហង់ជួន ណារ៉ុន ថ្លែងថា៖ «ពានរង្វាន់ដែលក្រសួងបានទទួលនាពេលនេះពិតជាកម្លាំងជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បុគ្គលិកអប់រំនិងអ្នកសិក្សាទូទាំងប្រទេស ឱ្យខិតខំបំពេញបេសកកម្មបន្ថែមទៀត ក្នុងការចូលរួមថែរក្សានិងពង្រឹងសមិទ្ធផលនាពេលកន្លងមកប្រកបដោយភាពស្វាហាប់»។
ថ្នាំជក់ជាហានិភ័យនៃជំងឺមិនឆ្លងនានាដូចជា ជំងឺមហារីកជំងឺសរសៃឈាម និងបេះដូង ជំងឺសួត ប៉ះពាល់ដល់សរីរាង្គទាំងអស់ និងប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម។ ការស្រាវជ្រាវ របស់អង្គការសុខភាពពិភពលោកបង្ហាញថា កសិករថ្នាំជក់ដែលដាំដុះ និងប្រមូលផលថ្នាំជក់អាចស្រូបយកជាតិ នីកូទីនស្មើនឹង ៥០ បារីជារៀងរាល់ថ្ងៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ការអង្កេតថ្នាក់ជាតិលើមនុស្សពេញវ័យស្ដីពីថ្នាំជក់ ឆ្នាំ២០២១ បានបង្ហាញថា ការប្រើប្រាស់ផលិតផលថ្នាំជក់នៅកម្ពុជា មានការថយចុះ។ អត្រាប្រេវ៉ាឡង់ការជក់ថ្នាំជក់ក្នុងចំណោម មនុស្សពេញវ័យអាយុ ១៥ ឆ្នាំឡើង មានការថយចុះពី ១៧% ក្នុងឆ្នាំ ២០១៤ មកត្រឹម ១៥% ក្នុងឆ្នាំ ២០២១ និងអត្រា ប្រេវ៉ាឡង់ការជក់បារីក៏មានការថយចុះពី ១៧% ក្នុងឆ្នាំ ២០១៤ មកត្រឹម ១៣% ក្នុងឆ្នាំ ២០២១។
អត្រាប្រេវ៉ាឡង់ការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមយុវវ័យអាយុ ១៣-១៥ ឆ្នាំឡើង មានការថយចុះពី ៦,៣% ក្នុងឆ្នាំ ២០១០ មកត្រឹម ២,៤% ក្នុងឆ្នាំ ២០១៦៕