ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី ៣០ ឧសភានេះ មានគណបក្សនយោបាយចំនួន ១៥ គណបក្សហើយ ដែលបានចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់លើទម្រង់ទំហំសញ្ញាសម្គាល់ឈ្មោះគណបក្សរបស់គណបក្សខ្លួន ខណៈមានគណបក្សនយោបាយចំនួន ៣ គណបក្សផ្សេងទៀត បានសុំកែសម្រួលនូវចំណុចខ្លះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បចុះថ្ងៃទី៣០ ខែឧសភា បានឱ្យដឹងថា គ.ជ.ប បានរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។
គ.ជ.បបានបញ្ជាក់ដែរថា៖«តំណាងគណបក្សនយោបាយចំនួន១៥គណបក្សបានចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់លើទម្រង់ទំហំសញ្ញាសម្គាល់ ឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ របស់គណបក្សខ្លួន ដោយឡែកគណបក្សនយោបាយចំនួន៣គណបក្សផ្សេងទៀតបានសុំកែសម្រួលនូវចំណុចខ្លះ»។
គណបក្សចំនួន៣ដែលស្នើសុំកែសម្រួលនេះ រួមមាន គណបក្សបំណងពលរដ្ឋ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សឯកភាពជាតិខ្មែរ។
លោកតុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានគ.ជ.ប និងជាប្រធានដឹកនាំកម្មវិធីនេះបានលើកឡើងថា ការពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះ គណបក្សនយោបាយជាអក្សរពេញ អក្សរកាត់នេះធ្វើឡើងដើម្បីឱ្យការរៀបចំ ទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើ សន្លឹកឆ្នោត មានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានការបញ្ជាក់ទទួលស្គាល់ដោយសាមីគណបក្ស នយោបាយនីមួយៗ។
លោកបានថ្លែងថា៖«ទម្រង់ទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវពិនិត្យនៅក្នុងកម្មវិធីនេះគឺជាទម្រង់ដែលសាមីគណបក្សនយោបាយនីមួយៗបានផ្ញើជូនគ.ជ.ប»។
ទាក់ទិននឹងករណីនេះផងដែរលោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល បានយល់ឃើញនេះគឺជានិតិវិធី ដែលមានការគ្រោងទុក ដែលវាអាស្រ័យលើគណបក្សនយោបាយនីមួយៗបានពិនិត្យ និងយល់ឃើញថា សញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់របស់ខ្លួន គិតថាត្រឹមត្រូវ គឺមិនមានបញ្ហាអ្វីចោទនោះទេ។
លោកបន្តថា៖«ទោះជាយើងមិនបានចូលរួមសង្កេតលើកិច្ចការងារពិនិត្យនេះក្តី ប៉ុន្តែខ្ញុំយល់ថា ការពិនិត្យទំហំសញ្ញាសម្គាល់ឈ្មោះគណបក្សនយោបាយ អក្សរពេញ ឬអក្សរកាត់របស់ខ្លួន ដែលត្រូវដាក់លើសន្លឹកឆ្នោតគឺមានសារៈសំខាន់ដល់គណបក្សនយោបាយ ព្រោះជាការបង្ហាញឱ្យមានលក្ខណៈងាយស្រួលសម្រាប់ការកត់ចំណាំពីប្រជាពលរដ្ឋនៅពេលទៅបោះឆ្នោតផងដែរ»។
គិតមកដល់ថ្ងៃទី៣០ខែឧសភាពេលនេះគ.ជ.បបានសម្រេចទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយចំនួន១៨ លើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣។ ដោយឡែកគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរត្រូវបានគ.ជ.ប បដិសេធដោយសារមិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌនិងច្បាប់កំណត់៕