ភ្នំពេញៈ ថវិកាសរុបជាង ១៣ លានដុល្លារអាមេរិក ត្រូវបានសប្បុរសជនរួមទាំងព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រីព្រះមាតាជាតិខ្មែរ ចូលរួមបរិច្ចាគដល់កាកបាទក្រហមកម្ពុជាក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៣។
យោងតាមលិខិតថ្លែងអំណរគុណរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចុះថ្ងៃទី២៩ ខែឧសភា បានឱ្យដឹងថា ឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ២០២៣នេះ បានធ្វើឡើងក្រោមប្រធានបទ«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាប័ន្នសង្គម»។
លោកស្រី បានបញ្ជាក់ថា៖ «ក្នុងនាមខ្ញុំផ្ទាល់ សូមក្រាបបង្គំថ្វាយអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ រួមនឹងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភថវិកា និងសម្ភារដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ២០២៣»។
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានបន្តថា ៖ «គិតមកថ្ងៃនេះ មានសប្បុរសជនសរុបចំនួន ៩៩៧អង្គ/នាក់ បានធ្វើការបរិច្ចាគថវិកាសរុបចំនួន ១៣ ៨១៨ ៥៩២ដុល្លារអាមេរិកមកកាកបាទក្រហមកម្ពុជា»។
ក្នុងនោះដែរ កាកបាទក្រហមកម្ពុជាក៏ទទួលបានរថយន្ត Pick Up ម៉ាក Ford Ranger XLS ឆ្នាំ២០២២ ពណ៌ស១គ្រឿង, រថយន្តម៉ាក HYUNDAI VIP ៧កៅអី ឆ្នាំ២០២៣ ចំនួន១គ្រឿង, រថយន្តដឹកជញ្ជូនចំណុះ ២,៥តោន ម៉ាក ISUZU ឆ្នាំ២០២៣ ចំនួន១គ្រឿង,ម៉ូតូអគ្គិសនី១០គ្រឿង និងមួកសុវត្ថិភាពចំនួន៥០០ ថែមទៀត។
ជាមួយនឹងថវិកាទាំងនេះ លោកស្រី ប៊ុន រ៉ានី បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជានឹងចាត់ចែងប្រើប្រាស់មូលនិធិ និងសម្ភារដែលទទួលបានពីសប្បុរសជននេះជួយដល់ប្រជាពលរដ្ឋរងគ្រោះបំផុត ប្រកបដោយតម្លាភាព។
លោកស្រីបញ្ជាក់ថា៖ «កាកបាទក្រហមកម្ពុជា នឹងចាត់ចែងប្រើប្រាស់មូលនិធិ និងសម្ភារដែលទទួលបានពីសប្បុរសជន ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ប្រកបដោយតម្លាភាពនិងគណនេយ្យភាព»។
កាកបាទក្រហមកម្ពុជាក៏បានប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការរួមចំណែកលើកកម្ពស់បរិយាប័ន្នសង្គមដែលមនុស្សគ្រប់ៗរូប ត្រូវបានទទួលការគោរព ការទទួលស្គាល់ពីសង្គម ការផ្តល់អំណាច និងផ្តល់ឱកាសចូលរួមការងារសង្គម និងទទួលផលពីការអភិវឌ្ឍដោយគ្មានអ្នកណាម្នាក់ត្រូវទុកចោលទ្បើយ។
ជុំវិញរឿងនេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ទីណាដែលមានការលំបាកមានទុក្ខ គឺកាកបាទក្រហមកម្ពុជាតែងតែចុះទៅជួយដោយមិនមាននរណាម្នាក់ត្រូវបានទុកចោលឬក៏រើសអើងឡើយ។
លោកបានថ្លែងថា៖ «កាកបាទក្រហម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសារតែបានជួយទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ រងគ្រោះដោយភ្លើងឆេះផ្ទះជាដើម។ អ៊ីចឹង! វាជាចំណែកមួយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរនៅក្នុងមូលដ្ឋានក្នុងជួយសម្រាកបន្ទុករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់»។
ជាមួយគ្នានោះ លោក ឌី រ៉ាដូ ក៏បានអំពាវនាវឱ្យសប្បុរសជនដែលមានលទ្ធភាពគួរចូលរួមបរិច្ចាគទៅដល់កាកបាទក្រហមកម្ពុជាជាបន្តទៅទៀត ដើម្បីឱ្យក្រុមការងារចុះជួយប្រជាពលរដ្ឋដែលរងគ្រោះកាន់តែទូលាយ និងមានប្រសិទ្ធភាពជាងមុនផងដែរ។
ចំណែក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានឱ្យដឹងដែរថា នៅគ្រប់ប្រទេសទាំងអស់ មិនថាប្រទេសណាទេ កាកបាទក្រហមបានដើរតួនាទីសំខាន់ខ្លាំងណាស់ក្នុងការជួយទៅដល់ប្រជាពលរដ្ឋដោយគ្មានការរើសអើង គ្មានការប្រកាន់ទិន្នាការនយោបាយឡើយ។
លោកបានបន្តថា៖ «សម្រាប់ប្រទេសកម្ពុជា កាកបាទក្រហម បានចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋបានច្រើនផងដែរ ជាពិសេសក៏បានរួមចំណែកជួយផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីសុវត្ថិ
ភាពចរាចរណ៍ និងការជួយសង្គ្រោះប្រជាពលរដ្ឋពេលមានទឹកជំនន់ និងបញ្ហាគ្រោះធម្មជាតិផ្សេងៗទៀតផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏នៅមានប្រជាពលរដ្ឋខ្លះថាការចុះជួយមានការរើសអើង ប្រកាន់បក្ខពួកជាដើម តែជារួមយើងមើលឃើញសកម្មភាពរបស់កាកបាទក្រហម បានធ្វើកិច្ចការងារជួយដល់ប្រជាពលរដ្ឋបានច្រើន»៕