ភ្នំពេញៈ បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF) បានបោះឆ្នោតគាំទ្រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) របស់កម្ពុជា ជាសមាជិកពេញសិទ្ធិជាឯកច្ឆន្ទនាពេលថ្មីៗនេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយ RECEF ក៏ត្រៀមខ្លួនមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានាខែកក្កដា ឆ្នាំ ២០២៣ ខាងមុខផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ.ជ.ប.នៅថ្ងៃទី ២៨ ខែឧសភា បានឱ្យដឹងថា នាឱកាសចូលរួម ក្នុងសិក្ខាសាលាអន្តរជាតិលើកទី១១ ស្ដីពីបែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត និងមហាសន្និបាតលើកទី ១០ របស់ RECEF ដែលមានន័យថា បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង គឺ គ.ជ.ប. កម្ពុជា ត្រូវបាន RECEF បោះឆ្នោតគាំទ្រជាសមាជិកពេញសិទ្ធិជាឯកច្ឆន្ទ»។
គ.ជ.ប. បានបន្ដថា ការបោះឆ្នោតគាំទ្រជាសមាជិកពេញសិទ្ធិជាឯកច្ឆន្ទនេះ ដោយកុងសង់ស៊ីសសមាជិកចូលរួមទាំងអស់កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
សេចក្តីប្រកាសដដែលបន្តថា សមាជិកដែលចូលរួមបោះឆ្នោតគាំទ្រកម្ពុជារួមមាន ប្រទេសជាសមាជិកចំនួន ២២ និងដៃគូ RECEF ចំនួន ៣ គឺអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង OIF មានសមាជិកសរុប ៨៨ ប្រទេសដោយមានអ្នកនិយាយភាសាបារាំងក្នុងពិភពលោកចំនួន ៣១០ លាននាក់ មជ្ឈមណ្ឌលអឺរ៉ុបគាំទ្រការបោះឆ្នោត (ECEA) និងជំនួយការបោះឆ្នោតអន្តរជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ (IDEA)។
លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប. ប្រធានក្រុមប្រតិកម្មព័ត៌មាន និងជាតំណាង គ.ជ.ប.បានចូលរួមជាសាក្សីក្នុងព្រឹត្តិការណ៍នេះ។ គ.ជ.ប. ក៏បានបង្ហាញសន្លឹកឆ្នោតឆ្នាំ ២០១៨ និងរូបភាពដំរីដឹកសម្ភារបោះឆ្នោតក្នុងពិព័រណ៍សន្លឹកឆ្នោតនៃប្រទេសសមាជិក RECEF។ ទន្ទឹមនឹងនេះ RECEF នឹងចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ នៅកម្ពុជាផងដែរ។
លោក សំ គន្ធាមី នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិច បានថ្លែងនៅថ្ងៃទី ២៩ ខែឧសភាថា នេះ ជាចំណុចល្អសម្រាប់គ.ជ.ប.កម្ពុជា ដែលបានពង្រីកខ្លួនចូលរួមជាសមាជិកជាមួយបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF) ដោយបន្ថែមថា ព្រោះមានឱកាសក្នុងការរៀនសូត្រ និងដកពិសោធពីគេយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា នៅពេលដែល គ.ជ.ប. បានក្លាយជាសមាជិកពេញសិទ្ធិរួចរាល់ RECEF ក៏នឹងបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតរបស់ខ្លួនដើម្បីមកចូលរួមសង្កេតការណ៍នៅពេលដែលកម្ពុជារៀបចំធ្វើនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខដែរ ដោយពួកគេនឹងពិនិត្យទៅលើអ្នកចូលរួមទៅបោះឆ្នោត ការរៀបចំការបោះឆ្នោត និងបរិយាកាសនៅក្នុងពេលបោះឆ្នោតផងដែរ។
សូមជម្រាបថា គ.ជ.ប.កម្ពុជា កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ បានចាត់តាំងតំណាងឱ្យចូលរួមក្នុងសិក្ខាសាលាអន្តរជាតិស្ដីពី បែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្តដែលសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជា មហាសន្និបាតប្រចាំឆ្នាំរបស់ (RECEF) នៅក្នុងប្រទេសបារាំង។ មហាសន្និបាតនេះគឺជាអង្គកំពូលនៃបណ្តាញ RECEF ដែលជាជំនួបភាសា ការលើកសំណើ និងការផ្លាស់ប្តូរព័ត៌មានពីសមាជិក៕