ភ្នំពេញៈ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ដែលបានចំណាយថវិកាជាង ៤៤ លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ ខណៈរាជរដ្ឋាភិបាលមានបំណងបន្តសាងសង់ស្ពាន៣បន្ថែមទៀតនៅរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនាពិធីនោះថា ស្ពានឫស្សីកែវជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារទៅកាន់ផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វលេខ៣៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៧ ដោយបានចំណាយរយៈពេលអស់ ៦៨ ខែ និងបានចំណាយថវិកាអស់ ៣៥ លានដុល្លារអាមេរិក។
ចំណែកស្ពានអាកាសឫស្សីកែវ បានបើកការដ្ឋានស្ថាបនាកាលពីខែមករា ឆ្នាំ២០២២ ជាស្ពានហោះនៅលើបណ្ដោយ ផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីនេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១៦ខែ និងចំណាយថវិកាអស់ជាង ៩លានដុល្លារអាមេរិក។
លោក ឃួង ស្រេង មានប្រសាសន៍ថា ៖ «ស្ពានអាកាសឫស្សីកែវជាស្ពានអាកាសទី៦ ដែលបានស្ថាបនារួចក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជនស្របតាមអនុសាសន៍ និងចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺការយកទីក្រុងចិញ្ចឹមទីក្រុង ឬយកស្លឹកត្នោតខ្ចប់ស្ករត្នោត»។
ស្ពានអាកាសចំនួន៦ នៅរាជធានីភ្នំពេញរួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា,ស្ពានអាកាស និងស្ពានក្រោមដីស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសនិងស្ពានក្រោមដីចោមចៅ និងចុងក្រោយនេះជាស្ពានអាកាសឫស្សីកែវ។
ក្នុងពិធីប្រកាសសម្ពោធឱ្យប្រើប្រាស់ស្ពានទាំង២នេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងពីគម្រោងនៃការសាងសង់ស្ពានចំនួន៣បន្ថែមទៀតផងដែរ ដែលនាពេលនោះលោកក៏បានបញ្ជាក់ដែរថា លោកមិនចង់ឱ្យប្រជាពលរដ្ឋចំណាយលុយពេលឆ្លងស្ពាននោះទេ ដែលជាហេតុធ្វើឱ្យទិញយកស្ពានព្រែកព្នៅ។
លោកបានថ្លែងថា ៖ «សម្រាប់ទីក្រុងភ្នំពេញយើងនេះ យើងត្រូវការស្ពាន៣ បន្ថែមទៀត ដែលស្ពាន២អាចនឹងចេញជារូបរាងក្នុងពេលឆាប់ ដែល១គឺ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និង១ទៀតជាផ្លូវល្បឿនលឿន នៅផ្នែកខាងក្រោម ដែលខ្ញុំមិនចង់ឱ្យប្រជាពលរដ្ឋឆ្លងស្ពានពេលណាត្រូវបង់លុយពេលនោះទេ។ ដូច្នេះហើយបានជាយើងត្រូវទិញយកស្ពានព្រែកព្នៅត្រឡប់មកឱ្យរដ្ឋគ្រប់គ្រង»។
នាពិធីនោះដែរ លោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងវិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត ឬយករាជធានីភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ដែលធ្វើឱ្យរាជធានីភ្នំពេញមានការរីកចម្រើនពី១ថ្ងៃទៅ១ថ្ងៃ។
លោកមានប្រសាសន៍ថា ៖ «រាជធានីភ្នំពេញកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយលើការអភិវឌ្ឍក្រោមគោលនយោបាយ និងយុទ្ធសាស្រ្ដ ស្លឹកត្នោតខ្ចប់ស្ករត្នោតដោយយកធនធានផ្ទាល់នៅទីនេះដើម្បីអភិវឌ្ឍឡើងវិញ និងកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្វើការអធ្យាស្រ័យដល់អ្នករត់ទូកដ និងសាឡង់ទាំងឡាយដែលរាជរដ្ឋាភិបាលបានសាងសង់ស្ពានជាច្រើនឆ្លងកាត់ទន្លេ ដែលធ្វើឱ្យផ្ដាច់មុខរបរអ្នករត់ទូកដ និងសាឡាងនៅរាជធានីភ្នំពេញ។
ឆ្លៀតឱកាសនោះ លោកក៏បានបញ្ជាក់ផងដែរថា អ្វីក៏ដោយសុទ្ធតែរស់នៅក្រោមសន្តិភាពដែលកាលពីជាង ៣០ឆ្នាំមុន មិនរំពឹងថា ភ្នំពេញចម្រើនលូតលាស់ដូចពេលបច្ចុប្បន្ននេះឡើយ។
បើតាមការបញ្ជាក់ពីលោក ហ៊ុន សែន ស្ពាន៣ដែលគ្រោងនឹងធ្វើការសាងសង់ឆ្លងកាត់ទន្លេ ក្នុងរាជធានីភ្នំពេញ រួមមាន ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលនឹងបើកការដ្ឋាននៅថ្ងៃ៧ មិថុនា ខាងមុខនេះ និងស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ៕