ភ្នំពេញៈ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបង្ហាញរូបភាពសត្វកែះ ដែលជាប្រភេទសត្វកម្រជិតផុតពូជមានវត្តមានក្នុងតំបន់ការពារធម្មជាតិកម្ពុជា បន្ទាប់ពីទទួលបានពីមន្ត្រីនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិដែលបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់អភិរក្សកម្ពុជា។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា សត្វកែះ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកល និងជាសត្វស្ថិតក្នុងឧបសម្ព័ន្ធទី១ របស់អនុសញ្ញាសាយតេស។ គេមិនទាន់មានទិន្នន័យពិតប្រាកដថា មានសត្វកែះប៉ុន្មានក្បាលរស់នៅកម្ពុជាទេ តែប្រភេទសត្វនេះមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។
អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា យោងតាមការសិក្សា សត្វកែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង ដងខ្លួនខ្លី ហើយជើងទាំង ៤ វែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូកក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋាន ដូចជាប្រែង។ វាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០ មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ កន្ទុយខ្លី ហើយមានរោមសំពោងពណ៌ខ្មៅប្រផេះ។
លោក នេត្រ ភក្ត្រា បានបន្តថា តាមការសិក្សា សត្វកែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។កែះមានជើងយ៉ាងចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគុម្ពោតព្រៃក្រាស់ ហើយចេញរកស៊ីនៅពេលព្រលឹមឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។
សត្វកែះចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រក ហើយគេអាចសម្គាល់វត្តមានវាដោយសារគំនរលាមក។ លោកបញ្ជាក់ថា៖ «ដោយសារតែកែះជាសត្វមានភាពរហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ ដូច្នេះគេកម្រនឹងជួបប្រទះវាណាស់។ រដូវបន្តពូជសត្វកែះមាននៅខែតុលា និងខែធ្នូ ហើយកើតបានកូន ១ ជួនកាលភ្លោះមានដោយកម្រ បន្ទាប់ពីពពោះ ៧ ខែ។ កូនរស់នៅជាមួយមេវាស្ទើរពេញ ១ ឆ្នាំទើបចាកចេញ»។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា បច្ចុប្បន្នសត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជដោយសារការបរបាញ់ ការដាក់អន្ទាក់និងការបាត់បង់ទីជម្រក។ លោកថ្លែងថា៖ «អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងនោះ គឺដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ»។
លោកបានលើកឡើងថា ការនិយាយថាទេចំពោះសាច់សត្វ និងផលិតផលពីសត្វព្រៃ គឺមានន័យថា លោកអ្នកបានចូលរួមបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ និងការដាក់អន្ទាក់ចាប់សត្វព្រៃ។ សាច់សត្វព្រៃគ្មានអ្វីល្អឡើយ និងមិនអាចប៉ូវកម្លាំង ឬព្យាបាលជំងឺដូចជំនឿមួយចំនួនលើកឡើងឡើយ៕