កំពត/កែប: ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្ពោធដាក់ឱ្យដំណើរការទីលានទុកដាក់សំរាមក្នុងក្រុងទេសចរណ៍នៃខេត្តកំពត និងខេត្តកែប ដើម្បីចូលរួមលើកកម្ពស់សុខភាពសាធារណៈ និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
ពិធីសម្ពោធនេះត្រូវបានប្រព្រឹត្តឡើងនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះនៅទីតាំងផ្សេងគ្នា ក្រោមវត្តមានលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តកំពត និងខេត្តកែប ក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី និងមន្ត្រីបច្ចេកទេសគម្រោងជាច្រើនរូបផងដែរ។
លោកស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីសម្ពោធទីលានទុកដាក់សំរាមក្នុងខេត្តកំពតថា ទីលានទុកដាក់សំរាមទាំងនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងតំបន់ជុំវិញទីតាំងនេះ ពិសេសខេត្តកំពតជាខេត្តទេសចរណ៍។ ដូច្នេះ ទីលានចាក់សំរាមនេះ វាក៏ចូលរួមកាត់បន្ថយការចោលសំរាមនៅតាមដងផ្លូវ និងកាត់បន្ថយការបំពុលបរិស្ថានជុំវិញខេត្តនេះផងដែរ។
លោកបានមានប្រសាសន៍ថា៖«នេះជាផ្នែកមួយនៃការថែរក្សាសុខភាព សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។យើងមានទីលានទុកដាក់សំរាមសម្រាប់ប្រមូលសំរាមដែលបោះបង់ចោលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ហើយមួយវិញទៀតខេត្តកំពតជាខេត្តទេសចរណ៍។ អ៊ីចឹងយើងក៏មិនចង់ឃើញសំរាមដាក់ចោលតាមផ្លូវគ្មានកន្លែងទុកដាក់ត្រឹមត្រូវនោះដែរ»។
បន្ទាប់ពីប្រកាសបើកសម្ពោធទីលានចាក់សំរាមនៅខេត្តកំពតរួច លោករដ្ឋមន្រ្តី និងប្រតិភូពាក់ព័ន្ធក៏បានចូលរួមសម្ពោធទីលានទុកដាក់សំរាមមួយទៀតក្នុងខេត្តកែបនាថ្ងៃដដែលនោះដែរ។
លោកស៊ុន ចាន់ថុល បានលើកឡើងក្នុងពិធីថា ទីលានទុកដាក់សំរាមក្នុងខេត្តកែបនេះ អាចផ្ទុកសំរាមបានដល់៦០ម៉ឺនម៉ែត្រគុប ដែលប្រើប្រាស់បានក្នុងរយៈពេល២០ឆ្នាំ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖«ទីលានទុកដាក់សំរាមនេះ ក៏ជាផ្នែកមួយក្នុងការថែរក្សាសុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។ បើសិនគ្មានកន្លែងទីលានទុកដាក់សំរាមត្រឹមត្រូវទេ វានាំឱ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋយើងដែរ។
លោកសោម ពិសិដ្ឋ អភិបាលខេត្តកែបបានថ្លែងក្នុងឱកាសនោះថា ទីលានទុកដាក់សំរាមដែលមានស្ដង់ដានេះ ជាសមទ្ធិផលមួយដ៏ថ្លៃថ្លា ក្នុងការចូលរួមលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តឱ្យកាន់តែល្អប្រសើរ ជាពិសេសគឺរួមចំណែកធ្វើឱ្យបរិស្ថានស្អាត ស្របពេលដែលខេត្តនេះជាខេត្តទេសចរណ៍។
លោកបានមានប្រសាសន៍ថា៖«ទីលានទុកដាក់សំរាមនេះមិនត្រឹមតែអាចប្រើប្រាស់ក្របខ័ណ្ឌរដ្ឋបាលខេត្តប៉ុណ្ណោះទេ ប៉ុន្តែទីលានទុកដាក់សំរាមនេះ ក៏អាចបើកឱ្យប្រើប្រាស់ដើម្បីទុកដាក់សំរាមសំណល់រឹងពីរដ្ឋបាលស្រុកមួយចំនួនក្នុងខេត្តកំពត និងក្បែរៗខេត្តកែបផងដែរ»។
បើតាមលោកសោម ពិសិដ្ឋ បច្ចុប្បន្ននេះ សំរាមសំណល់រឹងដែលបញ្ចេញគ្រប់ទីកន្លែងក្នុងខេត្តកែបក្នុង១ថ្ងៃប្រហែល៥០តោន ដោយមិនគិតបញ្ចូលរួមទាំងថ្ងៃបុណ្យ និងថ្ងៃសម្រាក ដែលលើសពីបរិមាណក្នុង១ថ្ងៃ។
លោកសោម ពិសិដ្ឋ បានបញ្ជាក់ថា៖ «ផ្អែកលើបញ្ហានេះ ទីលានទុកដាក់សំរាមក្នុងខេត្តកែបនេះ ពិតជាមានសារៈសំខាន់ និងចាំបាច់ក្នុងបរិបទនេះផ្នែកសុខភាព ហើយរដ្ឋបាលខេត្ត នឹងយកចិត្តទុកដាក់បន្តទៀត ដើម្បីរៀបចំ និងស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួង ស្ថាប័នជំនាញ ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់គ្រប់គ្រងទីលានទុកដាក់សំរាម»។
យោងតាមក្រសួងសាធារណការបានឱ្យដឹងថា ទីលានទុកដាក់សំរាមខេត្តកំពតចាប់ផ្ដើមសាងសង់ឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ និងបញ្ចប់ការងារសាងសង់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយចំណាយថវិកាអស់ជាង៣លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ទីលានទុកដាក់សំរាមនេះមានទំហំផ្ទៃដី១០ហិកតា ដែលអាចទទួលបានបរិមាណសំរាមជាង៣៤ម៉ឺនម៉ែត្រគុប ហើយអាចប្រើប្រាស់បានក្នុងរយៈពេល២០ឆ្នាំ។
ចំណែកទីលានទុកដាក់សំរាមក្នុងខេត្តកែប ត្រូវបានសាងសង់លើផ្ទៃដីទំហំ១៤ហិកតា ដែលមានសមត្ថភាពផ្ទុកសំរាមបានប្រមាណ៦០ម៉ឺនម៉ែត្រគុបហើយប្រើប្រាស់បានក្នុងរយៈពេល២០ឆ្នាំ។ ទីលានទុកដាក់សំរាមថ្មីនេះបានប្រើប្រាស់ថវិកាសាងសង់ជាង១០លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ផងដែរ៕