ភ្នំពេញៈ មូលនិធិគន្ធបុប្ផាកម្ពុជា ប្រកាសធ្វើយុទ្ធនាការ ១ ម៉ឺនរៀល ១ ម៉ឺននាក់ សម្រាប់កុមារកម្ពុជា រយៈពេល ៣០ ថ្ងៃ ដើម្បីប្រមូលថវិកាពីសប្បុរសជនសម្រាប់រក្សាឱ្យបាននិរន្តរភាពនៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំងរបស់ខ្លួនក្នុងការជួយសង្គ្រោះដល់ជីវិតកុមារកម្ពុជា។
សេចក្តីជូនដំណឹងចុះថ្ងៃទី ២៩ ឧសភា របស់មូលនិធិគន្ធបុប្ផាកម្ពុជាឱ្យដឹងថា ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា មូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំយុទ្ធនាការ “១ ម៉ឺនរៀល ១ ម៉ឺននាក់” សម្រាប់កុមារកម្ពុជា រយៈពេល ៣០ ថ្ងៃ ដោយចាប់ដំណើរការពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣។
យុទ្ធនាការនេះ នឹងធ្វើឡើងតាមរយៈបណ្តាញផ្សព្វផ្សាយនានា រួមមានទំព័រហ្វេសប៊ុក និងឆាណែលតេឡេក្រាម ផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ធនាគារដៃគូ និងក្រុមហ៊ុនដៃគូសហការ ក៏ដូចជាតាមរយៈសារព័ត៌មានជាច្រើនផងដែរ ក្នុងគោលបំណងកៀរគរការបរិច្ចាគពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។
មូលនិធិគន្ធបុប្ផាកម្ពុជាបានបញ្ជាក់ថា៖ «យុទ្ធនាការ“ ១ ម៉ឺនរៀល ១ ម៉ឺននាក់” សម្រាប់កុមារកម្ពុជា គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរការបរិច្ចាគ ទោះតិចក្តី ច្រើនក្តី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្ដល់ក្ដីស្រឡាញ់ដល់កុមារនៅកម្ពុជាជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១ មិថុនា ហើយយុទ្ធនាការនេះ ត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិកាបរិច្ចាគជាង ៣០ ម៉ឺនដុល្លារអាមេរិក»។
លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា ក្នុងឆ្នាំ ២០២៣ នេះក៏មិនខុសពីឆ្នាំ ២០២២ ដែរ មូលនិធិគន្ធបុប្ផាកម្ពុជា គ្រោងរៀបចំយុទ្ធនាការ “១ ម៉ឺនរៀល ១ ម៉ឺននាក់” ជាថ្មីម្តងទៀតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ ដោយសង្ឃឹមយ៉ាងមុតមាំថា សប្បុរសជន នឹងចូលរួមកាន់តែច្រើនថែមទៀតក្នុងស្មារតី “ខ្មែរជួយខ្មែរ”។
លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាបានបញ្ជាក់ថា៖ «យុទ្ធនាការនេះ ដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការរក្សាឱ្យបាននិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា»។
មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការឡើងវិញកាលពីឆ្នាំ ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤០ លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង។ នេះបើតាមការអះអាងរបស់លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងន័យនេះ មូលនិធិគន្ធបុប្ផាកម្ពុជា រំពឹងថា៖ «សូមជូនដំណឹងដល់គ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ “១ ម៉ឺនរៀល ១ ម៉ឺននាក់” និងចូលរួមបរិច្ចាគឱ្យបានផុសផុល ដើម្បីជួយសង្គ្រោះកុមារ។ ថវិកាបរិច្ចាគរបស់លោកអ្នកពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា»។
យ៉ាងណាក្តីបន្ទាប់ពីយុទ្ធនាការនេះ ត្រូវបានប្រកាសផ្សព្វផ្សាយ មានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមជាច្រើនបានចូលរួមថវិការបស់ខ្លួនជាបន្តបន្ទាប់ទៅគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ខណៈពួកគេ បានបន្តចែកចាយព័ត៌មានទាំងនេះ ដើម្បីឱ្យមានការចូលរួមបន្ថែមទៀតក្នុងន័យជួយជីវិតកុមារកម្ពុជា។
លោក ទុំ រ៉ា មន្ត្រីមូលនិធិគន្ធបុប្ជាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ឧសភាថា បន្ទាប់ពីបានបង្ហោះជាសាធារណៈ មានអ្នកចូលថវិកា និងការចែករំលែករាប់ពាន់នាក់ ខណៈដែលយុទ្ធនាការក្នុងឆ្នាំនេះ ហាក់មានសម្ទុះនៃការគាំទ្រខ្លាំង។
លោករៀបរាប់ថា៖ «នៅពេលឃើញមានសម្ទុះចូលរួមច្រើនបែបនេះ ខ្ញុំសូមថ្លែងអំណរគុណដែលបានចូលរួមជាមួយយុទ្ធនាការនេះ ព្រោះអ្វីដែលគាត់បានចូលរួមគឺបានបម្រើទៅដល់សុខភាពកុមារទាំង ៥ ទីតាំង ដោយមិនបានរើសអើងក្នុងការទទួលយកកុមារមកព្យាបាលទេ។ ការគាំទ្រផ្ទុះខ្លាំងមែនទែន ដែលទិដ្ឋភាពនេះ ពីមុនៗមក មិនដែលមានទេ ហើយយុទ្ធនាការក្នុងឆ្នាំនេះមានការផុសផុលមែនទែន»។
បើតាមលោក ទុំ រ៉ា មូលនិធិគន្ធាបុប្ជាកម្ពុជា ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១៨ ហើយជាមូលនិធិ ១ ក្នុងចំណោមមូលនិធិចំនួន ២ គឺមូលនិធិ Beat Richner ប្រទេសស្វ៊ីស ដើម្បីរួមគ្នាគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ខណៈក្នុងឆ្នាំ ២០២២ កន្លងមកមូលនិធិគន្ធាបុប្ជាកម្ពុជាបានទទួលថវិកាពីសប្បុរសជនពីគ្រប់ទិសទីប្រមាណ ១៨ លានដុល្លារ។
កញ្ញា ណយ ធានី ពលរដ្ឋម្នាក់ដែលបានចូលរួមថវិកាបន្ទាប់ពីឃើញយុទ្ធនាការនេះ បាននិយាយថា មូលហេតុដែលកញ្ញាចូលរួមពីព្រោះថា ពីមុនមកកញ្ញាក៏ធ្លាប់ជាក្មេងម្នាក់ដែលធ្លាប់ទទួលបានការព្យាបាលពីមន្ទីរពេទ្យនេះដោយមិនគិតថ្លៃផងដែរ។ ការចូលរួមរបស់កញ្ញា ដើម្បីបង្ហាញពីការដឹងគុណសម្រាប់មន្ទីរពេទ្យដែលជួយទៅដល់កុមារកម្ពុជា ខណៈកញ្ញាយល់ថា ការចូលរួមម្នាក់បន្តិចពីប្រជាពលរដ្ឋគ្រប់រូប គឺជាការចូលរួមសម្រួលទៅដល់ការចំណាយនានារបស់មន្ទីរពេទ្យឱ្យបន្ដសកម្មភាពនេះបានយូរអង្វែង។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំគិតថា ការបរិច្ចាគថវិកាសម្រាប់យុទ្ធនាការនេះ អាចជួយសម្រួលទៅដល់ការចំណាយនានារបស់មន្ទីរពេទ្យឱ្យបន្ដសកម្មភាពនេះបានយូរ និងអាចជួយឱ្យកុមារកម្ពុជាដែលមានជំងឺទោះស្រាលក្ដី ធ្ងន់ក្ដី ទទួលបានការព្យាបាលទាន់ពេលវេលា។ មួយវិញទៀតអាចឱ្យអ្នកគ្មានលទ្ធភាពគ្រប់គ្រាន់អាចបញ្ជូនកូនមកកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតដោយមិនយកប្រាក់»៕