
លោកឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម ក្នុងជំនួបជាមួយសមាគមអភិរក្សដំរីខ្មែរអៃរាវត្តាកាលពីថ្ងៃទី៣០ឧសភា។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកទឹកចិត្ត ដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាបន្តការបង្កាត់ពូជដំរីបន្ថែមទៀត ហើយលោកនឹងជួយគិតគូររកវិធីសាស្ត្រធ្វើយ៉ាងណា ដើម្បីឱ្យសមាគមមានដំណើរការទៅជានិរន្តរ៍។
លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះ នៅពេលជួបសម្តែងការគួរសមជាមួយសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
លោកបានគូសបញ្ជាក់ថា៖ «ក្រសួងនឹងជួយសមាគម លើបច្ចេកទេស និងអ្នកជំនាញ ព្រមទាំងការផ្សព្វផ្សាយ និងលទ្ធភាពក្នុងការស្វែងរកថវិកាគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធនានាផងដែរ»។
តាមការផ្សាយលើហ្វេសប៊ុក របស់ក្រសួងកសិកម្ម នៅល្ងាចថ្ងៃទី៣០ ខែឧសភាបានឱ្យដឹងថា ក្នុងជំនួបនោះលោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះសមាគម ដែលប្រឹងប្រែងថែរក្សាដំរីស្រុកនៅកម្ពុជា ខណៈបរិមាណដំរីស្រុកនេះ មានចំនួនតិចតួច។
ជាមួយគ្នានោះ លោកក៏បានណែនាំដល់សមាគម ឱ្យគិតគូរដល់សុខុមាលភាពដំរីឱ្យបានល្អ ត្រូវមានផែនការច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចផងដែរ។
អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីខ្មែរ អៃរាវត្តា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៣១ ខែឧសភាថា គោលបំណងនៃការចូលជួបសម្តែងការគួរសមជាមួយលោករដ្ឋមន្ត្រីក្រសួងកសិកម្ម គឺដើម្បីរាយការណ៍ពីសកម្មភាព និងសមិទ្ធផលនានា របស់សមាគមដែលបានធ្វើកន្លងមក។
មួយវិញទៀត គឺដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម និងស្នើសុំការគាំទ្រជាសម្ភារ ឬបច្ចេកទេសផ្សេងៗក្នុងការបង្កាត់ពូជដំរី និងការគាំទ្រថវិកាមួយចំនួន។
អ្នកស្រីថ្លែងថា៖ «ក្នុងជំនួប នាងខ្ញុំបានលើកពីកិច្ចការងាររបស់សមាគម មានដូចជា ការងារអភិរក្សសត្វព្រៃ ព្រៃឈើ តាមរយៈកម្មវិធីដាំដើមឈើជាដើម ហើយនាងខ្ញុំបានលើកពីសកម្មភាពការងារ ពីការបង្កាត់ពូជសត្វដំរី ឱ្យកើតកូនចៅបានច្រើន និងបានលើកពីការរៀបចំកម្មវិធីអេកូទេសចរណ៍នៅក្នុងតំបន់ធនធានធម្មជាតិនៅកន្លែងអភិរក្សដំរីផងដែរ»។
ប្រធានសមាគមអភិរក្សដំរីខ្មែរ អៃរាវត្តា បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលផ្តល់តម្លៃ និងលើកទឹកចិត្តធ្វើឱ្យអ្នកស្រីផ្ទាល់ និងក្រុមការងារសមាជិក-សមាជិកាក្នុងសមាគមទាំងអស់ឱ្យមានទឹកចិត្តខិតខំប្រឹងប្រែង ដើម្បីជំរុញកិច្ចការអភិរក្សដំរីបន្តទៀតបានរលូន ស្របតាមការណែនាំរបស់ក្រសួងកសិកម្ម។
អ្នកស្រី ខៃ ចិន្តា ប្រាប់ថា សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា មានចិញ្ចឹមថែទាំដំរីញី ១ក្បាល ឈ្មោះអ៊ីកែវ និងឈ្មោល ២ក្បាល ឈ្មោះបុកវ៉ា និងខាំសែន។
នៅក្នុងខែធ្នូ ឆ្នាំ២០២១ ដំរីមេ ឈ្មោះអ៊ីកែវ បានផ្តល់កំណើតកូនញី១ក្បាល ឈ្មោះទេវីណូអែល។ ចំណែកនៅដើមខែឧសភា ឆ្នាំ២០២៣នេះ អ៊ីកែវ និងបុកវ៉ា ត្រូវបានក្រុមហ្មដំរីដាក់ឱ្យនៅជាមួយគ្នារហូតដល់ចុងខែមិថុនា ដើម្បីធានាថា ការបង្កាត់ពូជបានផលជាវិជ្ជមាន។
អ្នកស្រីបញ្ជាក់ថា ដំរីទាំងអស់នៅក្នុងសមាគមអភិរក្សដំរីខ្មែរអៃរាវត្តាមានសុខភាពល្អ និងទទួលបានការមើលថែទាំល្អ ដោយក្រុមហ្មដំរី និងមានការណែនាំផ្តល់យោបល់ពីអ្នកជំនាញដំរីផងដែរ។ ជាមួយគ្នានោះ ក៏មានការពិនិត្យសុខភាពដំរី ១ថ្ងៃ ២ដង គឺពេលព្រឹក និងរសៀល ព្រមទាំងមានការបង្ហាត់ដំរីឱ្យលើកជើង ក្រាប និងនៅស្ងៀម ដើម្បីផ្តល់ភាពងាយស្រួលដល់ពេទ្យសត្វក្នុងការព្យាបាលពេលដំរីមានរបួសស្នាម ឬមានជំងឺអ្វីផ្សេងៗ៕