ភ្នំពេញៈ ស្ថានបេសកកម្មអចិន្រៃ្តយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ បានប្រកាសបដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសមួយចំនួនថា បង្កឱ្យមានការយល់ច្រឡំ ដែលធ្វើឡើងក្រោមហេតុផលនយោបាយនិងជ្រើសរើសតែ ១ ជ្រុង ពាក់ព័ន្ធនឹងបរិយាកាសបោះឆ្នោតនៅមុន ការបោះឆ្នោតសកលដែលនឹងមកដល់នាខែកក្កដា ខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ ថ្ងៃទី ២៩ ខែឧសភា បានបំភ្លឺថា ការចោទប្រកាន់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសង្កត់ធ្ងន់លើទម្រង់បែបបទដែលហាក់ដូចជាមានការរើសអើងចំពោះគណបក្សនយោបាយសំខាន់មួយ ឬច្រើនក្នុងប្រទេសកម្ពុជា ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម គឺជាការចោទប្រកាន់មិនសមហេតុផលនោះឡើយ។
ប្រភពដដែលនេះបន្តថា ដើម្បីរៀបចំការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវយុត្តិធម៌ និងតម្លាភាព គ.ជ.ប បាននិងកំពុងប្រើប្រាស់ស្ដង់ដាតែមួយសម្រាប់គ្រប់គណបក្សទាំងអស់។ ការអនុវត្តផ្សេងពីនេះត្រូវបានចាត់ទុកថា ជាការអនុវត្តស្តង់ដា ២។ សេចក្តីប្រកាសព័ត៌មាន លើកឡើងថា ៖ «គណបក្សភ្លើងទៀន មិនមែនជាគណបក្សតែមួយទេ ដែលបានខកខានក្នុងការចុះបញ្ជី ដោយសារកំហុសរបស់ខ្លួន ហើយគណបក្សមហាសាមគ្គីជាតិខ្មែរជាគណបក្សនយោបាយមួយទៀត ដែលពុំបានបំពេញកាតព្វកិច្ចដាក់ឯកសារដូចគ្នា ប៉ុន្តែគណបក្សនេះបានប្រកាសទទួលយកដោយសុឆន្ទៈនូវសេចក្តីសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ»។
ស្ថានបេសកកម្មបញ្ជាក់ទៀតថា ការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅតែឥតងាករេ។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មបន្តថា៖ «អវត្តមាននៃគណ បក្សនយោបាយ ២ ពីដំណើរការបោះឆ្នោត ដោយសារតែការមិនគោរពច្បាប់មិនធ្វើឱ្យប៉ះពាល់ដល់សេរីនិយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាឡើយ»។
ដោយឡែក ការអំពាវនាវឱ្យដោះលែងលោក កឹម សុខា និង «បុគ្គលល្មើសច្បាប់» ដទៃទៀតជាបន្ទាន់ត្រូវបានស្ថានបេសកកម្មកម្ពុជាលើកឡើងដែរថា ជាសកម្មភាពមិនត្រឹមត្រូវទាល់តែសោះ។ បទល្មើសគឺជាបទល្មើសហើយវាមិនអាចត្រូវបានប្រើជាទឡ្ហីករណ៍សម្រាប់គោលបំណងណាមួយឡើយ។
សេចក្តីប្រកាសព័ត៌មានបានសង្កត់ធ្ងន់ថា៖ «អាណត្តិរបស់អ្នករាយការណ៍ពិសេស គឺដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សមិនមែនដើម្បីជំរុញការប្រព្រឹត្តខុសរបស់មនុស្សនោះទេ។ វាជាការចាំបាច់ណាស់ដែលអ្នករាយការណ៍ពិសេសត្រូវអនុវត្តមុខងាររបស់ខ្លួន ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌នៃនីតិវិធីពិសេស ដែលគូសបញ្ជាក់ពីសារ:សំខាន់នៃការសំអាងទៅលើអង្គហេតុការសង្កេតច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហ ប្រជាជាតិព្រមទាំងការចៀសវាងការធ្វើនយោបាយូបនីកម្ម និងការជ្រើសរើសតែ ១ ជ្រុង»។
ពាក់ព័ន្ធនឹងបញ្ហាការបោះឆ្នោត លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងនៅថ្ងៃទី ៣០ ខែឧសភា ថា ការលើកឡើងរបស់លោកអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ មិនត្រឹមត្រូវ និងមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពច្បាប់បោះឆ្នោតនៅកម្ពុជាឡើយ។ លោកថា អ្នករាយការណ៍ពិសេស គួរតែលើកទឹកចិត្ត និងកោតសរសើរ ដល់ គជប ដែលបានអនុវត្តច្បាប់បានយ៉ាងត្រឹមត្រូវ។
លោកថា៖ «ការសម្រេចបដិសេធមិនចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀនធ្វើឡើងទៅតាមច្បាប់បោះឆ្នោតហើយមកដល់ដំណាក់កាលនេះ គណបក្សនេះមិនអាចមានលទ្ធភាពក្នុងការចូលរួមបោះឆ្នោតនៅខែកក្កដាខាងមុខនេះទេ ដែលនេះ ជាកំហុសរបស់គណបក្សខ្លួនឯងតែប៉ុណ្ណោះ»។
ជាមួយគ្នានេះ នៅថ្ងៃទី ៣០ ខែឧសភា គណបក្សភ្លើងទៀន បានចេញសេចក្តីប្រកាសថា គណបក្សបានខិតខំប្រឹងប្រែងតាមគ្រប់មធ្យោបាយ និងអស់ពីលទ្ធភាព ដើម្បីបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលផ្ទុយពីការចោទប្រកាន់ថា គណបក្សពុំមានឆន្ទៈពិតប្រាកដក្នុងការចូលរួមការបោះឆ្នោត ហើយមានឧបាយកលធ្វើឱ្យបរទេសដាក់ការគាបសង្កត់លើរាជរដ្ឋាភិបាល ឬបង្កចលាចលក្នុងប្រទេសកម្ពុជា។
គណបក្សភ្លើងទៀនថា៖ «គណបក្សនៅតែរក្សាជំហរ និងឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងត្រៀមខ្លួន ក្នុងការចូលរួមការបោះឆ្នោតជាបន្តបន្ទាប់នៅពេលខាងមុខដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្តជ្រើសរើសតំណាងស្របតាមឆន្ទៈរបស់ខ្លួនព្រមទាំងជំរុញ និងលើកស្ទួយគ្រឹះលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅក្នុងប្រទេសកម្ពុជា»។
សូមរំឭកដែរថា កាលពីថ្ងៃទី ២៥ ឧសភា ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធចោលបណ្តឹងរបស់គណបក្សភ្លើងទៀន ដោយលើកហេតុផលថា ខុសនឹងគតិច្បាប់ និងបានសម្រេចមិនឱ្យគណបក្សនេះ ចូលរួមប្រកួតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ ឡើយ។
កាលពីថ្ងៃទី ២៦ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីករណីគណបក្សភ្លើងទៀន ដោយលោកបានលើកជាចម្ងល់ថា លោកមិនជឿថា មានការបាត់នូវសំបុត្រកំណើត ១ សន្លឹកនោះទេ ប៉ុន្តែនេះជាគោលដៅដែលធ្វើឱ្យបរទេសគាបសង្កត់កម្ពុជា។
លោកថា៖ «សំបុត្រកំណើតអាចនៅជាមួយនរណាម្នាក់ដែលជាមេដឹកនាំ។ គោលដៅរបស់គេដែលខ្ញុំវិភាគនៅកន្លែងនេះគេមិនចង់ឱ្យគណបក្សនេះចូលរួមបោះឆ្នោតទេ ដោយសារគេដឹងថា វានឹងចាញ់ តែអ្វីដែលគេចង់បានគឺគេយកបរទេសមកគាបកម្ពុជា»៕