ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាស្នើឱ្យមានការរៀបចំការដាក់ជាសំឡេងកណ្ដឹងនៅតាមស្តុបចរាចរណ៍នានា ដើម្បីជំនួយដល់ជនមានពិការភាពភ្នែកនៅពេលឆ្លងកាត់ផ្លូវថ្នល់ ខណៈបច្ចុប្បន្ននៅតាមស្តុបចរាចរណ៍នីមួយៗ ពុំទាន់មានសំឡេងសម្រាប់ជំនួយជនពិការភ្នែកនៅឡើយ។
តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងបានលើកឡើងនៅថ្ងៃទី៣០ ខែឧសភា ថា លោកចង់ឱ្យមានសំឡេងកណ្ដឹងជំនួយនៅតាមស្តុបចរាចរណ៍នានាដើម្បីងាយស្រួលដល់ជនមានពិការភាពភ្នែកនៅពេលឆ្លងកាត់ផ្លូវថ្នល់។
លោកថ្លែងបែបនេះនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«អនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាពបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបទដ្ឋានច្បាប់ជាតិក្នុងកិច្ចគាំពារជនមានពិការភាព»នៅខេត្តព្រះសីហនុ។
លោកឯម ច័ន្ទមករា បានថ្លែងថា៖ «បច្ចុប្បន្ននៅតាមផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញនិងខេត្តសំខាន់ៗមួយចំនួនបានរៀបចំផ្លូវសម្រាប់ជនមានពិការភាពប្រើប្រាស់ ខណៈហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ជនមានពិការភាពនៅតាមទីតាំងសាធារណៈក៏ត្រូវបានរៀបចំជាបន្តបន្ទាប់ផងដែរ»។
លោកបានបន្តថា៖«ប៉ុន្តែនៅតាមភ្លើងចរាចរណ៍នីមួយៗពុំទាន់មានសំឡេងសម្រាប់ជនមានពិការភាពភ្នែកនៅពេលឆ្លងកាត់ផ្លូវថ្នល់នៅឡើយទេខណៈដែលពួកគាត់មិនអាចមើលឃើញភ្លើងចរាចរណ៍គឺត្រូវការសំឡេងដែលអាចប្រាប់ថា អាចឆ្លងបានឬមិនទាន់ឆ្លងបាន»។
យោងតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ចំណេះបន្ថែមថ្មីមួយទៀតសម្រាប់សមាជិក សមាជិកានៃក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តព្រះសីហនុដែលជាតួអង្គយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការសម្រេចបាននូវស័ក្តិសិទ្ធិភាពនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនិងបទដ្ឋានច្បាប់ជាតិនានាក្នុងកិច្ចគាំពារដល់ជនមានពិការភាព។
បន្ថែមពីនេះទៀតលោក ឯក ច័ន្ទមករា ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យពិការភាពជាការងារអាទិភាពនៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀតជាពិសេសកម្ពុជាបានដាក់ចេញច្បាប់លិខិតបទដ្ឋាន និងគោលនយោបាយសំខាន់ៗមួយចំនួន ក្នុងការធានានូវការមិនរើសអើងការផ្តល់ឱកាសស្មើភាពគ្នា និងការចូលរួមពេញលេញរបស់បងប្អូនជនមានពិការភាពនៅក្នុងសង្គម។
ជុំវិញរឿងនេះ លោក វិន វិចិត្រ ប្រធានក្រុមយុវជនពិការភ្នែកជំនាន់ថ្មី (Blind New Generation) បានបង្ហាញពីការគាំទ្រនូវគំនិតលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងនេះ។
ក្នុងនាមលោកក៏ជាជនពិការភ្នែកមួយរូបលោកបានប្រាប់ថា វាពិតជាល្អមែនទែន ដែលរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធមានការគិតគូរនិងរៀបចំឱ្យមានការដាក់សំឡេងកណ្ដឹងនៅតាមស្ដុបចរាចរណ៍នានាសម្រាប់ជំនួយដល់ជនមានពិការភាពភ្នែកនៅពេលធ្វើដំណើរឆ្លងកាត់។
ប៉ុន្តែរាល់ការស្នើឱ្យមានការរៀបចំការដាក់កណ្ដឹងសម្រាប់ជំនួយដល់ជនពិការភ្នែកលោកវិន វិចិត្រ ក៏ស្នើឱ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធត្រូវសិក្សាឱ្យបានស៊ីជម្រៅផងដែរពីព្រោះជាបទពិសោធន៍កន្លងមកតាមរយៈការបង្កើតជាផ្លូវសម្រាប់ជនពិការភ្នែកបច្ចុប្បន្ននេះជនពិការភ្នែកនៅមិនអាចប្រើប្រាស់ផ្លូវទាំងនោះបានដោយពេញលេញ និងមានប្រសិទ្ធភាពឡើយ។
លោកបានបន្តថា៖«នេះដោយសារតែការយល់ដឹងរបស់អ្នកពិការភ្នែកបានយល់ដឹងនិងទទួលបានព័ត៌មានពីផ្លូវទាំងនោះមានកម្រិតហើយសម្រាប់ប្រជាពលរដ្ឋទូទៅមួយចំនួនក៏មិនទាន់យល់ច្បាស់ដែរខណៈដែលសព្វថ្ងៃពលរដ្ឋទូទៅបានចតម៉ូតូ ឬក៏លក់ដូរនៅលើផ្លូវទាំងនោះជាដើម»។
បន្ថែមពីនេះលោកសង្ឃឹមថា រាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនឹងរួមគ្នាដើម្បីគិតគូររៀបចំដាក់កណ្ដឹងជំនួយដល់ជនពិការភ្នែកនៅតាមស្ដុបចរាចរណ៍ឱ្យបានស៊ីជម្រៅដើម្បីចៀសវាងកុំឱ្យធ្វើឱ្យតែបាន ប៉ុន្តែជនមានពិការភាព មិនអាចប្រើប្រាស់បាន ដូចជា ការរៀបចំផ្លូវសម្រាប់ជនមានពិការភាព នាពេលកន្លងមកដែរ៕