ភ្នំពេញៈ ប្រធានា​ធិបតី​ឥណ្ឌា​លោក​ស្រី ដ្រាវផា​ឌី មួរ​មូ (Droupadi Murmu)​បានជំរុញ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ពង្រីក​ទំនាក់​ទំនង​ទេស​ចរណ៍ ​និង​ទំនាក់​ទំនង​រវាង​ប្រជាជន ​និង​ប្រជាជនដើ​ម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​កម្ពុជា​-​ឥណ្ឌា​បន្ថែម​ទៀត​។​

​លោក​ស្រី ​Murmu​ លើក​ឡើង​ដូច្នេះ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃទី​៣០ ​ខែឧសភា​ ជាមួយ​ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ​ នរោត្តម ​សីហ​មុនី ​ព្រះ​មហា​ក្សត្រនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នៅ​វិមាន​ប្រធា​នា​ធិបតី​ឥណ្ឌា Rash​trapati Bhavan​ដែល​ព្រះអង្គ​បាន​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សន​កិច្ច​លើក​ដំបូង​ទៅ​កាន់​ប្រទេស​នេះចាប់​ពី​ថ្ងៃទី​២៩​ ដល់​ថ្ងៃទី​៣១​ ខែ​ឧសភា​។​

​សេចក្តី​ប្រកាស​ព័ត៌​មាន​វិមាន​ប្រធានា​ធិ​បតី​ឥណ្ឌា​បញ្ជាក់​ថា លោក​ស្រី​បានកត់​សម្គាល់​នូវ​សក្ដានុ​ពល​ខ្លាំង​សម្រាប់​កំណើន​បន្ថែម​ទៀត​នៃ​ពាណិជ្ជ​កម្ម និង​ការវិនិយោ​គ​រវាង​ឥណ្ឌា និង​កម្ពុជា ដោយ​លោក​ស្រី​បញ្ជាក់​ថា​៖ «​ឥណ្ឌា​មាន​បំណង​ចង់​លើក​កម្ពស់​ទំនាក់​ទំនង​ការ​ពារ​ជាតិ​ជាមួយ​កម្ពុជា​»​។

​សេចក្តី​ប្រកាស​ព័ត៌មា​ន​នា​ថ្ងៃទី​៣០​ ខែឧសភា ​បញ្ជាក់​ថា​៖ «​លោក​ជំទាវ​ប្រធា​នាធិ​បតី​ក៏បាន​សង្កត់​ធ្ងន់​ផងដែរ​អំពី​ភាព​ចាំ​បាច់​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ពង្រីក​ទំនាក់​ទំនង​ទេស​ចរណ៍​ និង​ទំនាក់​ទំនង​រវាង​ប្រជា​ជន​ និង​ប្រជា​ជន​ ដើម្បី​លើក​កម្ពស់​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២​បន្ថែម​ទៀត​»​។​

​លោកស្រី​​ Murmu​ បាន​កោត​សរសើរ​ចំពោះ​ការចូល​រួម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​សំឡេង​នៃ​បណ្តា​ប្រទេស​ខាង​ត្បូង​(Voice of Global South) កាលពី​ខែកុម្ភៈ​ ឆ្នាំ​នេះ​។​លោក​ស្រី​បាន​អបអរ​សាទរ​កម្ពុជា​ដែល​បាន​បញ្ចប់​តំណែង​ជា​ប្រធាន​អា​ស៊ាន​ដោយ​ជោគ​ជ័យ​កាល​ពី​ឆ្នាំ​មុន​។​

​លោក​ស្រី ​ថ្លែងថា ដំណើរ​បំពេញ​ព្រះរា​ជទស្សន​កិច្ច​របស់​ព្រះអង្គ​នា​ពេល​នេះ​ បង្ហាញ​ពី​សារៈ​សំខាន់​ដែល​កម្ពុជា​ភ្ជាប់​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ឥណ្ឌា ​ហើយ​ថា​៖ «​ប្រទេស​ឥណ្ឌា ​និង​កម្ពុជា​ភ្ជាប់​ទំនាក់​ទំនង​ដ៏​សម្បូ​របែប​ និង​រស់​រវើក​។ យើង​ផ្តល់​តម្លៃ​លើ​ប្រវត្តិ​សាស្ត្រ​រួម​របស់​យើង ​ហើយ​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​បង​ប្អូន​អរិយ​ធម៌​របស់​យើង​»​។​

ដោយ​ឡែក​នៅក្នុង​ពិធី​លៀង​សាយ​ភោជន៍​កិត្តិ​យស​ទទួល​ស្វា​គមន៍​ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច ​ព្រះ​បរម​នាថ​នរោត្តម ​សីហ​មុនី លោក​ស្រី​ប្រធានា​ធិបតី​ ថ្លែង​ថា ប្រទេស​ឥណ្ឌា​មាន​ឯក​សិទ្ធិ​ធ្វើជា​ដៃគូ​ជា​មួយ​ប្រទេស​កម្ពុជា​ក្នុង​ដំណើរ​ស្វែង​រក​ការ​កសាង​ប្រទេស​តាមរយៈ​កា​រកសាង​សមត្ថ​ភាព​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស និង​ការ​ផ្តល់​ជំនួយ​សម្រាប់​គ​ម្រោ​ង​សេដ្ឋ​កិច្ច​សង្គម​។

​លោក​ស្រី ​Murmu​ បន្ត​ថា​ ប្រទេស​ឥណ្ឌា​ជឿ​លើ​ទស្សន​វិជ្ជា​១​ឃ្លា​«VasudhaivaK​utumbakam»​ដែល​មាន​ន័យ​ថា ​«​ពិភព​លោក​គឺជា​គ្រួសារ​តែ​មួយ​» ហើយ​លោក​ស្រី​បន្ថែម​ថា​៖«​ទំនាក់​ទំនង​ពហុ​ភាគី​រវាង​ឥណ្ឌា​ និង​កម្ពុជា ​និង​ព្រះរាជ​វត្ត​មាន​ដ៏​មាន​សារៈ​សំ​ខាន់​របស់​ព្រះ​អង្គ​នៅ​វិមាន​ប្រធា​នាធិ​បតី​ឥណ្ឌា​ជា​មួយ​យើង​នា​ពេល​នេះ គឺជា​ការ​បញ្ជា​ក់នូវ​អត្ថ​ន័យ​ដ៏​ពី​រោះ​នៃ​ឃ្លា​មួយ​នេះ​ដែល​មាន​អាយុ​កាល​ជា​យូរ​លង់​មក​ហើយ​»​។

​លោក​ណារិ​ន​ដ្រា ម៉ូ​ឌី​(Narendra Modi)​នាយក​រដ្ឋម​ន្ត្រី​ឥណ្ឌា ​បាន​​សរសេរ​នៅ​បណ្តាញ T​witter ក្រោយជំនួប​ជា​មួយ​ព្រះអ​ង្គកាលពី​​ថ្ងៃទី​៣០ ​ខែ​ឧសភា ថា ​លោក​មាន​សេចក្តី​សោមន​ស្ស​រីករាយ​ណាស់ ​ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ព្រះអ​ង្គ ​ដោយ​លោក​បញ្ជាក់​ថា​៖ «​យើង​បាន​ផ្លាស់​ប្តូរ​ទស្សន​វិជ្ជមាន​អំពី​ទំនាក់​ទំនង​ដ៏​ជិតស្និ​ទ្ធ​របស់​យើង​លើ​វិស័យ​វប្បធ​ម៌ និង​ទំនាក់​ទំនង​រវាង​ប្រជា​ជន និង​ប្រជាជ​ន​និង​ភាព​ជា​ដៃគូ​អភិវ​ឌ្ឍន៍​»​។​

ដោយ​ឡែក​ក្រសួ​ងការបរទេស​ក​ម្ពុ​ជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​៣១ ​ខែឧសភា ថា ភាគី​ឥណ្ឌា​បានប​ញ្ជាក់​ជាថ្មី​ពី​ការបន្ត​គាំទ្រ​កម្ពុជា​ក្នុងកា​រ​ស្ដារ និង​អភិរក្ស​ប្រាសាទបុ​រាណ និង​សកម្មភាព​សម្អាត​មីន​នៅ​កម្ពុ​ជា ព្រម​ទាំង​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្សេង​ទៀត​ដែល​ផ្ដល់​ផលប្រ​យោជន៍​ទៅវិញទៅម​ក​សម្រាប់​ប្រទេស​ទាំង​២​ នៅ​ក្នុង​បណ្ដា​ឆ្នាំ​ខាងមុ​ខ​។

​ក្រសួង​បញ្ជាក់​ថា​៖ «​ក្នុ​ងអំឡុង​ព្រះរាជស​វនាការ​​ជាមួយ​ព្រះករុណា ព្រះ​មហាក្សត្រ​ ឯកឧត្តម នាយ​ករដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី បាន​ថ្វាយ​សំណើ​ជួស​ជុល​គំនូរ​នៅលើ​ថែវ​​ស្ដីពី​រឿង​រា​មាយណៈ នៅក្នុង​ព្រះបរម​រាជវាំ​ង​​»​។​

​ក្រសួង​បញ្ជាក់​ថា​៖ «​ភាគី​ទាំង​២ បាន​សម្ដែង​ទំនុក​ចិត្ត​យ៉ាង​មុតមាំ​ថា មូ​លដ្ឋាន​ដ៏​រឹងមាំ​នៃ​ទំនាក់​ទំនង​ទ្វេភាគី នឹង​ក្លាយជា​កម្លាំ​ងចលករ​ដ៏​សំខាន់ ​ដើម្បី​បន្ត​ជំរុញ​ឱ្យ​កិច្ចសហ​ប្រតិប​ត្តិការ​ដ៏​ល្អប្រសើរ​លើ​គ្រប់​វិស័យ​ដែល​ជា​ផល​ប្រយោជន៍​រួម​កាន់​តែមាន​ភាព​រីកច​ម្រើន និង​ស៊ីជម្រៅ សំដៅ​ឆ្ពោះទៅរ​ក​អនាគ​ត​ដ៏​ត្រ​ចះត្រចង់ និង​​ប្រកបដោ​យ​​​វិ​បុលភាព​សម្រាប់​ប្រទេស​ទាំង​២»​​។

​ព្រះ​ករុ​ណា​ ព្រះមហា​ក្ស​ត្រ ទ្រង់​សព្វ​ព្រះរាជហឫទ័យ​អញ្ជើញ​លោកស្រី​ Murmu ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវរដ្ឋ​នៅ​​កម្ពុ​ជា តាម​ពេលវេលា​សមស្រប​​។ លោក​ស្រី បាន​សម្ដែង​នូវ​អំណរ​ព្រះរាជ​គុណ​ថ្វាយ ព្រះ​ករុ​ណា ព្រះមហាក្ស​ត្រ និង​ទទួល​យក​ការ​អញ្ជើញ​ដោយ​សេចក្តីសោ​មនស្ស​រី​ករាយ​។

លោក​ យង់ ​ពៅ អគ្គលេ​ខាធិ​ការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​៣១ ​ខែឧសភា ​ថា​ ជា​បទ​ពិសោធន៍​បើ​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រជា​ជន ​និង​ប្រជាជន​នៃ​ប្រទេស​មួយ​និង​ប្រទេស​មួយ​បាន​ គឺ​នាំ​ឱ្យ​ប្រទេស​ទាំង​២​មាន​ទំនាក់​ទំនង​រឹងមាំ​និង​ស្អិត​ល្មួត​។​

​លោក​បាន​លើក​ឧទា​ហរណ៍​ពី​ទំនាក់​ទំនង​រវាង​កម្ពុ​ជា​និង​ចិន​ដែល​បាន​ចូល​ដល់​កម្រិត​មិត្ត​ភាព​ដែក​ថែប​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​ត្បូង​ពេជ្រ​ដោយ​សារតែ​ប្រជាជន​និង​ប្រជាជន​មាន​ទំនាក់​ទំនង​គ្នា​ខ្លាំង​ច្រើន​ជាង​បណ្ដា​ប្រទេស​ផ្សេង​ជា​សាច់​ឈាម​ផង​ ទំនាក់​ទំនង​ដែល​ជំរុញ​ដោយ​រដ្ឋាភិ​បាល​ទាំង​២​ផង​ដែល​នាំ​ឱ្យមាន​កំណើន​វិនិ​យោគ​និង​កំណើន​នៃ​ការ​យល់​គ្នា​។​

​លោកយង់ ពៅ ​ថ្លែង​ថា​៖ «​ដោយ​ឡែក ​ឥណ្ឌា​ប្រសិន​បើ​រុញ​ដល់​ចំណុច​ទំនាក់​ទំនង​ប្រជាជន​និង​ប្រជា​ជន​ជាមួយ​កម្ពុជា​នេះ​គឺ​កាន់​តែ​ល្អ​ ពីព្រោះ​វប្បធម៌​ឥណ្ឌា​និង​វប្បធម៌​កម្ពុជា​នេះ​មាន​លក្ខណៈ​ឆ្លុះ​បញ្ចាំង​គ្នា​ទៅ​វិញ​ទៅមក តាំង​ទី​សម័យ​មុន​មហា​នគរ​មក ​រហូត​មក​ដល់​បច្ចុប្បន្ន​ហ្នឹង​»​។ អ៊ី​ចឹង ការជំរុញ​ទំនាក់​ទំនង​ប្រជា​ជន​និង​ប្រជា​ជន​នេះ​គឺជា​ការ​លើក​កម្ពស់​ទំនាក់​ទំនង​ទ្វេភាគី​ល្អ​។ បើទោះ​ជា​ប្រទេស​ណាក៏​ដោយ​ឱ្យតែ​ជំរុញ​ដល់​ប្រជា​ជន​និង​ប្រជា​ជន​នោះ​នាំឱ្យ​ទាក់​ទង​ប្រទេស​រវាង​ប្រទេស​ហ្នឹង​គឺ​កាន់​តែ​ល្អ​ កាន់​តែ​រឹង​មាំ​»៕

​ក្រសួងការបរទេសកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី៣១ ខែឧសភា ថា ភាគីឥណ្ឌាបានបញ្ជាក់ជាថ្មីពីការបន្តគាំទ្រកម្ពុជាក្នុងការស្ដារ និងអភិរក្សប្រាសាទបុរាណ និងសកម្មភាពសម្អាតមីននៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការផ្សេងទៀតដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ នៅក្នុងបណ្ដាឆ្នាំខាងមុខ។

ក្រសួងបញ្ជាក់ថា៖ «ក្នុងអំឡុងព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះមហាក្សត្រ ឯកឧត្តម នាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី បានថ្វាយសំណើជួសជុលគំនូរនៅលើថែវស្ដីពីរឿងរាមាយណៈ នៅក្នុងព្រះបរមរាជវាំង»។

ក្រសួងបញ្ជាក់ថា៖ «ភាគីទាំង២ បានសម្ដែងនូវទំនុកចិត្តយ៉ាងមុតមាំថា មូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគី នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ដើម្បីបន្តជំរុញឱ្យកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យដែលជាផលប្រយោជន៍រួមកាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅ សំដៅឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ និងប្រកបដោយវិបុលភាពសម្រាប់ប្រទេសទាំង២»។

ព្រះករុណា ព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យអញ្ជើញលោកស្រី Murmu ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា តាមពេលវេលាសមស្រប។ លោកស្រី បានសម្ដែងនូវអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និងទទួលយកការអញ្ជើញដោយសេចក្តីសោមនស្សរីករាយ៕