​ភ្នំពេញៈ យ៉ាងហោចណាស់​មាន​មនុស្ស​ ៣៧ ​នាក់​បាន​ស្លាប់ រីឯ​ ១២៨​ នាក់​ផ្សេងទៀត​រង​របួស ចំណែក​ផ្ទះ ១ ១៦៤ ​ខ្នង បាន​ដួលរលំ និង​របើក​ដំបូល​មាន​ ៩ ៧១៥​ ខ្នង ដោយសារ​ករណី​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​គិត​ចាប់ពី​ថ្ងៃទី​ ១ មករា ដល់​ថ្ងៃទី​ ២៨ ខែឧសភា ឆ្នាំ ​២០២៣​។ នេះ​បើតាម​លោក​សុទ្ធ គឹម​កុល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៩ ខែឧសភា លោក សុទ្ធ គឹម​​កុល​មុនី បានឱ្យដឹងថា ករណី​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​បានកើត​ឡើង​ញឹកញាប់​ចាប់ពី​ដើម​រដូវវស្សា​។ លោក​ថា ចាប់ពី​ដើមឆ្នាំ រហូតដល់​ថ្ងៃទី​ ២៨ ខែឧសភា ចំពោះ​ករណី​ខ្យល់​កន្ត្រាក់ បាន​កើតឡើង​ចំនួន​ ១៥៥​ លើក​ក្នុងនោះ​បានធ្វើឱ្យ​ផ្ទះ​រលំ​ចំនួន​ ១ ១៦៤​ ខ្នង និង​ផ្ទះ​របើក​ដំបូល​មាន ៩ ៧១៥ ​ខ្នង ព្រមទាំង​ប៉ះពាល់​ដល់​សាលារៀន​ចំនួន ៦៧ ​ខ្នង​ផងដែរ​។ ក្រៅពីនេះ​ករណី​ខ្យល់​កន្ត្រាក់​ក៏បាន​ប៉ះ​ពាល់​ដល់​អគារ​រដ្ឋបាល និង​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ ៦​ នាក់​និង​របួស​ ៩៩​ នាក់​។

​លោក​បាន​បញ្ជាក់ថា​៖ «​ការកើនឡើង​នៃ​ខ្យល់​កន្ត្រាក់​នេះ ​គឺ​គួរឱ្យ​ចាប់អារម្មណ៍ ព្រោះ​មានការ​កើតឡើង​សឹងតែ​រាល់ថ្ងៃ​នៅពេល​មាន​ភ្លៀង អ៊ីចឹង​សុំ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​យើង​មេត្តា​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ករណី​ខ្យល់​កន្ត្រាក់​នេះ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ផ្សេងៗ ជាពិសេស​កាត់បន្ថយ​គ្រោះ​ថ្នាក់​ដែល​អាច​កើត​ឡើងដល់​អាយុជីវិត​»​។​

​លោក​ សុទ្ធ គឹម​កុល​មុនី បានឱ្យដឹង​ទៀតថា ដោយឡែក​ករណី​រន្ទះបាញ់​គឺជា​បញ្ហា​មួយ​ដែល​កំពុង​គំរាមកំហែង​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ ក្នុងនោះ ​៥ ​ខែ ដើមឆ្នាំ ២០២៣ នេះ គិត​ត្រឹម​ថ្ងៃទី ២៨ ខែឧសភា មាន​ករណី​រន្ទះបាញ់ កើតឡើង​ចំនួន ៦០ លើក បង្ក​ឱ្យ​មនុស្ស​ស្លាប់​ ៣១​នាក់ និង​របួស ​២៩ ​នាក់ ព្រមទាំង​គោ​ក្របី​ងាប់​ ៥៩​ ក្បាល​។​

​លោក​បន្ថែមទៀតថា តាម​ទិន្នន័យ​នៃ​ការស្លាប់​ដោយសារ​រន្ទះបាញ់​នេះ​ជា​តួលេខ ​១ ​ដ៏​ខ្ពស់ ហេតុដូច្នេះ​ទាមទារ​ឱ្យមាន​ការ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​រន្ទះបាញ់​នេះ​។ អាជ្ញាធរ និង​ប្រជាពលរដ្ឋ ព្រមទាំង​អ្នកជំនាញ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​។​

​ជាមួយគ្នានេះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក៏បាន​ណែ​នាំឱ្យ​ពិនិត្យ វិភាគ និង​ស្រាវជ្រាវ​បញ្ហា​រន្ទះបាញ់​នេះ ដើម្បី​ដាក់ចេញ​វិធានការ​សមស្រប ក្នុងការ​កាត់បន្ថយ ផលប៉ះពាល់​ទៅដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។

​លោក​ថ្លែងថា​៖ «​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ដើម្បី​រៀបចំ​ប្រព័ន្ធ​ការពារ​រន្ទះ​នៅ​តំបន់​ណា​ដែល​ធ្លាប់​កើត ហើយ​អ្នក​ពាក់​ព័ន្ធ​ទាំងអស់ ជាពិសេស​ប្រជា​ពលរដ្ឋ ត្រូវ​យល់ដឹង​ឱ្យ​ច្បាស់​អំពី​បញ្ហា​រន្ទះបាញ់​នេះ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​»​។

​តាម​របាយការណ៍​រប​ស់ន​គរ​​បាល​ស្រុក​ប្រាសាទបាគង​បានឱ្យដឹងថា ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣ ​ខ្នង​បាក់​រលំ បង្ក​ឱ្យ​មនុស្ស ៣ ​នាក់ រងរបួស និង​ត្រូវបាន​បញ្ជូនមក​មន្ទីរ​ពេទ្យ ដើម្បី​ព្យាបាល​នៅ​ថ្ងៃទី ​២៧ ខែឧសភា នៅក្នុង​ភូមិ​សុ​ភី ឃុំ​ក​ន្ត្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា នៅ​យប់​ថ្ងៃទី​ ២៦ ខែឧសភា មាន​យុវជន ​២​ នាក់​នៅ​ស្រុក​ប្រាសាទបាគង​បាន​ស្លាប់ ដោយសារ​រន្ទះបាញ់ ខណៈ​ពួកគេ​ដើរ​ឆ្លុះ​កង្កែប​នៅពេល​យប់​ក្នុងពេល​កំពុងមាន​ទឹក​ភ្លៀង និង​ខ្យល់​កន្ត្រាក់​។

​ដោយឡែក​របាយការណ៍​របស់ លោក កែវ តារា​រស្មី អភិ​បាល​ស្រុក​អូរជ្រៅ បានឱ្យដឹងថា ភ្លៀង​លាយឡំ​ទៅដោយ​ខ្យល់​កន្ត្រាក់ បណ្ដាលឱ្យ​ផ្ទះ​សំបែង​របស់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​អូរជ្រៅ​រង​ការខូចខាត​អស់​ ៣៦ ​ខ្នង កាលពី​ថ្ងៃទី​ ២៦ ខែឧសភា ។ ករណី​ខ្យល់​កន្ត្រាក់​នេះ​បាន​កើតឡើង​នៅ ​២​ឃុំ គឺ​ទី ​១ ឃុំ​ច​ង្ហា ប៉ះពាល់​ផ្ទះ ​២៨ ​ខ្នង និង ទី​២​គឺ ឃុំ​សិង្ហ ប៉ះពាល់​ផ្ទះ​ចំនួន ​៨​ ខ្នង និង​រង​ការ​ដួល​រំលំ​ស្លាក​សញ្ញា​គណបក្ស​ចំនួន ​២ ​ផ្ទាំង​ផងដែរ​៕