
ពិធីចុះអនុស្សរណៈរវាងអន្ដរក្រសួងពាក់ព័ន្ធនឹងការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នៅថ្ងៃទី៣១ ឧសភា ។ រូបថត ក្រសួងប្រៃសណីយ៍
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្រសួងបរិស្ថាន និងគ្រឹះស្ថានឧត្ដមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) និងកិច្ចព្រមព្រៀងចំនួន ១១ ដើម្បីដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.)បានឱ្យដឹងថា ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងរួមគ្នានៅថ្ងៃទី៣១ ខែឧសភា ក្រោមអធិបតីនិងហត្ថលេខីដោយលោកជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ត្រីនៃគ្រឹះស្ថានឧត្ដមសិក្សាទាំង៩ផងដែរ។
អនុស្សរណៈនៃការយោគយល់និងកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានេះរួមមាន៖អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារverify.gov.kh,ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងបរិស្ថាន។
សេចក្តីប្រកាសព័ត៌មានបានបន្តថា នាឱកាសនោះក៏មានកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh,ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន៩ផងដែរ។
ការចុះអនុស្សរណៈនេះ ធ្វើឡើងក្នុងគោលបំណង៤សំខាន់គឺការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារចេញដោយក្រសួងបរិស្ថាននិងសញ្ញាបត្រកម្រិតឧត្ដមសិក្សាចេញដោយគ្រឹះស្ថានឧត្ដមសិក្សានីមួយៗ។
ការរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាឌីជីថលសម្រាប់ក្នុងក្រសួងបរិស្ថាននិងនៅតាមគ្រឹះស្ថានឧត្ដមសិក្សា,រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុងក្រសួងបរិស្ថាននិងនៅតាមគ្រឹះស្ថាន និងគោលបំណងចុងក្រោយគឺ សហការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបច្ចេកវិទ្យាឌីជីថល ចំពោះគ្រឹះស្ថានឧត្ដមសិក្សា។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត បានលើកឡើងនាឱកាសនោះថា នេះជាលើកទី៤ ហើយ ដែលក.ប.ទ.បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សានេះ។
លោកបានបន្តថា លើកទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង, លើកទី២ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទី៣ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន១១។
លោកជា វ៉ាន់ដេត បានបញ្ជាក់ថា ៖ «សរុបទាំង៤លើកនេះ មានក្រសួងចំនួន២ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន២១ ដែលចុះអនុស្សរណៈនិងកិច្ចព្រមព្រៀងជាមួយ ក.ប.ទ.»។
សូមរំឭកដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាលដែលអភិវឌ្ឍដោយក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។
បើតាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គ្រឹះស្ថានឧត្តមសិក្សាទាំង៩ដែលបានចុះMoU នាពេលនេះរួមមាន៖ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប,សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល,សាកលវិទ្យាល័យភូមិន្ទកសិកម្ម,សាកលវិទ្យាល័យស្វាយរៀង,សាកលវិទ្យាល័យក្រចេះ,បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា,វិទ្យាស្ថានជាតិសុខភាពសាធារណៈ,វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ៕