ស្ទឹងត្រែងៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញឱ្យមន្ត្រីបច្ចេកទេសវារីវប្បកម្ម រៀបចំភ្ញាស់កូនត្រីពូជឱ្យបានច្រើនប្រភេទដើម្បីចែកចាយទៅកសិករចិញ្ចឹមត្រី ធ្វើការពង្រីក វារីវប្បកម្ម លក្ខណៈគ្រួសារ ដើម្បីឈានទៅរួមគ្នាកាត់បន្ថយការធ្វើនេសាទត្រីធម្មជាតិ នៅតាមទន្លេមេគង្គឱ្យមកនៅកម្រិតទាប។
ក្នុងអំឡុងពេលចុះពិនិត្យ មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ នៅចំណុចអូរខ្លុង ភូមិ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗនេះ លោក ឌិត ទីណា បានលើកឡើងថា ការបណ្តុះបណ្តាល របស់មន្ត្រីបច្ចេកទេសក្នុងការភ្ញាស់កូនត្រីពូជនេះ ជាការផ្ទេរចំណេះដឹងដ៏មានអាទិភាពជូនទៅប្រជាកសិករ ដើម្បីឱ្យពួកគាត់មានបច្ចេកទេសចិញ្ចឹមត្រី និងបានរួមគ្នាងាកមកចូលរួមអភិរក្សធនធានមច្ឆជាតិនៅតាមដងទន្លេមេគង្គលើ ឱ្យវាសម្បូរបែបព្រោះនៅប៉ែកខាងលើនេះ ជាតំបន់សម្បុកត្រីពងកូន។
តាមរយៈក្រសួងកសិកម្ម លោកបានបញ្ជាក់ថា៖ «មន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វ ត្រូវបង្កើនការផលិតកូនត្រីពូជ តម្រូវការទីផ្សារផ្សេងៗបន្ថែមទៀត ដើម្បីឈានទៅរៀបចំមច្ឆវប្បករជាប្រព័ន្ធ ហើយអនុវត្ត ឱ្យទទួលបានទិន្នផលខ្ពស់យកទៅផ្គត់ផ្គង់នៅទីផ្សារ។ អ្នកចិញ្ចឹមត្រីមួយចំនួន ខ្ញុំនឹងបោះទុនឱ្យសាកមើលតែម្ដង»។
លោក ឌិត ទីណា បានបន្តថា ៖ «ឥឡូវខ្ញុំដោះស្រាយវគ្គហ្នឹងមួយឱ្យធ្វើការវិនិយោគធ្វើការចិញ្ចឹមត្រីសាកមើល តើអាចលក់ចេញទៅវិញដាច់ឬអត់ បើដាច់អាហ្នឹង ចាំរៀបចំជាប្រព័ន្ធយ៉ាងម៉េចដើម្បីអាចធ្វើការចិញ្ចឹមត្រីហ្នឹងបាន ហើយជម្រើសទី៣ធ្វើការវិនិយោគ ជាមួយដៃគូឯកជនតែម្ដង»។
ចំពោះការងារវារីសត្វនេះ លោករដ្ឋមន្ត្រីបានស្នើអភិបាលខេត្តស្ទឹងត្រែងពិចារណាស្វែងរកដៃគូឯកជនមកធ្វើការវិនិយោគ ដោយសហការជាមួយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យបានល្អ ដើម្បីភាពរីកចម្រើននិងការអភិវឌ្ឍវិស័យកសិកម្មឱ្យខ្លាំងក្លា និងមានសក្តានុពល តាមរយៈការរៀបចំគោលនយោបាយប្រចាំខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្នុងការជំរុញផលិតផលសក្តានុពលក្នុងខេត្ត ដើម្បីជំរុញវិស័យកសិកម្មឱ្យរីកចម្រើន និងចូលរួមជួយដល់សង្គមជាតិ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានប្រាប់ឱ្យដឹងថា ខេត្តស្ទឹងត្រែង បានគិតគូរយ៉ាងហ្មត់ចត់ លើការរៀបចំទីតាំងវារីវប្បកម្មឱ្យមានលក្ខណៈសមស្រប ដើម្បីជំរុញការបង្កាត់កូនត្រីពូជឱ្យកាន់តែច្រើន និងមានគុណភា សម្រាប់ផ្តល់ដល់ប្រជាកសិករ។
លោកបានបញ្ជាក់ថា ៖ «នេះជាយុទ្ធវិធីជំរុញឱ្យផ្នែកវារីវប្បកម្ម កាន់តែមានកាលានុវត្តភាពឈានទៅទទួលបានជោគជ័យ ព្រោះនៅខេត្តស្ទឹងត្រែង យើងមានទីតាំងវារីវប្បកម្មទំនើបប្រកបដោយស្តង់ដា ដែលបានផ្តល់លទ្ធភាពគ្រប់គ្រាន់សម្រាប់មន្ត្រីជំនាញប្រើប្រាស់បច្ចេកទេសរបស់ខ្លួន ធ្វើឱ្យសម្រេចគោលដៅដែលចង់បាន»។
ជាមួយគ្នានេះដែរ លោក ប៊ុនរ៉ា ស៊ី ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើស្ទឹងត្រែង បានប្រាប់ឱ្យដឹងដែរថា កន្លងមកមន្ត្រីជំនាញចិញ្ចឹមត្រីមេពូជបានចំនួនជាង ១០ ប្រភេទហើយ ក្នុងនោះរួមមាន៖ ត្រីអណ្តែងអាហ្រ្វិក, ត្រីខ្យ៉ា, ត្រីទីឡាព្យ៉ា, ត្រីអណ្តែងទន់, ត្រីប្រា, ត្រីពោ, ត្រីកែស, ត្រីព្រលូង, ត្រីឆ្ពិន, ត្រីក្រាញ់ និងត្រីកាហែជាដើម។
លោកបានឱ្យដឹងថា៖ «បច្ចុប្បន្នក្នុងចំណោមត្រី ជាង ១០ ប្រភេទនេះ មានត្រី ២ ប្រភេទ ដូចជាត្រីអណ្តែង និងត្រីទីឡាព្យ៉ាកំពុងដំណើរការលក់ចេញជូនកសិករចិញ្ចឹមត្រីនៅក្នុងខេត្ត និងទៅតាមបណ្តាខេត្តផ្សេងៗទៀតបានតាមតម្រូវការ»។
សូមបញ្ចាក់ថា នៅមជ្ឈមណ្ឌលវារីវប្បកម្មស្ទឹងត្រែង មានស្រះចំនួន ២៤ ក្នុងនោះស្រះស្តុកត្រីមេពូជធំចំនួន ១, ស្រះកូនត្រី ១២, ស្រះត្រីមេពូជចំនួន៦, ស្រះបំប៉នត្រីសាច់ចំនួន ៤ និងស្រះចម្រោះទឹកកខ្វក់ចំនួន ១ ហើយលោករដ្ឋមន្ត្រី នឹងផ្តល់ថវិកា ចំនួន ១ ម៉ឺនដុល្លារ ដើម្បីបង្កើនលទ្ធភាពឱ្យមន្ត្រីមជ្ឈមណ្ឌលភ្ញាស់កូនត្រីពូជឱ្យបានច្រើនប្រភេទ៕